សម្តេចក្រឡាហោម ស ខេង អញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីផែនការការពារគណៈប្រតិភូសម្រាប់កិច្ចប្រជុំកំពូលអាស៊ាន ឆ្នាំ២០២២ និងកិច្ចប្រជុំពាក់ព័ន្ធ១០-១៣ វិច្ឆិកា ២០២២

80

ក្រសួងមហាផ្ទៃ៖ នាថ្ងៃទី ០៥ ខែតុលា ឆ្នាំ២០២២ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំស្តីពីផែនការការពារគណៈប្រតិភូសម្រាប់កិច្ចប្រជុំកំពូលអាស៊ានឆ្នាំ២០២២ និងកិច្ចប្រជុំពាក់ព័ន្ធ១០-១៣ វិច្ឆិកា២០២២ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងឯកឧត្តម នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការបញ្ជាការដ្ឋានអង្គរក្ស ព្រមទាំងមន្ត្រីជាន់ខ្ពស់មួយចំនួនទៀត។

សម្តេចក្រឡាហោម បានបញ្ជាក់ថា នេះជាលើកទី៣ហើយដែលកម្ពុជាទទួលតួនាទីជាប្រធានអាស៊ានប្ដូរវេន ហើយដោយសារការប្រជុំលើកនេះមានវត្តមានថ្នាក់ដឹកនាំប្រទេសដែលមានការពាក់ព័ន្ធនឹងមានការអញ្ជើញចូលរួមយ៉ាងច្រើន ដែលនេះ ជាកិត្តិយស ព្រមទាំងជាព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រសម្រាប់ប្រទេសកម្ពុជាផងដែរ។

ឯកឧត្តម នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងជាប្រធានគណៈកម្មការសន្តិសុខ និងសណ្តាប់ធ្នាប់ បានធ្វើសេចក្តីរាយការណ៍សង្ខេបជូនសម្តេចក្រឡាហោម អំពីផែនការការពារគណៈប្រតិភូសម្រាប់កិច្ចប្រជុំកំពូលអាស៊ាន ឆ្នាំ២០២២និងកិច្ចប្រជុំពាក់ព័ន្ធ ដោយ ឯកឧត្តមបានលើកឡើងថា ក្រុមការងារបានរៀបចំកម្លាំងត្រៀមរួចជាស្រេចនូវការពង្រឹងការការពារសន្តិសុខ ការរក្សាសណ្តាប់ធ្នាប់នៅគោលដៅសំខាន់ៗក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ដើម្បីនាំមកនូវសុខសុវត្ថិភាពជូនដល់គណៈប្រតិភូអន្តរជាតិដែលអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនាពេលខាងមុខ។ ឯកឧត្តមបានបញ្ជាក់បន្ថែមថា គណៈប្រតិភូបរទេសអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធឆ្នាំ២០២២នៅកម្ពុជា ប្រមាណ២៨គណៈប្រតិភូ ដូចជាគណៈប្រតិភូប្រទេសសមាជិកអាស៊ានដោយមិនរាប់កម្ពុជា គណៈប្រតិភូលេខាធិការដ្ឋានអាស៊ាន គណៈប្រតិភូដៃគូពិភាក្សាប្រមាណ១០ និងគណៈប្រតិភូដៃគូអភិវឌ្ឍន៍ រួមទាំងវិស័យផ្សេងៗប្រមាណ៨ទៀត។

ជាមួយគ្នានោះ សម្តេចក្រឡាហោម ស ខេង បានឯកភាព ចំពោះរបាយការណ៍របស់ឯកឧត្តម នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងជាប្រធានគណៈកម្មការសន្តិសុខ និងសណ្តាប់ធ្នាប់ដែលបានធ្វើការរាយការណ៍សង្ខេបចំពោះការរៀបចំការងាររក្សាសន្តិសុខ សុវត្ថិភាពដល់ គណៈប្រតិភូសម្រាប់កិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ។ សម្តេចក្រឡាហោម បានធ្វើការណែនាំដល់ក្រុមការងារធ្វើការទាំងអស់ត្រូវសិក្សារៀនសូត្រ និងដកស្រង់បទពិសោធន៍ពីសំណាក់បណ្តាប្រទេសដែលធ្លាប់បានរៀបចំកិច្ចប្រជុំកំពូលអាស៊ានកន្លងមក ជាពិសេសប្រទេសវៀតណាម ដែលធ្លាប់ធ្វើជាម្ចាស់ផ្ទះនាពេលកន្លងមក។ សម្តេចក្រឡាហោម សខេង សម្តែងនូវការកោតសរសើរចំពោះការប្តេជ្ញាចិត្តរបស់ក្រុមការងារគណៈកម្មការសន្តិសុខ


និងសណ្តាប់ធ្នាប់ ដែលបានរៀបចំផែនការយ៉ាងល្អិតល្អន់។ សម្តេចសង្ឃឹមជឿជាក់ថា ក្រុមការងារនឹងមានលទ្ធភាពពេញលេញក្នុងការធានាបាននូវសន្តិសុខ សុវត្ថិភាព១០០%ក្នុងកិច្ចប្រជុំកំពូលអាស៊ាន ក៏ដូចជាកិច្ចប្រជុំពាក់ព័ន្ធ ជាមួយគ្នានេះសម្តេចក្រឡាហោមបានជូនពរឱ្យបេសកកម្មនេះទទួលបានជោគជ័យដ៏ឧត្តុង្គឧត្តមផងដែរ៕
ដោយ៖នាយកដ្ឋានព័ត៌មានវិទ្យា