សាលាដំបូងខេត្តព្រះសីហនុ ចេញសេចក្ដីថ្លែងការណ៍បំភ្លឺ ជុំវិញការចាប់ខ្លួនអតីតកីឡាករ ជិន រ៉ា ពាក់ព័ន្ធករណីបង្ខាំងមនុស្ស និងកាន់កាប់អាវុធដោយខុសច្បាប់

39

(ព្រះសីហនុ)៖ សាលាដំបូងខេត្តព្រះសីហនុ បានចេញសេចក្ដីថ្លែងការណ៍មួយបំភ្លឺ ជុំវិញការបង្ហោះព័ត៌មានជុំវិញការចាប់ខ្លួនកីឡាករ ជិន រ៉ា។ បុគ្គលនេះ ត្រូវចាប់ខ្លួនពាក់ព័ន្ធករណីការចាប់ឃុំឃាំង និងបង្ខាំងមនុស្សដោយខុសច្បាប់ នៅសណ្ឋាគារមួយកន្លែង កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២។

ក្នុងសេចក្ដីថ្លែងការណ៍ដែលបណ្ដាញព័ត៌មាន ទទួលបាននៅព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២នេះ អ្នកនាំពាក្យ នៃសាលាដំបូងខេត្តព្រះសីហនុ បានរៀបរាប់យ៉ាងដូច្នេះថា៖
«អ្នកនាំពាក្យ នៃសាលាដំបូងខេត្តព្រះសីហនុ មានកិត្តិយសសូមជម្រាបជូនសាធារណជន និងគ្រប់បណ្ដាញសារព័ត៌មាន មេត្តាជ្រាបថា ថ្មីៗនេះ តាមរយៈបណ្តាញសង្គម បានបង្ហោះផ្សព្វផ្សាយថា «មានការអាណិតជាពន់ពេកចំពោះអតីតកីឡាករ ជិន រ៉ា ដែលពេលនេះកំពុងតែជាប់នៅក្នុងមន្ទីរឃុំឃាំង ដោយពុំមានកំហុសឡើយ» ហើយនៅលើ Page YouTube ផ្លូវការរបស់កញ្ញា ពេជ្រ ចរណៃ ក៏បានបង្ហោះផងដែរថា «ការចាប់ខ្លួនកីឡាករ ជិនរ៉ា កញ្ញា ពេជ្រ ចរណៃ បានបង្ហោះរឿងអយុត្តិធម៌នឹងស្នើដល់ សម្តេចតេជោឲ្យជួយ»។
ដើម្បីជៀសវាងការភ័ន្តច្រលំទៅលើចំណាត់ការពាក់ព័ន្ធនឹងករណីខាងលើនេះ អ្នកនាំពាក្យ នៃសាលាដំបូងខេត្តព្រះសីហនុ មានកិត្តិយសសូមបំភ្លឺ និងជម្រាបជូនសាធារណជន និងគ្រប់បណ្ដាញសារព័ត៌មានដូចខាងក្រោម៖
*ទី១៖ ឈ្មោះ ជិន ភារៀង ហៅ ជិន រ៉ា ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួននៅក្នុងហេតុការណ៍ពាក់ព័ន្ធនឹងការចាប់ឃុំឃាំង និងបង្ខាំងមនុស្សដោយខុសច្បាប់ នៅសណ្ឋាគារមួយ ដែលឈ្មោះ ជិន ភារៀង ហៅ ជិន រ៉ា បម្រើការជាសន្តិសុខ ហើយករណីនេះមិនពាក់ព័ន្ធទៅនឹងការបង្ហាត់បង្រៀនគុនខ្មែររបស់ឈ្មោះ ជិន រ៉ា នោះទេ។

ផ្អែកតាមរបាយការណ៍របស់នគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានបញ្ជាក់ថា កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២ វេលាម៉ោងប្រហែល១០៖០០នាទីព្រឹក គណៈបញ្ជាការឯកភាពខេត្តព្រះសីហនុ រួមជាមួយកម្លាំងជំនាញស្នងការដ្ឋាននគរបាល បានធ្វើការឆែកឆេរ សណ្ឋាគារជីងកាង ក្នុងនោះរកឃើញមានបន្ទប់មួយនៅជាន់ទីពីរ ដែលជាបន្ទប់សម្រាប់បង្ខាំងមនុស្សខុសច្បាប់។
បន្ទាប់ពីការឆែកឆេរបន្ទប់នោះរួច, សមត្ថកិច្ចបានរំដោះនូវជនរងគ្រោះចំនួនពីរនាក់ និងដកហូតសម្ភារៈសម្រាប់ធ្វើសកម្មភាពបង្ខាំងមនុស្ស រួមមាន៖ ដំបងឆក់ កៅអីមានផ្សាដៃចាប់ជើងវិសចាក់បេតុង និងកាំភ្លើងខ្លីមួយដើមម៉ាក SIG SAUER បង់មួយ គ្រាប់ចំនួនដប់ប្រាំមួយ ដែលលាក់នៅក្នុងទូដែករបស់ជនសង្ស័យ WENG GAO YANG។
តាមចម្លើយបញ្ជាក់របស់ជនសង្ស័យឈ្មោះ WENG GAO YANG ថា កាំភ្លើងនេះ គឺបានមកពីឈ្មោះ ជិន ភារៀង ហៅ ជិន វ៉ ដែលមានតួនាទីជាសន្តិសុខ នៅសណ្ឋាគារជីងកាង និងជាអ្នកយាមកាមមិនឲ្យជនរងគ្រោះរត់ចេញពីបន្ទប់។
*ទី២៖ ចំពោះករណីខាងលើនេះ បន្ទាប់ពីទទួលបានសំណុំរឿងពីសមត្ថកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ និងដោយផ្អែកលើភស្តុតាងដែលសមត្ថកិច្ចប្រមូលបាន, អយ្យការអមសាលាដំបូងខេត្តព្រះសីហនុ បានទទួលចាត់ការលើសំណុំរឿងព្រហ្មទណ្ឌលេខ ៣៩៣ ចុះថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២២ និងបានសម្រេច បើកការស៊ើបសួរលើអង្គហេតុខាងលើ និងដាក់ឲ្យស្ថិតនៅក្រោមការពិនិត្យលើឈ្មោះ ជិន ភារៀង ហៅ ជិន រ៉ា ភេទប្រុស ពីបទ ចាប់ឃុំឃាំង និងបង្ខាំងមនុស្សដោយខុសច្បាប់ និងកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត រួមទាំងជនសង្ស័យ៤នាក់ផ្សេងទៀត និងបានបញ្ជូនសំណុំរឿងបន្តទៅតុលាការ។
នៅក្នុងដំណាក់កាលស៊ើបសួរចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តព្រះសីហនុ បានបង្គាប់ឲ្យឃុំខ្លួនជនត្រូវចោទទាំងប្រាំខាងលើ ហើយបានបំពេញកិច្ចនីតិវិធីរបស់ខ្លួន ដោយបានធ្វើការកោះហៅជនត្រូវចោទ មកធ្វើការសាកសួរ, កោះហៅជនរងគ្រោះ, សាក្សី និងបានធ្វើលិខិតជូនដំណឹងបិទការស៊ើបសួរ ជូនមកតំណាងអយ្យការរួចហើយផងដែរ។ ទន្ទឹមនេះ នៅក្នុងសំណុំរឿងនេះ មកដល់បច្ចុប្បន្ន ពុំមានជនត្រូវចោទណាមួយ ត្រូវបានធ្វើការដោះលែងឲ្យនៅក្រៅឃុំជាបណ្ដោះអាសន្ននោះទេ។
*ទី៣៖ ជាថ្មីម្តងទៀត អ្នកនាំពាក្យ នៃសាលាដំបូងខេត្តព្រះសីហនុ សូមគូសបញ្ជាក់ថា ការចាប់ខ្លួនឈ្មោះ ជិន ភារៀង ហៅ ជិន រ៉ា គឺពាក់ព័ន្ធនឹងបទ ចាប់ឃុំឃាំង និងបង្ខាំងមនុស្សដោយខុសច្បាប់ និងកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត ដែលជាបទល្មើសព្រហ្មទណ្ឌ ហើយដែលករណីនេះ មិនជាប់ពាក់ព័ន្ធទៅនឹងការបង្ហាត់បង្រៀនគុនខ្មែររបស់បុគ្គលរូបនេះ ដូចការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន និង Page Youtube មួយចំនួននោះទេ។
ចំពោះសំណុំរឿងនេះ សាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ នឹងពិនិត្យស្រាវជ្រាវដោយយកចិត្តទុកដាក់ និងឲ្យបានត្រឹមត្រូវ ដើម្បីស្វែងរកឲ្យឃើញការពិត ដោយអនុវត្តស្របតាមច្បាប់ និងនីតិវិធីជាធរមាន៕