គ្រាន់តែគ្នាចូលទៅប្រាប់កុំឱ្យចាក់ធុងបាស់លឺពេក ព្រោះយប់ជ្រៅហើយ ដេកមិនលក់ទេ ព្រួតវាយគ្នារហូតដល់សន្លប់

98

ភ្នំពេញ ៖ កាលពីវេលាម៉ោង១១និ២០នាទីយប់ ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ មានករណីប្រើអំពើហិង្សាមួយបានកើតឡើងរវាងកម្មករសំណង់ និងកម្មករសំណង់ដូចគ្នាបណ្តាលឱ្យកម្មករសំណង់ម្នាក់បានសន្លប់ស្តូកស្តឹង ។

បើតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា ករណីប្រើអំពើហិង្សានេះបានកើតឡើង ដោយសារតែក្រុមកម្មករសំណង់មួយក្រុមបាននាំគ្នាផឹកស៊ី ហើយចាក់ធុងបាស់លឺៗ ហើយក៏មានបុរសជាកម្មករសំណង់ម្នាក់ទៀតបានដើរទៅប្រាប់កុំឱ្យចាក់ធុងបាស់លឺខ្លាំងពេកបន្ថយសម្លេងបន្តិចទៅ ព្រោះយប់ជ្រៅហើយ គាត់ដេកមិនលក់ទេ ក៏បានបង្កឱ្យមានការឈ្លោះប្រកែកគ្នារហូតប្រើអំពើហិង្សាទៅលើបុរសម្នាក់ដែលទៅប្រាប់នោះ បណ្តាលឱ្យសន្ល.ប់ស្តូកស្តឹងនៅនឹងកន្លែងកើតហេតុតែម្តង។ហេតុការណ៍នេះបានកើតឡើងនៅចំណុចការដ្ឋានសំណង់មួយកន្លែង ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។

ប្រភពដដែលបានឱ្យដឹងទៀតថា នៅមុនពេលកើតហេតុ គឺក្រុមបង្កទាំងនោះបាននាំគ្នាផឹកស៊ីតាំងពីក្បាលព្រលប់រហូតដល់យប់ជ្រៅនៅមិនទាន់ឈប់ទៀត។ នៅពេលកើតហេតុនោះ ក៏មានអ្នកចូលទៅជួយដែរ ប៉ុន្តែក្រុមកម្មករទាំងនោះមិនបានស្ដាប់ឡើយ ហើយថែមទាំងវាយទៅលើពួកគាត់អ្នកចូលទៅឃាត់ថែមទៀត ។

ពេលឃើញដូច្នេះ សន្តិសុខដែលយាមនៅជិតនោះ ក៏បានតេទៅប្ដឹងកម្លាំងកងរាជអាវុធហត្ថខណ្ឌចំការមន ឱ្យចុះមកអន្តរាគមន៍ ដោយឃាត់បានបុរសពីរនាក់ជាអ្នកបង្ក រួចនាំខ្លួនយកទៅកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខណ្ឌ ដើម្បីធ្វើការសួរនាំ និងកសាងនីតិវិធីទៅតាមផ្លូវច្បាប់ ៕