(ហ្សឺណែវ) បើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី១២ ខែមេសា ឆ្នាំ២០២០ ថា អង្គការសុខាភិបាលពិភពលោក (WHO) នាថ្ងៃសៅរ៍សប្តាហ៍នេះ បានឲ្យដឹងថា ខ្លួនកំពុងស៊ើបអង្កេត លើករណីអតីត អ្នកជំងឺ COVID-19 មួយចំនួន ដែលត្រូវបានធ្វើតេស្តឃើញវិជ្ជមានសាជាថ្មី ក្រោយចាកចេញពីមន្ទីរពេទ្យ ខណៈពីដំបូងឡើយនោះ ពួកគេបានធ្វើតេស្តឃើញអវិជ្ជមាន និងត្រូវចាត់ទុកថាជាសះស្បើយ។

អង្គការសុខាភិបាលពិភពលោក បានបញ្ជាក់ដូច្នេះ យើងបានលឺថា អ្នកជំងឺ COVID-19 មួយចំនួន ដែលពីដំបូងឡើយ ត្រូវបានធ្វើ តេស្តឃើញអវិជ្ជមាននៃ COVID-19 ហើយត្រូវចាត់ទុកថាជាសះស្បើយ និងអនុញ្ញាតឲ្យចាកចេញ ពីមន្ទីរ ពេទ្យ ស្រាប់តែប៉ុន្មានថ្ងៃ ក្រោយមក ត្រូវបានធ្វើតេស្តឃើញវិជ្ជមានជាថ្មីម្តងទៀត ខាងយើងកំពុងព្យាយាមប្រមូល ព័ត៌មានលម្អិតជុំវិញករណីទាំងនោះ។

គួរជម្រាបថា សេចក្តីប្រកាសរបស់អង្គការ WHO ធ្វើឡើង បន្ទាប់ពីកូរ៉េខាងត្បូងបានរាយការណ៍ថា អតីតអ្នកជំងឺ COVID-19 ប្រមាណ៩១នាក់នៅក្នុងប្រទេសខ្លួន ដែលត្រូវបានចាត់ទុកថាជាសះស្បើយនោះ បានធ្វើតេស្តឃើញ វិជ្ជមានសាជាថ្មី។ បើតាមការ អះអាងពីអាជ្ញាធរសុខាភិបាលកូរ៉េខាងត្បូង ពួកគេទាំងនោះពីដំបូងឡើយ សុទ្ធតែត្រូវបាន ធ្វើតេស្តឃើញអវិជ្ជមាន២ដង ក្នុងពេល ២៤ម៉ោង ស្របតាមអនុសាសន៍របស់ WHO មុនពេលចាត់ទុកថាជាសះស្បើយ និងអនុញ្ញាតឲ្យចេញពីពេទ្យ៕