ក្មេងកំព្រាជាង១០០នាក់នៅមណ្ឌលកុមារកំព្រាសង្គ្រោះជនអស់សង្ឃឹមទី២ ត្រូវបានជម្លៀសមករកទីទួលសុវត្ថិភាពដោយទឹកជំនន់

74

បន្ទាយមានជ័យ៖ ក្មេងកំព្រាជាង១០០នាក់នៅ “មណ្ឌលកុមារកំព្រាសង្គ្រោះជនអស់សង្ឃឹមទី២” ត្រូវបានជម្លៀសមករកទីទួលសុវត្ថិភាពដោយសារទឹកជំនន់ជន់លិចក្នុងបរិវេណមណ្ឌល នៅល្ងាចថ្ងៃទី១១ខែតុលា ឆ្នាំ២០២២ នៅក្នុងឃុំឬស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។

លោកវរសេនីយ៍ឯក ស៊ិន ណារ៉ាក់ អធិការនគរបាលស្រុកមង្គលបុរី បានឲ្យដឹងថា នៅវេលាម៉ោង៥:៣០នាទីល្ងាច ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២នេះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានចាត់តាំង និងដាក់បទបញ្ជាដល់លោកវរសេនីយ៍ឯក ស៊ិន ណារ៉ាក់ អធិការនគរបាលស្រុកមង្គលបុរី ដឹកនាំកម្លាំងនគរបាលក្រោម ជាច្រើននាក់ សហការជាមួយកម្លាំងសមត្ថកិច្ចពាក់ពន្ធ័ និងអាជ្ញាធរមូលដ្ឋាន ចុះជួយជម្លៀស កុមារកំព្រាប្រុស.ស្រី ចេញពីមណ្ឌល កុមារកំព្រានៅក្នុងមណ្ឌលសង្គ្រោះជនអស់សង្ឃឹមទី២ កំពុង រងការជន់លិចដោយទឹកជំនន់ ធ្វើឲ្យកុមារទាំងនោះមិនអាចស្នាក់នៅបាន ត្រូវតែជម្លៀសទៅកាន់ទីទួលមានសុវត្ថិភាពភ្លាមៗ។


លោកអធិការបញ្ជាក់បន្ថែមថា៖ កុមារកំព្រាប្រុស-ស្រី ចំនួន១១៥នាក់ និង បុគ្គលិកមជ្ឈមណ្ឌល១៧នាក់ ត្រូវបានសមត្ថកិច្ចនិងអាជ្ញាធរជម្លៀសទៅកាន់ទីទួលមានសុវត្ថិភាពភ្លាមៗ ដើម្បីបញ្ចៀសគ្រោះថ្នាក់ផ្សេងៗ និងបង្កលក្ខណ:ងាយស្រួលដល់ការរស់នៅរបស់ប្អូនៗកុមារកំព្រា បច្ចុប្បន្នកុមារកំព្រាទាំងនោះ ត្រូវបានសមត្ថកិច្ច និងអាជ្ញាធរ បានយកទៅឲ្យស្នាក់នៅបណ្តោះអាសន្នផ្សារបុរីជ័យ២ (ផ្សារចំការតាដោក) ស្ថិតក្នុងភូមិចំការតាដោក ឃុំឬស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ៕


(សៅនៅ)