ស្ថានីយផលិតពូជត្រី៧មករា ទទួលសិស្សានុសិស្សចុះទស្សនកិច្ចកម្មសិក្សាមកពីសាលាអន្តរជាតិអាមេរិចកាំងជាង ៥០០នាក់

107

ស្ថានីយផលិតពូជត្រី៧មករា ដែលមានទីតាំងស្ថិតនៅផ្លូវជាតិលេខ២១ ស្ពានទី៧ ភូមិព្រែកខ្សេវ ឃុំរការខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២កន្លងទៅនេះ បានទទួលស្វាគមន៍ដំណើរចុះទស្សនកិច្ច និងកម្មសិក្សារបស់សិស្សានុសិស្សមកពីសាលាអន្តរជាតិអាមេរិចកាំងសរុបជាង៥០០នាក់ ដើម្បីស្វែងយល់ពីវិស័យកសិកម្មលើការចិញ្ចឹមត្រីនៅក្នុងស្ថានីយ និងការចិញ្ចឹមជាលក្ខណៈគ្រួសារនៅក្នុងសហគមន៍។

លោក ហ៊ុល សារួន ចាងហ្វាងមធ្យមសិក្សាបឋមភូមិនៃសាលាអន្តរជាតិអាមេរិចកាំង សាខាទួលគោក ដែលបានដឹកនាំសិស្សានុសិស្សដោយផ្ទាល់បានមានប្រសាសន៍ប្រាប់ឱ្យដឹងថា ជារៀងរាល់ឆ្នាំសាលាតែងមានកម្មវិធីចុះទស្សនកិច្ចនៅតាមតំបន់ និងទីតាំងផ្សេងៗដើម្បីឱ្យសិស្សបានស្វែងយល់ដោយផ្ទាល់ពាក់ព័ន្ធទៅនឹងការរស់នៅប្រចាំថ្ងៃ ការប្រកបអាជីវកម្មរបស់ប្រជាជននៅតាមសហគមន៍ ក៏ដូចជាស្វែងយល់ពីវប្បធម៌ និងទេសចរណ៍នៅតាមតំបន់រមណីយដ្ឋាននានានៅទូទាំងប្រទេស។


លោកបានបន្តថា ដោយឡែកសម្រាប់ដំណើរចុះទស្សនកិច្ចនៅស្ថានីយផលិតពូជត្រី៧មករា ក្រោមវត្តមានសិស្សានុសិស្ស និងលោកគ្រូ អ្នកគ្រូ សរុបជាង៥០០នាក់មកពីសាខាចំនួន៦នៅក្នុងរាជធានីភ្នំពេញ គឺក្នុងគោលបំណងចម្បងចង់ឱ្យសិស្សានុសិស្សទាំងអស់បានស្វែងយល់ដោយផ្ទាល់ពីវិស័យកសិកម្មលើផ្នែកវារីវប្បកម្ម ដែលរួមមានការផលិតពូជត្រី ការចិញ្ចឹមត្រី និងរបៀបនៃការផ្តល់ចំណីត្រីដែលត្រឹមត្រូវ និងមានប្រសិទ្ធភាពខ្ពស់ក្នុងការទទួលបានផលខ្ពស់។

បន្ថែមនេះ បណ្តាសិស្សានុសិស្សដែលមកពីទាំង៦សាខា កម្រិតថ្នាក់ទី៨ទាំងអស់ក៏បានស្វែងយល់ពីការប្រកបមុខរបរ អាជីវកម្ម និងការរស់នៅប្រចាំថ្ងៃរបស់ប្រជាជនក្នុងសហគមន៍នៅតាមបណ្តាស្រុក ខេត្ត ផងដែរ ដែលមានភាពខុសគ្នាពីជីវភាព និងរបៀបរស់នៅរបស់អ្នកនៅក្នុងទីក្រុង។

ជាចុងក្រោយ លោក ហ៊ុល សារួន ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះម្ចាស់ស្ថានីយ៍ផលិតពូជត្រី៧មករា ដែលបានអនុញ្ញាត និងសហការយ៉ាងជិតស្និទ្ធក្នុងការទទួលស្វាគមន៍ដំណើរចុះទស្សនកិច្ចកម្មសិក្សារបស់សិស្សានុសិស្សនៃសាលាអន្តរជាតិអាមេរិចកាំងប្រកបដោយភាពរួសរាយរាក់ទាក់ និងភាពកក់ក្ដៅជាទីបំផុត។


លោក វ៉ិត ធារិទ្ធ អគ្គនាយកក្រុមហ៊ុន VTR Group និងជាម្ចាស់ស្ថានីយផលិតពូជត្រី៧មករា បានបង្ហាញពីក្ដីរីករាយ និងស្វាគមន៍ចំពោះដំណើរទស្សនកិច្ចរបស់សិស្សានុសិស្សទាំងអស់ ដើម្បីចូលរួមក្នុងការផ្តល់នូវចំណេះដឹងពាក់ព័ន្ធទៅនឹងវិស័យវារីវប្បកម្មនៅកម្ពុជា ខណៈដែលជាញឹកញាប់ ស្ថានីយផលិតពូជត្រីរបស់លោកតែងអនុញ្ញាត និងទទួលការស្វាគមន៍ដំណើរទស្សនកិច្ច និងកម្មសិក្សារបស់សិស្ស-និស្សិតជាបន្តបន្ទាប់។ បន្ថែមពីនេះ ក្រៅពីជាកន្លែងផលិតពូជត្រី ស្ថានីយ៧មករា ក៏មានការបណ្តុះបណ្តាលចំណេះដឹង និងជំនាញផ្នែកភ្ញាស់កូនត្រី ផ្នែកចិញ្ចឹមត្រី និងមានលក់កូនត្រីតូចៗក្នុងតម្លៃសមរម្យផងដែរ៕