បន្ទាយមានជ័យ៖ បុរស២នាក់លង់ទឹកស្លាប់ នៅកន្លែងកំសាន្តអូរខៃដន សង្ស័យករណីឆក់ខ្សែភ្លើង។ ហេតុការណ៍នេះបានកើតឡើង នៅវេលាម៉ោង១២.៣០នាទី ថ្ងៃត្រង់ ថ្ងៃទី១៧ខែ មិថុនា ឆ្នាំ ២០២២ នៅកន្លែងកំសាន្តអាងអម្រិតអូរខៃដន ក្នុងភូមិកូនដំរី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត។
ជនរងគ្រោះទី១.ឈ្មោះ ឡេះ ស៊ីណាន ភេទប្រុស អាយុ២៤ ឆ្នាំ មុខរបរ ធ្វើការស៊ីណូ រស់នៅភូមិក៥ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ជនរងគ្រោះទី២.ឈ្មោះ សែម លឹមហៀង ហៅ ពេជ្រ អាយុប្រហែល ២០ឆ្នាំ ត្រូវជាម្ចាស់ខ្យូស អ្នកជួយត្រូវលង់ទឹកស្លាប់ដូចគ្នា។
បើតាមប្រភពមិត្តភក្តិដែលមកញ៉ាំជុំគ្នាបានរៀបរាប់ថា មុនពេលកើតហេតុ ពួកគេមានគ្នា ៧ទៅ៨នាក់ មានប្រុស មានស្រី ជាមិត្តភក្តិធ្វើការនៅកាស៊ីណូជាមួយគ្នា និងបាននាំគ្នាទៅហូបអាហារជុំគ្នា នៅខ្យូសដែលមានយីហោ “យក្សធំម្ហូបឆ្ញាញ់” បន្ទាប់មកទៀត ជនរងគ្រោះបានសុំទៅក្រៅបាត់ប្រហែលកន្លះម៉ោង ពេលមកវិញ ទើបបបួលគ្នីគ្នា ចុះលេងទឹក តែក្រុមមិត្តភក្តិថា មិនទាន់ចង់លេងទេ ជនរងគ្រោះក៏តោងបង្កាន់ដៃស្ពានដែលធ្វើអំពីដែក ចុះទៅក្នុងទឹកក៏ត្រូវខ្សែភ្លើងឆក់ លង់ធ្លាក់ទៅក្នុងទឹកតែម្តង។
ប្រភពដដែលបានបន្តទៀតថា ក្រោយមកនាំគ្នាស្រែកឆោឡោហៅឲ្យគេជួយ ស្រាប់តែមានបុរសម្នាក់ទៀត ជនរងគ្រោះទី២ ចុះទៅជួយតែពេលលោតចូលទឹកស្រាប់តែប្រកាច់ដូចឆក់ខ្សែភ្លើងលង់លិចបាត់ស្រមោលតែម្តង។
ក្រោយពីកើតហេតុ គេសង្កេតឃើញថា អាជ្ញាធរ រួមទាំងកម្លាំងមត្ថកិច្ចចម្រុះ មានកម្លាំងនគរបាល កម្លាំងកងរាជអាវុធហត្ថ និងយោធា ជាច្រើននាក់ កំពុងស្វះស្វែងចុះមុជក្នុងទឹកដើម្បីរាវរកសពជនរងគ្រោះទាំងពីរ ប៉ុនតែរហូតមកទល់ម៉ោង៤នាទីល្ងាចក្នុងថ្ងៃដដែលនេះ នៅមិនរកឃើញនៅឡើយទេ៕
(សៅនៅ)