ខ្សែការពារ Laporte របស់ Man City អវត្តមានពីការប្រកួតដល់ខែកញ្ញា ក្រោយការវះកាត់ជង្គង់

21

(មេនឆេស្ទឺ)៖ ខ្សែការពារ Aymeric Laporte របស់ក្លិប Manchester City បានទទួលការវះកាត់បញ្ហារបួសជង្គង់ ហើយអាចអវត្តមានពីការប្រកួត រហូតដល់ខែកញ្ញាខាងមុខ។ នេះបើតាមសម្តីអ្នកចាត់ការ Pep Guardiola លើកឡើងនាថ្ងៃសុក្រ មុនជំនួបពាន Community Shield របស់ម្ចាស់ពានរង្វាន់ Premier League នេះ ជាមួយនឹងម្ចាស់ពានរង្វាន់ FA Cup ក្លិប Liverpool។ នេះបើយោងតាមសារព័ត៌មាន CNA ចុះផ្សាយនាថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២២។

ខ្សែការពារកណ្តាលវ័យ ២៨ឆ្នាំ សញ្ជាតិអេស្ប៉ាញ ដើមកំណើតបារាំងរូបនេះ បានខកខានការប្រកួតមុនរដូវកាល របស់ក្លិប City នៅសហរដ្ឋអាមេរិក ក្នុងខែនេះ ដែលពួកគេបានយកឈ្នះលើក្រុម Club America និង Bayern Munich។


“Laporte បានរងរបួស, គាត់បានទទួលការវះកាត់។ កាលពីរដូវកាលមុន គាត់បានលេងប៉ុន្មានប្រកួត ខណៈកំពុងមានរបួស, គាត់បានខិតខំប្រឹងប្រែង ប៉ុន្តែគាត់មិនអាចបន្តធ្វើបែបនោះទៀតទេ”។ នេះបើតាមសម្តីលោក Guardiola បានប្រាប់អ្នកសារព័ត៌មាន។
“គាត់បានទទួលការវះកាត់ ហើយមកទល់ពេលនេះ គាត់ពិតជាមានសុខភាពល្អ ហើយប្រសិនបើវាបន្តល្អបែបនេះ លោកនឹងចាប់ផ្តើមប្រកួតវិញ នៅខែកញ្ញាខាងមុខ”៕