(ភ្នំពេញ)៖ ថ្ងៃដំបូង នៃការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក នៃការផាកពិន័យតាមអនុក្រឹត្យលេខ៣៩ មានម៉ូតូនិងរថយន្ដប្រមាណ១៨០០គ្រឿងដែលល្មើសនឹងច្បាប់ហើយត្រូវសមត្ថកិច្ចឃាត់ដើម្បីធ្វើការផាកពិន័យនៅទូទាំងប្រទេសនៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២០នេះ ។

នៅរសៀលថ្ងៃទី១ ខែឧសភា ​ឆ្នាំ២០២០នេះ នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានបញ្ជាក់ថាបានថ្លែងប្រាប់អង្ភភាព CamAsia ថា ចាប់ពីវេលាម៉ោង ៧ ដល់ម៉ោង ១០ព្រឹក ថ្ងៃទី១ ខែឧសភានេះ កម្លាំងនគរបាលចរាចរណ៍ទូទាំងប្រទេស បានឃាត់រថយន្ត និងម៉ូតូ ប្រមាណ ១៨០០គ្រឿង ដែលល្មើសចរាចរណ៍ ហើយត្រូវបានផាកពិន័យតាមច្បាប់។

មានម៉ូតូ និងរថយន្ដ ៩៨០គ្រឿង សម្រាប់តែភូមិសាស្រ្តរាជធានីភ្នំពេញ ដែលសមត្ថកិច្ចធ្វើការឃាត់ដោយ សារការល្មើសច្បាប់ចរាចរណ៍នេះ ក្នុងនោះមានម៉ូតូ៩០០គ្រឿង និងរថយន្ត ៨០គ្រឿង។

ចំពោះការដាក់ចេញវិធានការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកនេះ ដើម្បីជាការឆ្លើយតបនឹងភាពអាសន្ន នៃគ្រោះថ្នាក់ចរាចរណ៍ ដែលមានកំណើនយ៉ាងគំហុកជារៀងរាល់ថ្ងៃ បានបណ្ដាលឱ្យមានអ្នកស្លាប់ របួសពិការ និងបង្កឱ្យមានការវិនាសព្រាត់ប្រាស់ក្នុងក្រុមគ្រួសារជាដើម ។