ភ្នំពេញ÷ នៅថ្ងៃទី០១ រហូតដល់ថ្ងៃទី០២ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម មួង សុធា អគ្គស្នងការរងនគបាលជាតិ និងជាអនុប្រធានលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ នៃក្រសួងមហាផ្ទៃ ព្រមទាំងក្រុមការងារ បាននាំយកអំណោយរបស់ឯកឧត្តមបណ្ឌិត ស៊ាង ប៊ុនលាង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវអគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ហ៊ុន ប៊ុនធឿន ចុះចែកជូនដល់ពលរដ្ឋដែលរងគ្រោះដោយជំនន់ទឹកភ្លៀង បណ្តាលឲ្យលិចលង់ផ្ទះចំនួនពីរខេត្ត គឺខេត្តពោធិ៍សាត់ ចំនួន ៤០គ្រួសារ និងខេត្តបន្ទាយមានជ័យ ចំនួន ៤០គ្រួសារ ។
ឆ្លៀតក្នុងឱកាសចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ ឯកឧត្តម មួង សុធា បានមានប្រសាសន៍ ផ្តាំផ្ញើរការនឹករលឹកពីសំណាក់ឯកឧត្តមបណ្ឌិត ស៊ាង ប៊ុនលាង និងលោកជំទាវ អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ហ៊ុន ប៊ុនធឿន ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ពិសេសពលរដ្ឋដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀងបណ្តាលអោយលិចលង់ដល់ផ្ទះសំបែង ទាំង ៨០គ្រួសារ។ ឯកឧត្តម អគ្គស្នងការរងនគបាលជាតិ បានមានប្រសាសន៍បន្តទៀតថា ក្រោមការដឹកនាំរបស់សម្តេចតេជោ និងសម្តេចកគ្គតិព្រឹទ្ធបណ្ឌិត តែងតែយកចិត្តទុកដាក់គិតគូរដល់បងប្អូនប្រជាពលរដ្ឋ ក្រោមម្លប់សន្តិភាពដ៏កក់ក្តៅជាទីបំផុត តែងតែមានការព្រួយអារម្មណ៍អំពីសុខទុក្ខ និងការលំបាករបស់បងប្អូនដែលកំពុងរងគ្រោះលិចលុងដោយសារជំនន់ទឹកភ្លៀង ខណ:ភ្លៀងនៅតែបន្តធ្លាក់ឥតឈប់ឈរធ្វើឱ្យប៉ះពាល់ដល់ផលដំណាំ ស្រែ ចំការ និងសត្វពាហនៈរបស់បងប្អូន ហើយបច្ចុប្បន្នទឹកនៅតែបន្តជនលិច នៅតាមតំបន់មួយចំនួន ក្នុងប្រទេសកម្ពុជា។ ឯកឧត្តមមួង សុធា បានមានប្រសាសន៍បន្តថា បើសិនជាបងប្អូនជួបបញ្ហាដោយប្រការណាមួយ សូមប្រញ៉ាប់ទាក់ទងទៅអាជ្ញាធរមូលដ្ឋានជាបន្ទាន់ ដើម្បីជួយសម្រួលដល់ទុក្ខលំបាក ក៏ដូចជាការខ្វះខាតរបស់បងប្អូន ឲ្យបានទាន់ពេលវេលា។ ឯកឧត្តម ក៏បានសំណូមពរសូមឲ្យបងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមតំបន់លិចទឹកត្រូវមានការប្រយ័ត្នប្រយែងខ្ពស់ចំពោះកូនចៅ ក៏ដូចជាក្មេងតូចៗ មិនត្រូវឲ្យលេងក្បែរទឹក ឬបណ្តែតបណ្តោយឲ្យនៅម្នាក់ឯងឡើយ ជៀសវាងគ្រោះថ្នាក់ដោយការលង់ទឹក និងពិសេសត្រូវគិតគូរពីបញ្ហាសុខភាពជាចំបង ដោយបរិភោគ ទឹកដាំពុះ ឬទឹកស្អាត និងការរស់នៅប្រកបដោយអនាម័យ ជៀសវាងមានជំងឺឈឺថ្កាត់ ក្នុងរដូវវស្សានេះ។
ជាចុងក្រោយ ឯកឧត្តម សូមថ្លែងអំណរគុណដល់អាជ្ញាធរមូលដ្ឋាន និងអាជ្ញាធរស្រុក-ខេត្ត គ្រប់លំដាប់ថ្នាក់ ដែលបានរាយការណ៍ ក៏ដូចជាយកចិត្តទុកដាក់ និងគិតគូរដល់ប្រជាពលរដ្ឋដែលកំពុងជួបការលំបាកគ្រប់កាលៈទេសៈ រួមទាំងបងប្អូនយុវជន ស.ស.យ.ក ដែលបានមកជួយរៀបចំយ៉ាងខ្នះខ្នែង និងជួយកិច្ចការសង្គមដោយស្ម័គ្រចិត្ត។
គួរបញ្ជាក់ផងដែរថា អំណោយចែកជូនដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់ទឹកភ្លៀង ចំនួនពីរខេត្ត មាន ៤កន្លែង ស្មើរ ៨០គ្រួសារ គឺនៅថ្ងៃទី០១ ខែតុលា ចុះចែកក្នុងភូមិអន្លង់វិល ឃុំអន្លង់វិល ស្រុកកណ្តៀង ខេត្តពោធិសាត់ ចំនួន ៤០គ្រួសារ និងនៅថ្ងៃទី០២ ខែតុលា ចុះចែកក្នុងសង្កាត់ព្រះពន្លា ក្រុងសិរីសោភណ្ឌ័ ខេត្តបន្ទាយមានជ័យ ចំនួន ៤០គ្រួសារទៀត ដោយក្នុង១គ្រួសារទទួលបាន អង្ករ ២៥គីឡូក្រាម, មី ១កេស, ត្រីខ ១យួរ, ទឹកស៊ីអ៊ីវ ១យួរ, ប្រេងឆា១ដប, មុង ១, ភួយ ១, ម៉ាស់ ១ប្រអប់, និងថវិការ ចំនួន ២០,០០០រៀល ផងដែរ ៕
អត្ថបទ និងរូបភាព៖ យ៉ុន ម៉េងស្រ៊ន់