វ៉ាស៊ីនតោន៖ បើតាមការចេញផ្សាយដោយសារព័ត៌មាន ABC News កាលពីថ្ងៃសុក្រ ទី០៨ ខែឧសភា ឆ្នាំ២០២០ម្សិលមិញ ទីភ្នាក់ងារស្ថិតិការងាររបស់អាមេរិក នាថ្ងៃសុក្រនេះបានឲ្យដឹងថា ពេញមួយខែ មេសាកន្លងទៅ សេដ្ឋកិច្ច របស់សហរដ្ឋអាមេរិក បានបាត់បង់ការងារដល់ទៅ២០.៥លានកន្លែង ដែលជាហេតុធ្វើឲ្យអត្រា អ្នកគ្មានការងារធ្វើលោតឡើងដល់ ១៤ .៧ភាគរយ។

ក្នុងនោះ វិស័យដែលបានរងការប៉ះពាល់ខ្លាំងជាងគេ គឺជាវិស័យទេសចរណ៍ និងបដិសណ្ឋារកិច្ច ដែលបាត់បង់ ការងារ ប្រមាណ៧.៧លានកន្លែង។ បន្ទាប់មកទៀត គឺវិស័យសេវាកម្មម្ហូបអាហារ-ភេសជ្ជៈ ដែលបាន បាត់បង់៥.៥លានកន្លែង ព្រមទាំង វិស័យអប់រំនិងសុខាភិបាល ដែលបានបាត់បង់២.៥លានកន្លែង រីឯនៅក្នុងវិស័យលក់ដូរទំនិញក៏បានបាត់បង់ការងារ២.១លាន កន្លែងផងដែរ ខណៈវិស័យផលិត បានបាត់បង់១.៣លានកន្លែង។

គួរជម្រាបថា របាយការណ៍ពាក់ព័ន្ធស្ថិតិការងារខាងលើ គឺជារបាយការណ៍ប្រចាំខែលើកដំបូងបំផុត ដែលបានបង្ហាញឲ្យឃើញពី ទំហំនៃការប៉ះពាល់ធ្ងន់ធ្ងរទៅលើសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក ដែលបង្ កឡើងដោយសារតែវិបត្តិជំងឺ COVID-19 ដែលកំពុងតែ រាតត្បាតជាសកល ខណៈអាមេរិកផ្ទាល់កំពុងរង គ្រោះខ្លាំងជាងគេបង្អស់។ បើក្រឡេកទៅមើលអត្រាអ្នកគ្មានការងារធ្វើនៅក្នុង សហរដ្ឋអាមេរិក កាលពីខែកុម្ភៈកន្លងទៅវិញ គឺវាស្ថិតនៅកម្រិតទាបបំផុតត្រឹមតែ៣.៥ភាគរយប៉ុណ្ណោះ៕