Bayern បានពិភាក្សាផ្ទៃក្នុង អំពីការទិញយក Ronaldo ពីក្លិប Man United

20

(ប៊ែរឡាំង)៖ ក្លិបម្ចាស់ពានរង្វាន់ជើងឯកលីគអាល្លឺម៉ង់ Bayern Munich បានពិភាក្សាផ្ទៃក្នុង អំពីការអាចចុះកិច្ចសន្យានាំយកខ្សែប្រយុទ្ធ Cristiano Ronaldo ប៉ុន្តែបានសម្រេចបោះបង់ចោលគំនិតនេះវិញ។ នេះបើតាមសម្តីនាយកប្រតិបត្តិក្លិប លោក Oliver Kahn ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ នេះ។

អនាគតរបស់ខ្សែប្រយុទ្ធវ័យ ៣៧ឆ្នាំរូបនេះ នៅក្លិប Manchester United បានក្លាយជាប្រធានបទគួរឲ្យចាប់អារម្មណ៍ បន្ទាប់ពីលោកត្រូវបានគេរាយការណ៍ថា បានប្រាប់ក្លិបថា លោកចង់ចាកចេញ ដូច្នេះលោកអាចលេងនៅពាន UEFA Champions League។ សេចក្តីរាយការណ៍មួយចំនួនក៏បានចុះផ្សាយភ្ជាប់ Ronaldo ជាមួយនឹងការផ្លាស់ទៅលេងឲ្យ Bayern Munich នេះដែរ។ កីឡាករសញ្ជាតិព័រទុយហ្គាល់ ដែលបានស៊ុតបញ្ចូលទី ២៤គ្រាប់ ក្នុងការប្រកួតទាំងអស់សម្រាប់ United កាលពីរដូវកាលមុន ខណៈក្លិបបានបញ្ចប់ នៅចំណាត់ថ្នាក់ទី៦


ក្នុងលីគ Premier League និងបានខកខានការប្រកួត Champions League មិនបានចូលរួមជាមួយក្រុម សម្រាប់ដំណើរ Pre season មុនរដូវកាល នៅក្នុងប្រទេសថៃនោះទេ ដោយអះអាងថា មានបញ្ហាគ្រួសារ។ Robert Lewandowski ដែលជាប់ជាកីឡាកររកគ្រាប់បាល់បានច្រើនជាងគេចំនួន ៧លើកនៃលីគ Bundesliga បានចាកចេញពីក្លិប Bayern Munich កាលពីដើមខែនេះ ដើម្បីចូលរួមជាមួយ FC Barcelona។ សូមជម្រាបថា Bayern ដែលកាលពីរដូវកាលមុនបានឈ្នះពានរង្វាន់ជើងឯក Bundesliga លើកទី១០ ជាប់ៗគ្នានោះ បាននាំយករួចហើយ នូវកីឡាករវ័យក្មេងបារាំង Mathys Tel, ខ្សែការពារហូឡង់ Matthijs de Ligt, ខ្សែប្រយុទ្ធ Sadio Mane ព្រមទាំងកីឡាករ ២រូប មកពីក្លិប Ajax Amsterdam គឺ Ryan Gravenberch និង Noussair Mazrouai៕