ឯកឧត្តម ស សុខា ថ្លែងអំណរគុណដល់គ្រប់ភាគីពាក់ព័ន្ធក្នុងការរៀបចំប្រកួតកីឡាជាតិ លើកទី៣ និងកីឡាជាតិជនពិការ លើកទី១

42

ភ្នំពេញ ៖ ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មការរៀបចំការប្រកួតកីឡាជាតិ លើកទី៣ និងកីឡាជាតិជនពិការ លើកទី១ បានថ្លែងអំណរគុណដល់គ្រប់ភាគីពាក់ព័ន្ធក្នុងការរៀបចំការប្រកួតកីឡាជាតិ លើកទី៣ និងកីឡាជាតិជនពិការ លើកទី១ ។ នេះបើយោងតាមផេកផ្លូវការរបស់ឯកឧត្តម ស សុខា ដែលបានបង្ហោះនៅព្រឹកថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២២ នេះ។

ខាងក្រោមនេះជាខ្លឹមសារទាំងស្រុងរបស់ឯកឧត្តម ស សុខា ដែលបានបង្ហោះក្នុងផេកផ្លូវការ ៖
[ក្នុងនាមគណៈកម្មការរៀបចំការប្រកួតកីឡាជាតិ លើកទី៣ និងកីឡាជាតិជនពិការ លើកទី១ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះគណៈកម្មការរៀបចំការប្រកួតកីឡាជាតិ លើកទី៣ និងកីឡាជាតិជនពិការ លើកទី១ សហព័ន្ធកីឡាជាតិទាំង៣៨ គណៈកម្មាធិការប៉ារ៉ាអូឡាំពិកកម្ពុជា ដែលបានបំពេញតួនាទី និងភារកិច្ចរបស់ខ្លួន ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការរៀបចំ ដឹកនាំការប្រកួត និងការបំពាក់មេដាយទៅតាមប្រភេទកីឡានីមួយៗ បានយ៉ាងល្អប្រសើរស្របតាមស្តង់ដានៃការប្រកួតហ្គេម។

ព្រឹត្តិការណ៍ប្រកួតកីឡាជាតិ លើកទី៣ និងកីឡាជាតិជនពិការ លើកទី១ បានដំណើរការយ៉ាងរលូន និងបញ្ចប់ទៅដោយជោគជ័យ និងជាទីមោទនៈបំផុត ជាពិសេសក៏បានមើលឃើញពីចំណុចខ្លាំង ចំណុចខ្សោយ និងព្យាករណ៍ពីការត្រៀមលក្ខណៈរៀបចំធ្វើជាម្ចាស់ផ្ទះនៃការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ខាងមុខផងដែរ។

ជាមួយនឹងជោគជ័យដ៏អស្ចារ្យនេះ ក៏សូមថ្លែងអំណរគុណចំពោះក្រសួងការពារជាតិ ក្រសួងមហាផ្ទៃ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ក្រសួងសុខាភិបាល ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ អគ្គិសនីកម្ពុជា រដ្ឋបាលរាជធានី ខេត្តទាំង២៥ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ សហភាពសហព័ន្ធយុវជនកម្ពុជា ដៃគូសហការ ប្រព័ន្ធផ្សព្វផ្សាយ ប្រតិភូកីឡា កីឡាករ កីឡាការិនី និងអ្នកពាក់ព័ន្ធទាំងអស់ ដែលបានគាំទ្រ និងសហការយ៉ាងល្អក្នុងការរៀបចំការប្រកួតកីឡាជាតិ លើកទី៣ និងកីឡាជាតិជនពិការ លើកទី១ ។

សូមគោរពជូនពរឯកឧត្តម លោកជំទាវ លោក លោកស្រី នាងកញ្ញា ព្រមទាំងក្រុមគ្រួសារទាំងអស់ មានសុខភាពល្អបរិបូរណ៍ ចៀសផុតពីជំងឺកាចសាហាវទាំងឡាយទាំងពួង និងសូមបានជួបតែនឹងពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ]។

សូមបញ្ជាក់ជូនថា ព្រឹត្តិការណ៍ប្រកួតកីឡាជាតិលើកទី៣ និងកីឡាជាតិជនពិការ លើកទី១ ប្រារព្ធធ្វើឡើងក្រោមពាក្យស្លោក “កីឡានាំមកនៅសន្តិភាព និងការអភិវឌ្ឍ” ដែលមានរយៈពេល ១២ថ្ងៃ ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ ២០២២ ដោយប្រកួតលើ ៣៨ប្រភេទកីឡា ៣៥៦វិញ្ញាសា និងកីឡាប៉ារ៉ាហ្គេម ប្រកួតលើ ៧ប្រភេទកីឡា ៤៩វិញ្ញាសា៕

អត្ថបទ ៖ សេង បូលីន