លោកឧកញ៉ា ទៀ វិចិត្រ នាំយកសត្វល្មិចឬអណ្តើកសមុទ្រទម្ងន់ធ្ងន់មួយក្បាលទៀត ហើយ ទៅព្រលែងក្នុងសមុទ្រធម្មជាតិ

109

ខេត្តព្រះសីហនុ ៖ លោកឧកញ៉ា ទៀ វិចិត្រ សមាជិកក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២២ បាននាំយកសត្វល្មិច ឬអណ្តើកសមុទ្រទម្ងន់ធ្ងន់មួយក្បាលទៀត ទៅព្រលែងក្នុងសមុទ្រធម្មជាតិវិញ ហើយនេះជាការព្រលែងសត្វល្មិច ឬអណ្តើកសមុទ្រលើកទី១៣១ផងដែរ។

លោកឧកញ៉ា ទៀ វិចិត្រ បានមានប្រសាសន៍ថា គ្រប់ពេលដែលនាំយកទៅព្រលែងម្តងៗ លោកឧកញ៉ាតែងតែមានកឹបសៀលតាមបច្ចេកទេសសម្គាល់សត្វល្មិច ឬអណ្តើកសមុទ្រដែលត្រូវបាន លែងក្នុងសមុទ្រឡើងវិញដែលជាសញ្ញាសម្គាល់ក្នុងគោលការណ៍អភិរក្សសត្វសមុទ្រកម្រជាអន្តរជាតិ ហើយសៀលដែលកឹបលើសត្វល្មិច ឬអណ្តើកសមុទ្រមួយនេះគឺ KH0393។

លោកឧកញ៉ា ទៀ វិចិត្រ បានមានប្រសាសន៍បន្តទៀតថា សត្វល្មិច ឬអណ្តើកសមុទ្រ និងសត្វក្រាស់ ដែល លោកឧកញ៉ាទទួលពីអ្នកនេសាទគឺមិនទាន់មានកឹបសៀលនោះទេ ទើបលោកឧកញ៉ាបានរៀបចំធ្វើការកឹបសៀលរាល់ពេលមុនព្រលែងចូលក្នុងសមុទ្រ ហើយការកឹបសៀលសម្គាល់បែបនេះមានសារៈសំខាន់ណាស់ក្នុងការអភិរក្សសត្វសមុទ្រកម្រជាអន្តរជាតិដោយសារថាប្រសិនបើមានការនេសាទបានសត្វល្មិច ឬអណ្តើកសមុទ្រដែលឃើញមានកឹបសៀលសម្គាល់អ្នកនេសាទនៅក្នុងប្រទេសយើង ឬអ្នកនេសាទតាមបណ្តាប្រទេសនានា នឹងព្រលែងចូលក្នុងសមុទ្រវិញ មិនសម្លាប់ ឬលក់ដូរធ្វើអាជីវកម្មឡើយ។

ជាមួយគ្នានេះ លោក ឧកញ្ញ៉ា ទៀ វិចិត្រ ក៏បានថ្លែងអំណរគុណដល់ស្មារតីសហការរបស់បងប្អូនអ្នកនេសាទដែលចូលរួមជួយការពារអភិរក្សសត្វសមុទ្រកម្រជាសកល ដោយបាននាំយកសត្វល្មិច ឬអណ្តើកសមុទ្រមកប្រគល់ជូនលោកជាបន្តបន្ទាប់ដើម្បីព្រលែងក្នុងសមុទ្រវិញ ៕