តាខ្មៅ៖ ដោយយោងតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា​ ក្នុងការអំពាវនាវឲ្យប្រជាពលរដ្ឋរួមគ្នា​ ដើម្បីទប់ស្កាត់បង្ការ​ ពីជំងឺឆ្លង COVID-19 ដោយសំណូមឲ្យប្រជាពលរដ្ឋទូទាំងប្រទេសកម្ពុជា ត្រូវចេះអនាម័យខ្លួន ដោយការប្រើសាប៊ូ ឬទឹកអាល់កុលលាងដៃ និងពាក់ម៉ាស់ពេលធ្វើដំណើរ​​ និងជៀសវាងការជួបជុំគ្នា​ និងគោរពតាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាលកម្ពុជា។

ក្រុមការងារសារព័ត៌មាន CAM ASIA​ រួមនិងសប្បុរសជនជាច្រើនរូប​ បានសហការជាមួយក្រុមការងារសប្បុរសធម៌ ក្តីសង្ឃឹម​ នឹងគ្រោងធ្វើកម្មវិធីចែក​ជាលើកទី២ ​ដែលមានម៉ាស់​​ចំនួន ១ម៉ឺនម៉ាស់ សាប៊ូសំអាតខ្លួន ២០០០ដុំ រួមនិងជែលលាងដៃប្រមាណ ៥០០០ដប​ ជូនប្រជាពលរដ្ឋនៅក្រុងតាខ្មៅដោយឥតគិតថ្លៃ ដោយមានការចូលរួមជាកិត្តិយសដ៏ខ្ពង់ខ្ពស់ពីសំណាក់ថ្នាក់ដឹកនាំខេត្តកណ្តាល ប្រធានមន្ទីរព័ត៌មានខេត្តកណ្តាល អាជ្ញាធរក្រុង. សង្កាត់​ រួមនិងបងប្អូនសប្បុរសជនជាច្រើនរូបផងដែរ។

កម្មវិធីចែកម៉ាស់​ និងជែលលាងដៃជាលើកទី២ នេះ​ នឹងប្រព្រឹត្តិទៅនៅថ្ងៃទី២៥ ខែមេសា​ ឆ្នាំ២០២០ ទីតាំងស្ថិតនៅម្តុំច្រមុះជ្រូក ទល់មុខសួនមាត់ទន្លេតាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល វេលាម៉ោង ៤និង០០នាទីល្ងាច។ គោលបំណងនៃកម្មវិធីចែកម៉ាស់ និងជែលលាងដៃ ដោយឥតគិតថ្លៃនេះ​ បង្កើតឡើងដើម្បីចូលរួមក្នុងការងារជួយសង្គម ក៏ដូចជាជួយសម្រួល​ទុក្ខលំបាករបស់ប្រជាពលរដ្ឋទូទៅ ជាពិសេសសម្រាប់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ឬពុំសូវមានលទ្ធភាពក្នុងការចំណាយប្រាក់ទិញ ម៉ាស និងជែលលាងដៃ​ ដើម្បីបង្ការការពារខ្លួនពីជំងឺឆ្លង COVID-19 ដែលជាជំងឺឆ្លងដ៏កាចសាហាវ ខណៈពិភពលោកកំពុងតែព្រួយបារម្ភបំផុត។

យើងខ្ញុំ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ បងប្អូនសប្បុរសជនទាំងអស់ តែងតែគាំទ្រ និងជួយជ្រោមជ្រែងដល់កម្មវិធីសប្បុរសធម៌ ក្តីសង្ឃឹម របស់សារព័ត៌មាន CAM ASIA ពីដើមរៀងមក ក្នុងគោលដៅជួយការងារសង្គម ក៏ដូចជាការចូលរួមចំណែក ក្នុងការអភិវឌ្ឍប្រទេសជាតិយើង ជាពិសេសខណៈពេលប្រទេសយើងកំពុងទទួលរងនូវជំងឺឆ្លងកូវីដ១៩ នាបច្ចុប្បន្ននេះ ឃើញថាបងប្អូនប្រជាពលរដ្ឋខ្មែរ មានការខ្វាយខ្វល់ និងជួយយកអសារគ្នាតាមរយ:ការបរិច្ចាគធនធាន ទៅតាមលទ្ធភាពរបស់ខ្លួន៕