ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ និងឯកឧត្តម លូ គឹមឈន់ ចុះពិនិត្យប្រព័ន្ធលូរំដោះទឹកភ្លៀងនៅមុខកំពង់ផែស្វយ័តក្រុងព្រះសីហនុ ច្រកចូលទី១ និងទី២ ដែលបានជន់លិចនៅពេលមានភ្លៀងធ្លាក់ម្តងៗ

81

ព្រះសីហនុ៖ រសៀលថ្ងៃអង្គារ ទី១១ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាប្រធានអគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះសីហនុ បានចុះពិនិត្យប្រព័ន្ធលូរំដោះទឹកភ្លៀងនៅមុខកំពង់ផែស្វយ័តក្រុងព្រះសីហនុ ច្រកចូលទី១ និងទី២ ដែលបានជន់លិចនៅពេលមានភ្លៀងធ្លាក់ម្តងៗដោយ សារលូតូច ដី និងសំរាមហូរចាក់ចូលពេញលូ។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានធ្វើការណែនាំឱ្យមន្ទីរសាធារណការ និងដឹកជញ្ជូន ដែលជាមន្ត្រីជំនាញត្រូវធ្វើការកែ សម្រួលលូចំនួន៣ ឱ្យបានធំជាងមុន រួចតភ្ជាប់ចូលទៅលូធំ ដើម្បីរំដោះជំនន់ទឹកភ្លៀងនៅពេលមានភ្លៀងម្តងៗ ទន្ទឹមនោះក៏ត្រូវបូមស្តារលូចាស់ដែលដីហូរចូល និងសំរាមចូលធ្វើឱ្យមានចរន្តទឹកហូធ្លាក់ចូលទៅលូធំ ដើម្បីរំដោះ ទឹកចេញបានលឿនវាមិនបណ្តាលឱ្យមានជាការជន់លិចនៅពេលមានភ្លៀងម្តងៗ ប្រសិនបើយើងធ្វើការកាយពង្រីក បូមស្តារដីចេញអស់ពីក្នុងលូ តំបន់ដែលលិចនេះមិនរំខានដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ទៀតទេ ម្យ៉ាងទៀតដើម្បីលើកកម្ពស់សោភ័ណភាព អនាម័យ បរិស្ថានក្រុងព្រះសីហនុរបស់យើងកាន់តែមានភាពទាក់ទាញបន្ថែមទៀតផង។

ម្យ៉ាងទៀតខេត្តព្រះសីហនុ កំពុងត្រៀមរៀបចំព្រឹត្តិការណ៍ជាតិសំខាន់មួយចំនួនមានដូចជា ពិធីបុណ្យសមុទ្រ និងមហាសន្និបាតក្លឹបឆ្នេរ សមុទ្រដែលស្អាតជាងគេលើសកលលោកនៅចុងឆ្នាំ ២០២២ខាងមុខ និងឈានទៅរៀបចំការប្រកួតកីឡាស៊ីហ្គេមនៅឆ្នាំ២០២៣ ខាងមុខផងដែរ។ សូមបញ្ជាក់ថា ការពង្រីកលូទាំង៣ និងការបូមស្តារលូនៅមុខកំពង់ផែស្វយ័តក្រុងព្រះសីហនុ កំពង់ផែស្វយ័តក្រុងព្រះសីហនុជាអ្នកចំណាយថវិកា ដោយឡែកបច្ចេកទេសខាងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត៕