សិស្សនារី ២នាក់ ជិះម៉ូតូលឿនបុករថយន្តពេញទំហឹង ខណៈបើកចេញពីការ៉ាសាំងមិនប្រយ័ត្ន

50

បន្ទាយមានជ័យ៖ សិស្សនារី ២នាក់ ជិះម៉ូតូលឿន ទៅបុករថយន្តនីសាន់ ខណៈបើកចេញពីការ៉ាសាំង មិនប្រយ័ត្ន បណ្តាលរបួសធ្ងន់បាក់ជើងម្នាក់ដែលកើតឡើងនៅរសៀលថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២ នៅតាមផ្លូវជាតិលេខ៥ស្ថិតភូមិគាប សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ។

ប្រភពនៅកន្លែងកើតហេតុបានប្រាប់ថា៖ ពេលគ្រោះថ្នាក់កើតឡើងគឺមានរថយន្តធុនណាវ៉ារ៉ា មួយគ្រឿង ពាក់ស្លាកលេខបន្ទាយមានជ័យ 2A.7007 បានចេញពីដឹកពីដុងម៉ាស៊ូតពេញរថយន្តហើយបើកចេញពីការ៉ាសាំងតេលានៅខាងស្តាំដៃពីក្រុងសិរីសោភ័ណ ទៅក្រុងប៉ោយប៉ែត ហើយបើកឡើងមកផ្លូវគ្មានការប្រុងប្រយ័ត្ន ត្រូវបានយុវនារីជាសិស្សសាលា ២នាក់ជិះម៉ូតូស្កូពីពាក់ស្លាកលេខពោធិ៍សាត់1K.5620 ជិះពីកើតមកលិច បុកពីមុខពេញទំហឹង បណ្តាលរបួស ២នាក់ មានម្នាក់បាក់កជើងឆ្វេង ដែលជាអ្នកបើកបរម៉ូតូ ក្រោយកើតហេតុត្រូវបានរថយន្តសង្គ្រោះស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យដឹកយកទៅសង្គ្រោះ។

ក្រោយពេលគ្រោះថ្នាក់ចរាចរណ៍កើតឡើងភ្លាមៗ ឃើញមន្ត្រីការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានចុះមកពិនិត្យវាស់វែងហើយយកម៉ូតូ និងរថយន្តចេញពីផ្លូវដើម្បីសម្រួលចរាចរណ៍និងសណ្តាប់ធ្នាប់ ហើយមន្ត្រីនគរបាលចំនាញប្រាប់ថា នៅពេលគ្រោះថ្នាក់ចរាចរណ៍កើត បង្កដោយរថយន្តបើកចេញពីការ៉ាសាំងឡើងផ្លូវធំគ្មានការប្រុងប្រយ័ត្ន មិនមើលឆ្វេងស្តាំ ទើបយុវនារីជាសិស្សសាលាជិះម៉ូតូលឿនបុកពេញទំហឹង បណ្តាលអោយរបួសយុវនារីជាសិស្សសាលាស្រី ២នាក់ ក្នុងនោះរបួសធ្ងន់ម្នាក់ បានសង្គ្រោះបន្ទាន់។

ក្រោយវាស់វែងហើយត្រូវបានយករថយន្តបង្ក និងម៉ូតូរងគ្រោះទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្ត ដើម្បីដោះស្រាយគ្នាតាមច្បាប់៕
(ភ្នាក់ងារបន្ទាយមានជ័យ)