ព្រុចសែល៖ អគ្គលេខាធិការអង្គការណាតូ លោក ជែន ស្តូលធិនប៊ឺគ ក្នុងថ្ងៃអង្គារសប្តាហ៍នេះថ្លែងថា ណាតូនឹងជំរុញទៅមុខ ជាមួយការធ្វើសមយុទ្ធនុយក្លេអ៊ែរ ដែលបានគ្រោងទុកជាយូរមកហើយ នៅសប្តាហ៍ក្រោយ បើទោះបីជាមានភាពតានតឹងកើនឡើងជុំវិញសង្គ្រាមនៅអ៊ុយក្រែន។
គួរបញ្ជាក់ថា សមយុទ្ធដែលគេស្គាល់ឈ្មោះថា “Steadfast Noon” ត្រូវបានធ្វើឡើងជារៀងរាល់ឆ្នាំ ហើយជាធម្មតាធ្វើឡើងប្រហែលមួយសប្តាហ៍។ វាពាក់ព័ន្ធនឹងយន្តហោះចម្បាំងដែលមានសមត្ថភាពផ្ទុកក្បាលគ្រាប់នុយក្លេអ៊ែរ ប៉ុន្តែមិនពាក់ព័ន្ធនឹងគ្រាប់បែកផ្ទាល់ទេ។ យន្តហោះធម្មតា យន្តហោះឃ្លាំមើល និងយន្តហោះចាក់ប្រេងក៏ចូលរួមជាប្រចាំដែរ។ ប្រទេសចំនួន ១៤ ក្នុងចំណោមប្រទេសសមាជិកណាតូទាំង ៣០ នឹងចូលរួមនៅក្នុងសមយុទ្ធដែលត្រូវបានគ្រោងទុក មុនពេលរុស្ស៊ីចូលឈ្លានពានអ៊ុយក្រែនក្នុងខែកុម្ភៈកន្លងមកនេះ។ មន្ត្រីអង្គការណាតូម្នាក់បាននិយាយថា ផ្នែកសំខាន់នៃសមយុទ្ធខាងលើ នឹងត្រូវធ្វើឡើងនៅចម្ងាយជាង ១,០០០គីឡូម៉ែត្រពីប្រទេសរុស្ស៊ី៕
Home ព័ត៌មានអន្តរជាតិ អង្គការ NATO នឹងធ្វើសមយុទ្ធនុយក្លេអ៊ែរដូចតាមការគ្រោងទុក ទោះបីជាមានការព្រមានពីរុស្ស៊ី