កំពង់ស្ពឺ៖ កាលពីល្ងាចថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២០ ក្រុមទណ្ឌិតប្រមាណ ៣០នាក់ នៅពន្ធធនាគារខេត្តកំពង់ស្ពឺ បាននាំគ្នាវាយមន្ត្រីពន្ធនាគារឲ្យរងរបួសប្រុងរត់ចេញពីគុក ខេត្តកំពង់ស្ពឺ តែត្រូវបានកម្លាំងនគរបាល និងកងរាជអាវុធហត្ថ សហការដេញចាប់ជនសង្ស័យបានមកវិញទាំងអស់ភ្លាមៗ ។

ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ និងជាអ្នកដឹកនាំប្រតិបត្តិការបង្ក្រាប ក្រុមអ្នកទោសហែកគុករត់នេះ បានប្រាប់សារព័ត៌មានឲ្យដឹងនៅព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០ នេះថា ក្រោយពីទទួលបានដំណឹងភ្លាមៗថា មានក្រុមអ្នកទោសហែកគុក និងវាយមន្ត្រីពន្ធនាគាររត់ចេញ លោកបានបញ្ជាឲ្យកម្លាំងនគរបាលនៃស្នងការដ្ឋានខេត្ត និងកម្លាំងកងរាជអាវុធហត្ថសហការគ្នាបង្ក្រាប និងចាប់ជនដៃដល់ជាអ្នកទោសត្រឡប់យកមកវិញភ្លាមៗ។

ឯកឧត្តមអភិបាលខេត្តបានបន្តថា អ្នកទោសដែលរត់ចេញផុតពីមន្ទីរឃុំឃាំង ក៏ត្រូវចាប់បានមកវិញទាំងអស់ដែរ និយាយរួមមិនដូចពាក្យចចាមអារ៉ាមថា មានអ្នកទោសរត់រួចរាប់រយអ្នកនោះទេ។

ឯកឧត្តមអភិបាលខេត្តសង្កត់ធ្ងន់ថា បើប្រើកម្លាំងនគរបាល និងកម្លាំងកងរាជអាវុធហត្ថមិនធានាបាន លោកនឹងបញ្ជារកម្លាំងយោធាបន្ថែមទៀត ដើម្បីគ្រប់គ្រងសភាពការណ៍។

ចំពោះមូលហេតុដែលនាំឲ្យមានអ្នកទោសប្រុងរត់ និងវាយមន្ត្រីពន្ធនាគារឲ្យរបួសនេះ ដោយអ្នកទោសម្នាក់បានឈឺ ហើយត្រូវយករថយន្តសង្គ្រោះដឹកទៅព្យាបាល ពេលនោះរថយន្តសង្គ្រោះចូលទៅក៏ត្រូវ បានក្រុមអ្នកទោសបះបោរឈាន ទៅវាយមន្ត្រីពន្ធនាគារតែម្តង ហើយមានឱកាសក៏នាំគ្នារត់ចេញពីគុក ប៉ុន្តែត្រូវបានកម្លាំងសមត្ថកិច្ចចាប់បានមកវិញទាំងអស់៕