ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២០នេះ នៅសកលវិទ្យាល័យបេលធី សាខាទួលទំពួង បានបើកវេទិកាវេជ្ជសាស្ត្រកម្ពុជា-ចិន ស្តីពី ស្ថានភាពជំងឺទូទៅនៃជំងឺកូវីដ ១៩ បទពិសោធន៍ និងការចែករំលែក (Cambodia-China Médical Symposium on Overview on CoViD-19, Experiences & Sharing) ដោយមានការអញ្ជើញចូលរួមជាអធិបតីភាពពីសំណាក់ ឯកឧត្តម នួន ផារ័ត្ន អភិបាលរងនៃគណៈអភិបាលរាជធានីភ្នំពេញ សមាជិកគណៈអចិន្ត្រៃយ៍ ស.ស.យ.ក និងជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ។

ក្នុងវេទិការនោះដែរ បានពិភាក្សាអំពីការចែករំលែកបទពិសោធន៍ពីក្រុមវេជ្ជបណ្ឌិតជួរមុខ (Front Line Doctor) នៃសម្ព័ន្ធគ្រូពេទ្យ ស.ស.យ.ក ដែលបានបញ្ចប់បេសកកម្មប្រឆាំងកូវីដ១៩ នៅមន្ទីរពេទ្យជួរមុខនានា ព្រមទាំងការចែករំលែកបទពិសោធន៍ពីប្រធានមន្ទីរពេទ្យ ថ្នាក់ដឹកនាំ និងវេជ្ជបណ្ឌិតជំនាញៗ នៃមន្ទីរពេទ្យទីក្រុង ShenZhen តាមប្រព័ន្ធបច្ចេកវិទ្យា 5G គាំទ្រដោយក្រុមហ៊ុន Huawei Cambodia ។