យានយន្តល្មើសចំនួន ២០៥គ្រឿង ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ នៅទូទាំងប្រទេស កាលពីថ្ងៃទី១០ ខែតុលា ម្សិលមិញ

68

ភ្នំពេញ ៖ កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ ម្សិលមិញ សមត្ថកិច្ចជំនាញចរាចរណ៍ នៅទូទាំងប្រទេសកម្ពុជា បានដាក់គោលដៅសរុបចំនួន ១៣១គោលដៅ ដើម្បីធ្វើការត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ។

ក្នុងនោះដែរ មានយានយន្តចូលគោលដៅចំនួន ២,០២៨គ្រឿង ម៉ូតូ ១,៥០៦គ្រឿង រកឃើញយានយន្តល្មើសសរុបចំនួន ២០៥គ្រឿង មានម៉ូតូចំនួន ១៤៩គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស។ នេះបើយោងតាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ ស្ដីពីចរាចរណ៍ផ្លូវគោក កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២។

របាយការណ៍ដដែល បានវាយតម្លៃថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការផាកពិន័យយានយន្តល្មើសបានដំណើរការទៅយ៉ាងល្អប្រសើរទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ។

សូមជម្រាបផងដែរថា កាលពីថ្ងៃទី១០ ខែតុលា ម្សិលមិញ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកម្ពុជា បណ្តាលឱ្យ មនុស្ស ស្លាប់ ចំនួន ១នាក់ រងរបួសធ្ងន់ចំនួន ៤នាក់ និងរងរបួសស្រាល់ចំនួន ៣នាក់ (ស្រី ៣នាក់) គឺបានកើតឡើង ដោយសារតែការប៉ះទង្គិចគ្នា ចំនួន ៥លើក៕