កម្ពុជា ទទួលបាន ជំនួយ ១៥០លានដុល្លារ សម្រាប់ អនុវត្ដ កម្មវិធី ASPIRE 2 ពី IFAD

278

ភ្នំពេញ ៖ មូលនិធិអន្តរជាតិសម្រាប់ការអភិវឌ្ឍន៍កសិកម្ម IFAD ប្រចាំនៅកម្ពុជាបានបញ្ជាក់ឱ្យដឹងថា កម្មវិធី ASPIRE 2 បានគ្រោងថវិកាចំនួនជាង ១៥០ លានដុល្លារអាមេរិក ហើយនឹងបន្តអនុវត្តចាប់ពីឆ្នាំ២០២២-២០២៧។

ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងជំនួបជាមួយនឹងក្រុមការងាររៀបចំគម្រោងកម្មវិធីតំណាងសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា និងធនាគារវិនិយោគសហភាពអ៊ឺរ៉ុប (EIB) បានពិភាក្សាកម្មវិធី ASPIRE ដែលសម្រេចការងារជាទីមោទនក្រោយទទួលបានជោគជ័យកន្លងមក។

ជាក់ស្តែង ការសិក្សា និងវាយតម្លៃអំពីប្រសិទ្ធភាពសេដ្ឋកិច្ចសម្រាប់ការវិនិយោគរបស់កម្មវិធី ASPI RE ១ដុល្លារ អ្នកទទួលផល (កសិករទូទាំង២៣ខេត្ត) បានទទួលចំណូលចំនួន ៦៥ដុល្លារ តាមរយ:ការលក់ ផលិតកម្មកសិកម្ម (បន្លែសុវត្ថិភាព) សត្វបក្សី (មាន់ពង និងសាច់) និងត្រី ដោយបានអនុវត្តបច្ចេកទេសថ្មី សមស្រប ធន់នឹងការប្រែប្រួលអាការធាតុ ដែលទទួលបានពីកម្មវិធី ASPIRE។

លោក ម៉េង ស័ក្តិភូសិទ្ធ តំណាង IFAD ប្រចាំកម្ពុជា បានជម្រាបជូនថា បេសកកម្មរបស់ក្រុមការងារលើកនេះមានគោលបំណង ៣ សំខាន់ ៖ ១- កម្មវិធីកាលានុវត្តភាពយុទ្ធសាស្ត្រប្រចាំប្រទេស (កម្មវិធីការងារនៅកម្ពុជា) សម្រាប់ឆ្នាំ២០២២-២០២៧ (Country Strategy Oppotunities Programme, COSOP)។ ២- កម្មវិធី “ផ្តល់សេវាកម្មកសិកម្ម ដើម្បីកំណើនសេដ្ឋកិច្ចនៅទីជនបទប្រកបដោយបរិយាប័ន្ន និងដើម្បីបង្កើនពាណិជ្ជកម្មកសិកម្ម (Agriculture Services Programme for an Inclusive Rural Economy and Agricultural Trade, ASPIRE-AT)។ ៣- គម្រោងស្តីពីការកសាងសមត្ថភាពបន្សំ តាមរយៈការពង្រីកបច្ចេកវិទ្យាថាមពលកកើតឡើងវិញនៅតំបន់ជនបទនៃប្រទេសកម្ពុជា ជំហានទី២ (Building Adaptive Capacity through the Scaling-up of Renewable Energy Technologies in Rural Cambodia, SRET 2)។


លោកបានបញ្ជាក់បន្ថែមថា COSOP នឹងផ្តោតឱ្យកាន់តែស៊ីជម្រៅលើការអភិវឌ្ឍវិស័យកសិកម្មឱ្យស្របគ្នានឹងតម្រូវការក្នុងការធ្វើកសិពាណិជ្ជកម្ម។ កម្មវិធី ASPIRE 2 ផ្តោតជាសំខាន់លើកសិករដែលមានទំហំផលិតកម្មតូច អាចទទួលបានប្រយោជន៍ពីកំណើរផលិតកម្មកសិកម្ម តាមរយ:តម្រូវការទីផ្សារក្នុងស្រុក និងនាំចេញដោយធានាបានគុណភាព និងសុវត្ថិភាពស្របតាមស្តង់ដារតម្រូវ ដោយធ្វើការចងក្រងបណ្តុំផលិត ការអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យាការអនុវត្ត Cam GAP ការប្រើប្រាស់ផ្ទះសំណាញ់ ប្រព័ន្ធដំណក់ទឹក ការប្រើថ្នាំ ជីកសិកម្ម និងធាតុចូលកសិកម្មផ្សេងៗទៀតទៅតាមបច្ចេក ទេសត្រឹមត្រូវ និងការរៀបចំទីផ្សារលក់ផលិតផលនៅតាមសហគមន៍។

ចំពោះកម្មវត្ថុទាំង៣ដូចដែលបានលើកឡើងខាងលើ ឯកឧត្តមរដ្ឋមន្ត្រី បានគាំទ្រ និងរង់ចាំផ្តល់កិច្ចសហការ ដែលធ្វើយ៉ាងណាឱ្យការអនុវត្តកម្មវិធីសម្រេចទទួលបានជោគជ័យទាំងម្ចាស់ជំនួយ រាជរដ្ឋាភិបាល និងអ្នកទទួលផលផ្ទាល់។ ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានស្នើឱ្យមានការជួបប្រជុំពិភាក្សាគ្នាដៃគូអភិវឌ្ឍន៍និងក្រុមការងារអនុវត្តន៍គម្រោងដើម្បីពិនិត្យ និងវាយតម្លៃលើលទ្ធផលសម្រេចបាន ធ្វើយ៉ាងណាឱ្យសកម្មភាពរបស់កម្មវិធី ឬក៏កម្មវត្ថុរបស់កម្មវិធីសមស្របទៅតាមតម្រូវការ និងស្ថានភាពសង្គមជាក់ស្តែង៕