(ភ្នំពេញ)៖ ដើម្បីជាការចូលរួមក្នុងការបង្ការនឹងទប់ស្កាត់ការរីករាលដាលនៃការឆ្លងជម្ងឺ Covid-19 រាជរដ្ឋាភិបាលកន្លងមកធ្លាប់បានចេញសេចក្តីប្រកាសណែនាំដល់ បងប្អូនកម្មករ-កម្មការិនី ក្រុមហ៊ុននានា និងមន្រ្តីរាជការគ្រប់ស្ថាប័ន្ថ មិនឲ្យឈប់សម្រាក់នៅថ្ងៃបុណ្យចូលឆ្នាំប្រពៃណីខ្មែរនោះទេ ខណៈដែលប្រទេសជាច្រើននៅលើពិភពលោកកំពុងតែរួមគ្នាទប់ស្កាត់ជម្ងឺឆ្លងដ៏កាចសាហាវនេះ។ ហើយនេះជាវិធានការដែលចាំបាច់របស់រាជរដ្ឋាភិបាលក្នុងការបញ្ចៀសកុំឲ្យបងប្អូនខ្មែរយើងមានការឆ្លងជម្ងឺនេះដោយមិនមានការប្រុងប្រយ័ត្ន។ នៅព្រឹកថ្ងៃទី១៣ ខែមេសា នេះផងដែរ រោងចក្រលើសពី៩៥% បានដំណើរការការងារជាធម្មតា ខណៈកម្មកររោងចក្រមួយចំនួនក៏បានមក ធ្វើការជាធម្មតាវិញ និងរោងចក្រមួយចំនួនដែលបិទកាលពី  សប្តាហ៍មុនក៏បានបើកដំណើរការវិញដែរ។

ឯកឧត្តម ហេង សួរ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ បានឲ្យដឹងថា គិតត្រឹមម៉ោង ៧:៣០នាទីព្រឹកនេះ រោងចក្រទាំងអស់ដែលបានដំណើរការកាលពីថ្ងៃសៅរ៍បានបើកដំណើរការធម្មតា។

ដោយឡែករោងចក្រមួយចំនួនទៀតដែលស្ថិតនៅខេត្តកំពង់ស្ពឺដូចជារោងចក្រ អេក្រូ ហ្គាមិន អាយ-អិន-ឌី ខប ជារួមគឺរោងចក្រលើស៩៥%បានដំណើរការ រីឯកម្មករកម្មការិនីរោងចក្រ ក៏បានមកធ្វើការធម្មតា។

គួរបញ្ជាក់ផងដែរថា កម្មករនិយោជិត ដែលបានឈប់ការងារក្នុងអំឡុងពេលចូលឆ្នាំនេះ នឹងត្រូវដាក់ដោយឡែកពីគេឲ្យនៅដាច់ពីគេរយៈពេល ១៤ថ្ងៃ ក្រោយពីថ្ងៃចូលឆ្នាំខ្មែរ ហើយកម្មករនោះនឹងមិនទទួលបានប្រាក់បៀវត្សទេ ប្រសិនជាឈប់ដោយគ្មានការអនុញ្ញាតពីរោងចក្រ។

តាមរយៈសកម្មភាពរបស់បងប្អូនកម្មករយើងក្នុងការបន្តធ្វើការក្នុងរោងចក្រដូចធម្មតា មិនឈប់សម្រាកមិនទៅលេងស្រុកកំណើតក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរនេះ ជាការមួយដ៏ប្រសើរក្នុងការចូលរួមបង្ការ ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងជាមួយជំងឺកូវីដ-១៩ តាមគោលការណ៍របស់រាជរដ្ឋាភិបាលកម្ពុជា ពិសេសដើម្បីការពារភូមិដ្ឋានសហគមន៍នៅ ឯស្រុកកំណើតរបស់ខ្លួន ពីជំងឺកូវីដ-១៩។ ក្នុងនោះដែរ​ រាជរដ្ឋាភិបាលក៏បានចេញសេចក្តីប្រកាសផងដែរថា ​នឹងលើកថ្ងៃឈប់សម្រាក់ជំនួសសងវិញ ចំនួន ៥ថ្ងៃ នៅកាលៈទេសៈណាមួយដែលសមស្របដែលជាការប៉ះប៉ូវជូនបងប្អូនកម្មករ និងបុគ្គលិកបម្រើការងារតាមបណ្តាក្រុមហ៊ុនសហគ្រាសផ្សេងៗផងដែរ។ព័ត៌មានលំអិតសូមធ្វើការតាមដាននៅលើផេកផ្លូវការ របស់អង្គភាពសារព័ត៌មាន ខេម អេស៊ា​​ (CAM ASIA NEWS) ក្រុមការងារយើងនឹងធ្វើការ Update​ ព័ត៌មានបន្ថែមជុំវិញរឿងនេះ។