ភ្នំពេញ៖ សម្តេចតេជោហ៊ុនសែន នាព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២០នេះ បានសម្រេចផ្អាក មិនមានការចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរទេ សំរាប់ឆ្នាំនេះ ហើយមន្ត្រីរាជការ និងបុគ្គលិក ទាំងស្ថាប័នរដ្ឋ និងឯកជន កម្មករ ត្រូវធ្វើការ នាថ្ងៃចូលឆ្នាំ ដែលត្រូវលើកនេះ ហើយរដ្ឋ និងសង ថ្ងៃឈប់នេះ៥ថ្ងៃ នាខែ ណាមួយវិញ នាពេលសមស្រប។ សម្តេចតេជោ បានមានប្រសាសន៍បន្តថា៖ ការចូលឆ្នាំ ជាសហគមន៍ មិនអាចធ្វើបានទេ ហើយការដើរលេង តាមកន្លែងទេសចរណ៍នានា ត្រូវបានរឹតបន្តឹងបន្ថែម ..តែការត្រៀម រៀបចំគ្រឿងរណ្តាប់ ទទួលទេព្តា តាមក្រុមគ្រួសារ អាចធ្វើបាន តាមគ្រួសាររៀងៗខ្លួន តែត្រូវប្រុងប្រយ័ត្ន ក្នុងកម្រិតខ្ពស់ ដោយអនាម័យ ខ្លួនប្រាណជាប់ ជាប្រចាំ។

សម្តេចតេជោ នាយករដ្ឋមន្រ្តីបញ្ជាក់ថា៖ ការមិនអោយមានការចូលឆ្នាំខ្មែរ ដែលនឹងមកដល់ប៉ុន្មានថ្ងៃ ខាងមុខនេះ  ជាការការពារ និងទប់ស្កាត់ ពលរដ្ឋ ក្នុងជួបជុំ សប្បាយ (ផឹកស៊ីជល់កែវ) ដែលជាដើមចម ប្រឈមមុខ និងការចម្លងរាលដាល វីរុសកូវីដ១៩ ចូលក្នុងសហគមន៍ ព្រោះមកដល់ពេលនេះ កម្ពុជានៅមិនទាន់មាន ការចម្លងក្នុង សហគមន៍កម្ពុជា នៅឡើយទេ គឺមានតែការ នាំមេរោគចូល ពីក្រៅប្រទេស តែប៉ុណ្ណោះ។

សម្តេចសង្កត់ធ្ងន់ថា៖ យើងមិនបានបិទប្រទេស ឬដាក់បំរាមគោចរឡើយ តែរដ្ឋាភិបាល សូមអង្វរករ អោយពលរដ្ឋស្តាប់គ្នា គឺក្នុងឱកាសចូលឆ្នាំខ្មែរ សប្បាយជាលក្ខណៈក្រុមគ្រួសារ តាមគ្រួសាររៀងៗខ្លួន ក្នុងផ្ទះ ដើម្បីសុវត្ថិភាព និងការពាការឆ្លងរាលនៃវីរុសកូវីដ១៩។ ទោះយ៉ាងណាសម្តេច បញ្ជាក់ថា យើងមិនមានផែនការ ឬច្បាប់ ដាក់ទោសទណ្ឌ ឬផាកពិន័យ ដល់ពលរដ្ឋដែលបំពាន ការអំពាវនាវបែបអង្វករនេះទេ. ក្រៅពីពាក្យថា សូមពលរដ្ឋយោគយល់ តាមរយៈទិសស្លោក( គំលាត នៃការជួបជុំ និងដើម្បី សេចក្តីសុខផ្ទាល់ខ្លួន និងគ្រួសារខ្លួន)៕