(ម៉ូស្គូ)៖ ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន, ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ និងព្រះចៅ សាលម៉ាន់ នៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត បានព្រមព្រៀងធ្វើការសម្រសម្រួលរួមគ្នាមួយ ដើម្បីឈានទៅរក្សាឲ្យបាន នូវតុល្យភាពតម្លៃប្រេង នៅក្នុងទីផ្សារសកល ចំពោះមុខការរីករាតត្បាត នៃជំងឺ COVID-19 ដែលបាននិងកំពុង ធ្វើឲ្យតម្រូវការប្រេង ធ្លាក់ចុះយ៉ាងគំហុក។ នេះបើតាមការចេញផ្សាយដោយ China Daily នាព្រឹកថ្ងៃសុក្រ ទី១០ ខែមេសា ឆ្នាំ២០២០។

អង្គការប្រេង OPEC និងសម្ព័ន្ធមិត្តរបស់ខ្លួន បានបើកកិច្ចប្រជុំមួយដឹកនាំរុស្ស៊ី កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ដោយក្នុងនោះពួកគេបានព្រមព្រៀងកាត់បន្ថយការផលិតប្រេង ប្រហែលជាង ២០% ហើយនៅក្នុងនោះ OPEC ទាំងមូលក៏បានរំពឹងផងដែរថា សហរដ្ឋអាមេរិក និងដៃគូផ្សេងៗទៀតនឹងធ្វើតាមដូចគ្នានេះ ដើម្បីទប់ទល់ការធ្លាក់ចុះ នៃតម្លៃប្រេងសកល ដែលបាននិងកំពុងបង្កឡើងដោយវីរុសកូរ៉ូណា (COVID-19)។

គួរបញ្ជាក់ថា មេដឹកនាំសហរដ្ឋអាមេរិក រុស្ស៊ី និងអារ៉ាប៊ីសាអូឌីត បានសម្រេចដូចខាងលើនេះ ក្រោយការជួបពិភាក្ សាគ្នាតាមទូរស័ព្ទ កាលពីថ្ងៃព្រហស្បតិ៍ និងត្រូវបានប្រកាសចេញដោយវិមានរដ្ឋាភិបាលរុស្ស៊ី នៅព្រឹកថ្ងៃសុក្រនេះតែម្តង មេដឹកនាំទាំងបីប្រទេស ក៏បានព្រមព្រៀងគ្នា ផងដែរក្នុងការបង្កើតកិច្ចប្រជុំពិសេស អូប៉ិចបូក (OPEC+) ក៏ដូចជាការជួប ពិភាក្សាគ្នាថ្នាក់រដ្ឋមន្ត្រីថាមពល នៃបណ្តាប្រទេស G20 តាមវីដេអូខុនហ្វឺរិននៅក្នុងពេលឆាប់ៗខាងមុខនេះ៕