ភ្នំពេញៈ វិស័យទេសចរណ៍របស់ប្រទេសកម្ពុជា ជាឧស្សាហកម្មដែលងាយរងគ្រោះជាងគេ បើប្រៀបធៀបទៅនឹងវិស័យដទៃទៀត ដោយសារមេរោគរាតត្បាត Covid-19 ហើយវិស័យនេះទៀតសោត ក៏ពិបាកនៅក្នុងការស្តារឡើងវិញ បើទោះបីជា Covid-19 បានបញ្ចប់។ នេះបើតាមប្រសាសន៍របស់លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា។
លោកស្រីបានថ្លែងប្រាប់សារព័ត៌មានក្នុងស្រុកថា សកម្មភាពទេសចរណ៍ នឹងមិនងាយត្រឡប់មកសភាពដើម ក្នុងរយៈពេលឆាប់ៗនេះទេ ព្រោះថាវិបត្តិមេរោគនេះគឺជាវិបត្តិសកលលោក ហើយវាក៏ពាក់ព័ន្ធជាមួយអារម្មណ៍របស់មនុស្ស ក្នុងការធ្វើដំណើរដែរ។ ប្រជាជនទាំងឡាយ ត្រូវការរយៈពេលនៅក្នុងការសន្សំលុយ ដែលពួកគេបានចំណាយអំឡុងវិបត្តិសេដ្ឋកិច្ចពិភពលោកនេះ។
លោកស្រីបន្តថា “យ៉ាងហោចណាស់កន្លះឆ្នាំទៅមួយឆ្នាំទៀត ទើបអ្នកទេសចរចាប់ផ្តើមវិស្សមកាលឡើងវិញ។ ទោះយ៉ាងណា ប្រទេសកម្ពុជាបានត្រៀមខ្លួន រួចជាស្រេចក្នុងការស្វាគមន៍ភ្ញៀវទេសចរបរទេស បន្ទាប់ពីស្ថានភាពត្រឡប់មករកភាពប្រក្រតីវិញ។
លើសពីនេះ លោកស្រីបញ្ជាក់ថា កម្ពុជាត្រូវការរៀបចំជាមុន នៅក្នុងការផ្តល់កញ្ចប់ទេសចរដ៏ទាក់ទាញ រួមជាមួយការផ្តល់ប្រូម៉ូសិន តម្លៃពិសេស និងផ្តល់ឱ្យនូវទស្សនីយភាពចម្រុះ រួមជាមួយទិសដៅអេកូទេសចរណ៍។
យោងតាមទិន្នន័យរបស់ក្រសួងទេសចរណ៍កម្ពុជាបានឱ្យដឹងថា កាលពីឆ្នាំមុន កម្ពុជាទទួលភ្ញៀវទេសចរបរទេសប្រមាណ ៦.៦លាននាក់ ដែលក្នុងនោះមានភ្ញៀវទេសចរចិនច្រើនជាងគេ។ នៅត្រឹមរយៈពេល២ខែ ឆ្នាំ ២០២០នេះ ប្រទេសកម្ពុជាស្វាគមន៍បានភ្ញៀវទេសចរបរទេសប្រមាណជាង ៩សែននាក់។
ជំងឺ Covid-19 បានធ្វើឱ្យប៉ះពាល់ដល់បុគ្គលិក បម្រើការលើវិស័យទេសចរណ៍ប្រមាណ ៦សែននាក់ ហើយក្នុងនោះមានប្រមាណ ៣ម៉ឺននាក់ កំពុងគ្មានការងារធ្វើនៅពេលបច្ចុប្បន្ន៕

LEAVE A REPLY

Please enter your comment!
Please enter your name here