វៀតណាម​បានប្រកាស​ពី​ការរកឃើញ​ករណី​ឆ្លង COVID-19 ចំនួន​១៧​ទៀត ដែល​សុទ្ធតែជា​ករណី​នាំចូល​ ការរកឃើញ​នេះ ចំ​ពេលដែល​វៀតណាម បាន​បន្ធូរបន្ថយ​ការ​រឹតបន្តឹង​មួយចំនួន​ក្នុងប្រទេសក្រោយ​ស្ងប់ស្ងាត់​អស់​រយៈពេល​ប្រមាណ​៣​សប្តាហ៍ ​។

ចាប់តាំងពី​ថ្ងៃទី​២៤ ខែមេសា មកដល់ពេលនេះ វៀតណាម​រកឃើញ COVID-19 ថ្មី​ក្នុង​រយៈពេល​តែ​ពីរ​ថ្ងៃ​គត់​ ក្នុងនោះ​មានដូចជា ថ្ងៃទី​១ ខែឧសភា វៀតណាម បាន​រាយ​ករ​ណ៍​ថា មាន​ករណី​ឆ្លង​ចំនួន ១​ករណី ។

ដោយឡែក​សម្រាប់​ថ្ងៃទី​៧ ខែឧសភា​វិញ វៀតណាម បាន​រកឃើញ​ករណី​កូ​រ៉ូ​ណាវី​រុស​ថ្មី​ចំនួន ១៧​ករណី ហើយ​អ្នក​ទាំងនោះ គឺជា​ប្រជាពលរដ្ឋ វៀតណាម ដែល​ត្រូវបាន​គេ​ជម្លៀស​មកពី​អេ​មី​រ៉ា​ត​អារ៉ាប់​រួម​។

​ការរកឃើញ​ថ្មី​នេះ គឺធ្វើឡើង​បន្ទាប់ពី​វៀតណាម មិនបាន​រកឃើញ​ករ​ណី​ឆ្លង​ជា​សហគមន៍ ក្នុង​រយៈពេល​ចំនួន ២១​ថ្ងៃ​មកហើយ​។ តួលេខ​សរុប​នៃ​ COVID-19 នៅ​វៀតណាម​បាន​កើន​ដល់​ចំនួន ២៨៨​ករណី ប៉ុន្តែ​មិនមាន​ករណី​ស្លាប់ និង​អ្នកជា​សះស្បើយ​មាន​ចំនួន ២៣៣​នាក់​។ នេះ​បើតាម​តួលេខ​របស់​វ៉ិ​ប​សាយ Worldometers​។
​យ៉ាងណាមិញ នៅ​ថ្ងៃទី​៧ ខែឧសភា​នេះ នាយករដ្ឋមន្ត្រី​វៀតណាម បាន​យល់ព្រម​បន្ធូរបន្ថយ​ការ​រឹតត្បិត​សេវាកម្ម សកម្មភាព​ជំនួញ​មួយចំនួន និង​សកម្មភាព​កីឡា ប៉ុន្តែ​ក្លឹប​រាត្រី និង​កន្លែង​រាំច្រៀង នៅតែ​បន្ត​បិទ​ដដែល​។ ចំណែក​រថយន្តក្រុង តាក់ស៊ី យន្តហោះ​ជាដើម រដ្ឋាភិបាល​​វៀតណាម បាន​យល់ព្រម​បន្ធូរបន្ថយ​ការ​រឹតត្បិត​តាំងពី​ថ្ងៃទី​៦ ខែឧសភា​មក​ម្លេះ​។ សម្រាប់​សាលារៀន​មួយចំនួន ក៏បាន​ចាប់ផ្តើម​បើកទ្វារ​ទទួល​សិស្ស​វិញ​ដែរ​។​