ប្អូនស្រីរបស់មេដឹកនាំកូរ៉េខាងជើង រិះគន់រដ្ឋាភិបាលលោក យូន ស៊ុកយុល ជុំវិញការពិភាក្សាអំពីការដាក់ទណ្ឌកម្មទៅលើទីក្រុងព្យុងយ៉ាង

49


កាលពីថ្ងៃព្រហស្បតិ៍ ប្អូនស្រីរបស់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុនអ៊ុន បានរិះគន់រដ្ឋបាលលោក យូន ស៊ុកយុល របស់កូរ៉េខាងត្បូងសម្រាប់ការស្វែងរកការដាក់ទណ្ឌកម្មឯករាជ្យបន្ថែមទៀតទៅលើទីក្រុងព្យុងយ៉ាង ដោយបានហៅវាថាជា «ឆ្កែដ៏ស្មោះត្រង់» ចំពោះទីក្រុងវ៉ាស៊ីនតោន។
លោកស្រី គីម យ៉ូជុង អនុប្រធាននាយកដ្ឋាននៃគណៈកម្មាធិការមជ្ឈិមបក្សពលករកូរ៉េ បានរិះគន់យ៉ាងចាស់ដៃថា កូរ៉េខាងត្បូងបានចាត់ទុកសមយុទ្ធយោធារបស់កូរ៉េខាងជើងថាជា «ការបង្កហេតុ» និងការជំរុញឱ្យដាក់ទណ្ឌកម្មបន្ថែមទៅលើទីក្រុងព្យុងយ៉ាង។
លោកស្រីបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ជាភាសាអង់គ្លេសមួយដែលធ្វើឡើងដោយទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េ (KCNA) ថា «ភ្លាមៗនៅពេលដែលសហរដ្ឋអាមេរិកនិយាយអំពី «ទណ្ឌកម្មឯករាជ្យ» របស់ខ្លួនប្រឆាំងនឹងកូរ៉េខាងជើងនោះ កូរ៉េខាងត្បូងបានប្រើពាក្យសំដីដែលបាននិយាយពីមុនមក»។
លោកស្រីបាននិយាយបន្ថែមថា «ទង្វើគួរឱ្យស្អប់ខ្ពើមនេះបានបង្ហាញកាន់តែច្បាស់ថា ក្រុមកូរ៉េខាងត្បូងជា «ឆ្កែដ៏ស្មោះត្រង់» និងជាចោររបស់សហរដ្ឋអាមេរិក។
លោកស្រី គីម បានផ្តោតសំខាន់ទៅលើវិធីសាស្រ្តរបស់រដ្ឋបាលលោក យូន ឆ្ពោះទៅកូរ៉េខាងជើង ដោយលោកស្រីបាននិយាយថា កូរ៉េខាងត្បូងមិនមែនជា «គោលដៅ» របស់ខ្លួនទេ យ៉ាងហោចណាស់នៅពេលដែលរដ្ឋាភិបាលសេរីមុនរបស់លោក មូន ចេអ៊ីន កាន់អំណាច។
លោកស្រីបាននិយាយថា «ខ្ញុំឆ្ងល់ថា ហេតុអ្វីបានជាប្រជាជនកូរ៉េខាងត្បូងនៅតែជាអ្នកមើលរំលងចំពោះទង្វើបែបនេះរបស់រដ្ឋាភិបាលលោក យូន ស៊ុកយុល និងមនុស្សឆ្កួតផ្សេងៗទៀតដែលបន្តបង្កើតស្ថានការណ៍ដ៏គ្រោះថ្នាក់»។
លោកស្រី គីម បានព្រមានថា ការដាក់ទណ្ឌកម្ម និងសម្ពាធប្រឆាំងនឹងកូរ៉េខាងជើងនឹងបន្ថែមប្រេងឥន្ធនៈទៀតដល់អរិភាពរបស់របបនេះ ដែលនឹងគ្រាន់តែជាការរំខានសម្រាប់ទីក្រុងសេអ៊ូល និងទីក្រុងវ៉ាស៊ីនតោនប៉ុណ្ណោះ៕ (ប្រភព យ៉ុនហាប់ បកប្រែដោយលោក យា ចិន្តាខន្តី)