ទីផ្សារស្រូវនៅខេត្តបន្ទាយមានជ័យត្រូវបានឈ្មួញកណ្តាលទិញតំលៃបញ្ចុះរាល់ថ្ងៃ

276

បន្ទាយមានជ័យ៖ ទីផ្សារស្រូវនៅខេត្តបន្ទាយមានជ័យត្រូវបានឈ្មួញកណ្តាលទិញតំលៃបញ្ចុះរាល់ថ្ងៃតាមតែមាត់ថា ប្រជាំកសិករសុំឲ្យ ក្រសួង ជំនាញកំណត់តំលៃឲ្យបានច្បាស់ សម្រាប់ជីវិភាពប្រជាពលរដ្ឋ។
ប្រជាកសិករស្រុកមង្គលបូរីបានប្រាប់ថា៖ នៅខែសីហាឆ្នាំ២០២២នេះប្រជាកសិករកំពុងប្រមូលផលស្រូវ មិនប្រកាន់រដូវ លើកទី២ ដែលមានស្រូវសែនក្រអូប ស្រូវអ៊ីអ៊ា និងស្រូវស្រង៉ែ ដែលជាប្រភេទស្រូវស្រាលដាំរយៈពេលជាង៣ខែទទួលផល ហើយក៏ជាប្រភេទស្រូវការដែលប្រជាកសិករពេញនិយមដាំ នៅខេត្តបន្ទាយមានជ័យ។

ប្រជាកសិករបានបញ្ជាក់ថា៖ ក្រោយពេលដែលប្រជាកសិករប្រមូលផលស្រូវច្រើនរហូតពេលនេះតំលៃស្រូវ ត្រូវឈ្មួញ កណ្តាលទិញបញ្ចុះតំលៃដូចជាស្រូវសែន ក្រអូប១តោនតំលៃ៩,០០០បាត និងស្រូវអ៊ីអ៊ា១តោនតំលៃ៦,៥០០បាត ស្រូវស្រង៉ែ១តោនតំលៃ៨,៨០០បាត បើប្រៀបធៀបប្រមូលផលដំបូងស្រូវសែនក្រអូបក្នុង១តោនតំលៃ១០,៥០០បាត និងស្រូវអ៊ីអ៊ា១តោនតំលៃ៧,៧០០បាត ស្រូវស្រង៉ែ១តោនតំលៃ១០,០០០បាត។

ប្រជាកសិករសំណូមពរដល់ក្រសួងជំនាញមេត្តាជួយសម្រួលទីផ្សារស្រូវក្នុងស្រុកឲ្យបានតំលៃសមរម្យនិងមិនឡើងចុះតាមតែមាត់ឈ្មួញថា និងកំណត់ទិញធ្វើឲ្យប្រជាកសិករបាក់ទឹកចិត្តការបង្កបង្កើនផលស្រូវហើយសុំឲ្យកំណត់តំលៃស្រូវឲ្យបានច្បាស់លាស់ មិនត្រូវឡើងចុះដូចទឹកជំនន់ទោះជាប្រេងសាំង និងម៉ាស៊ូតត្រូវស្រុតតំលៃតែជីថ្នាំកសិកម្មតំលៃនៅ តែឡើងខ្ពស់មិនទាន់ចុះ នៅឡើយ ទើបប្រជាកសិករសុំឲ្យតំលៃស្រូវបើមិនបានឡើងឲ្យបានដូចប្រមូលផលដំបូងអាចទទួលយកបានប្រជាកសិករគ្រាន់សល់ខ្លះ។


ចំណែកឈ្មួញកណ្តាលវិញបានឲ្យដឹងថា៖ ពួកខ្លួនបានទិញស្រូវពីប្រជាពលរដ្ឋនេះ គឺឡើងចុះទៅតាមហាងឆេងរបស់រោងម៉ាស៊ីន ព្រោះខ្លួនទិញពីប្រជាពលរដ្ឋដល់កន្លែងច្រូតនេះ គឺយកចំណេញក្បាលកាក់បន្តិចបន្តួចប៉ុណ្ណោះ ព្រោះត្រូវកាត់ថ្លៃប្រេងសាំងក្នុងការដឹងជញ្ជូន និងថ្លៃកម្មករបើសិនជារោងម៉ាស៊ីនឡើងថ្លៃ ពួកខ្លួនក៏ទិញឡើងដែរ តែបើរោងម៉ាស៊ីនបញ្ចុះតម្លៃ ឈ្មួញកណ្តាលក៏ត្រូវបញ្ជុះតម្លៃតាមដែរ៕(សៅ នៅ)