កូរ៉េខាងត្បូង៖ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា អមដំណើរដោយសហគ្រិនក្នុងស្រុក បានអញ្ជើញទៅទស្សនកិច្ចនៅប្រទេសកូរ៉េខាងត្បូង ដើម្បីចូលរួមកម្មវិធីនៃគម្រោង Task Project ដែលមានលោកជំទាវ ហង្ស លីណា ទទួលបន្ទុកអគ្គនាយកវិទ្យាស្ថានជាតិស្ថិតិ តំណាងប្រតិភូរាជរដ្ឋាភិបាលកម្ពុជា រួមនិងក្រុមសហគ្រិនក្នុងស្រុកជាច្រើនរូបទៀត។ កម្មវិធីទស្សនកិច្ចសិក្សានេះមានរយៈពេល ៧ថ្ងៃ គឺចាប់ពីថ្ងៃទី១៥ ខែតុលា រហូតដល់ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២។
កម្មវិធី Task Project គឺជាគម្រោងក្រោមកិច្ចសហប្រតិបត្តិការ និងជំនួយរវាងសហគ្រិន និងរដ្ឋាភិបាលកូរ៉េ ជាមួយនិងសហគ្រិន និងរាជរដ្ឋាភិបាលកម្ពុជា ក្នុងគោលដៅដើម្បីជួយទៅលើផ្នែកបច្ចេកទេស ក៏ដូចជាគម្រោងវិនិយោគផ្សេងៗលើវិស័យវាយនភណ្ឌក្នុងប្រទេសកម្ពុជា ។
លោក លី សំណាង ជាវិនិយោគិនក្នុងស្រុកមួយរូបនៃក្រុមហ៊ុនអប្សារា ហ្គាមេន ដែលមានវត្តមានអញ្ជើញចូលរួមក្នុងកម្មវិធីនេះដែរ បានប្រាប់ CAM ASIA NEWS ឲ្យបានដឹងថា៖ កម្មវិធីទសន្សកិច្ចនេះ គឺជាជំនួយក្រោមកិច្ចសហការរវាងក្រសួងឧស្សាហកម្ម និងសមាគមន៍វាយនភ័ណ្ឌកូរ៉េ តាមរយៈគំរោង TASK ដែលសំរបសំរួលដោយមជ្ឈមណ្ឌល DyeTech ។ ហើយសព្វថ្ងៃគំរោងនេះកំពុងដំណើរការជាមួយប្រទេសកំពុងអភិវឌ្ឍចំនួន៥ នាពេលបច្ចុប្បន្នផងដែរ ។ លោក លី សំណាង បានឲ្យដឹងទៀតថា៖ ដោយការស្រាវជ្រាវលើផ្នែកវាយនភ័ណ្ឌនៅប្រទេសកូរ៉េខាងត្បូង មិនផ្តោតតែលើសំលៀកបំពាក់ តែមួយមុខប៉ុណ្ណោះនោះទេ គឺផ្តោតលើ Fiber ដែលគេអាចផលិតជាសម្លៀកបំពាក់ដែលផ្សារភ្ជាប់ជាមួយឧស្សាហកម្ម 4.0 ដែលជាបច្ចេកវិទ្យាទំនើប និងផ្តល់អត្ថប្រយោជន៍ជាច្រើនដល់អ្នកប្រើប្រាស់។
លោកបានបញ្ជាក់ថា Fiber ដែលផលិតធ្វើជាខោអាវបានភ្ជាប់ជាមួយ Sensor ផ្តល់ពត៌មានទៅទិន្នន័យ Cloud និងមានមុខងារក្នុងការរុញការវិភាគស្ថានភាពសុខភាពរបស់មនុស្សទៅកាន់មន្ទីរពេទ្យ ដែលជាសេវាកម្មថែរក្សា និងគាំពារសុខភាពរបស់អ្នកប្រើប្រាស់។ មិនតែប៉ុណ្ណោះ Fiber គេអាចផលិតធ្វើជា ឆ្អឹង ឬបេះដូងសប្បនិមិត្ត , ផលិតផលគ្រឿងសំអាង , កង់ឡាន , សម្លៀកបំពាក់ឯកទេស , និងសំភារៈប្រើប្រាស់ជាច្រើនទៀត។
ក្នុងឱកាសដំណើរទស្សនកិច្ចនេះ លោក លី សំណាង ក៏បានជួបពិភាក្សាជាមួយនាយកក្រុមហ៊ុនល្បីៗប្រចាំប្រទេសកូរ៉េជាច្រើនរូប និងបានស្វែងយល់អំពីលក្ខណៈបច្ចេកវិជ្ជាទំនើបចុងក្រោយ រួមទាំងអត្ថប្រយោជន៍ជាច្រើន នៃគម្រោងខាងលើ ហើយលោកក៏បានលើកឡើងអំពីសក្តានុពលនៃវិស័យវាយនភណ្ឌក្នុងប្រទេសកម្ពុជា ការលើកទឹកចិត្តរបស់រាជរដ្ឋាភិបាលសម្រាប់វិនិយោគិនក្រៅស្រុក និងបានបង្ហាញពីភាពខ្លាំងរបស់វិនិយោគិនម្ចាស់ស្រុក ក្នុងគោលបំណងជំរុញលើកទឹកចិត្តដល់វិនិយោគិនក្រៅប្រទេស អាចមានឱកាសចូលមកវិនិយោគនៅក្នុងប្រទេសកម្ពុជា។
ភាគីខាងកូរ៉េខាងត្បូង បានឆ្លើយតបយ៉ាងវិជ្ជមានថា៖ កូរ៉េខាងត្បូង ពិតជារីករាយ និងមានចំណាប់អារម្មណ៍ខ្លាំងចំពោះគោលដៅវិនិយោគនៅក្នុងប្រទេសកម្ពុជា ដោយផ្អែកលើ សក្តានុពលនៃវិស័យវាយនភណ្ឌ គោលនយោបាយរបស់រាជ រដ្ឋាភិបាល រួមនិងកិច្ចសហការភាពជាដៃគូនៃក្រុមអ្នកវិនិយោគិនក្នុងប្រទេសកម្ពុជា ហើយខាងភាគីកូរ៉េ នឹងអញ្ជើញទៅទសន្សកិច្ចនៅកម្ពុជា ក្នុងពេលឆាប់ៗខាងមុខនេះ ដើម្បីពិនិត្យគំរោងវិនិយោគរបស់កម្ពុជា និងនាំយកបច្ចេកវិជ្ជាទំនើបចុងក្រោយ ដែលអាចជួយដល់វិស័យវាយនភណ្ឌនៅក្នុងប្រទេសកម្ពុជា ផងដែរ ។
គួរបញ្ជាក់ថា កម្មវិធីទស្សនកិច្ចនេះ ក្នុងគោលបំណងដើម្បីស្វែងយល់បច្ចេកវិទ្យាថ្មីៗ និងស្វែងរកឱកាសទាក់ទាញវិនិយោគិនបរទេសមកធ្វើជាដៃគូវិនិយោគនៅកម្ពុជា។
ដំណើរទសន្សនកិច្ចមានរយៈ ៧ថ្ងៃ នៅប្រទេសកូរ៉េខាងត្បូង ដោយមានចំនួន ៥គោលដៅ រួមមាន៖ ១-ទស្សនកិច្ចនៅមជ្ឍមណ្ឌល DyeTech ដែលជាមជ្ឍមណ្ឌលស្រាវជ្រាវ និងបណ្តុះបណ្តាលបច្ចេកទេសលើវិស័យវាយនភ័ណ្ឌរបស់កូរ៉េ, ២-ទស្សនកិច្ចមន្ទីរពិសោធន៍ និងក្រុមហ៊ុនផលិតក្រណាត់ ក្នុងសួនឧស្សាហកម្ម DaeGu, ៣-ទស្សនកិច្ច និងជំនួបជាមួយក្រុមវិនិយោគក្រុមហ៊ុនកូរ៉េល្បីៗចំនួន៦, ៤-ទស្សនកិច្ចនៅសារមន្ទីរវាយនភ័ណ្ឌកូរ៉េ និង ៥- កម្មវិធីពិព័រអន្តរជាតិផ្នែកសំលៀកបំពាក់ ស្បែកជើង ការច្នៃម៉ូត និងបច្ចេកវិទ្យាសំលៀកបំពាក់ ឆ្នាំ2022 នៅទីក្រុងប៊ូសាន ៕