សិក្ខាសាលាបណ្តុះបណ្តាល នីតិវិធីនៃការដោះស្រាយវិវាទដីធ្លី ក្រៅប្រព័ន្ធតុលាការ ជូនប្រជាពលរដ្ឋ

46

បន្ទាយមានជ័យ៖ វគ្គបណ្តុះបណ្តាលវិធីសាស្ត្រក្នុងការសម្រុះសម្រួលទទួលជោគជ័យក្នុងការដោះស្រាយវិវាទដីធ្លីក្រៅប្រព័ន្ធតុលាការជូនប្រជាពលរដ្ឋ ជាសិក្ខាសាលាបណ្តុះបណ្តាលក្រុមប្រឹក្សាឃុំ.សង្កាត់នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២នៅមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់សុរិយោដីខេត្តបន្ទាយមានជ័យ។

លោក អាង ណារិទ្ធ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្មនិងសំណង់សុរិយោដីខេត្តបានមានប្រសាសន៍ថា៖ សិក្ខាសាលាស្តីពី(នីតិវិធីនៃការដោះស្រាយវិវាទដីធ្លីរបស់គណៈកម្មការសុរិយោដី) ជូនក្រុមប្រឹក្សាឃុំ.សង្កាត់ ក្នុងខេត្តបន្ទាយមានជ័យ ដែលបានចូលរួមមាន ៦៧រូប ក្នុងនោះមានមេឃុំ និងចៅសង្កាត់ ៥៧រូប និងជំទប់ទី ១៣រូប សមាជិកក្រុមប្រឹក្សា ៧រូប ក្នុងសិក្ខាសាលារយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ ដល់ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២២។

ឯកឧត្តម លី សារី អភិបាលរងខេត្តបន្ទាយមានជ័យ មានប្រសាសន៍ថា៖ វគ្គបណ្តុះបណ្តាលដែលប្រារព្វធ្វើឡើងនាពេលនេះ គឺបានឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងនៃស្ថានភាពវិវាទដីធ្លីដែលកំពុងកើតមាននៅគ្រប់គណៈកម្មការសុរិយោដីថ្នាក់ខេត្ត ដូចនេះសិក្ខាកាមត្រូវខិតខំប្រឹងប្រែងទទួលវគ្គបណ្តុះបណ្តាលនេះក្នុងគោលបំណងបំពេញបន្ថែមនូវចំណេះដឹង និងបទពិសោធន៍ជាពិសេសយល់ដឹងពីច្បាប់ភូមិបាល សារសំខាន់ក្នុងការស៊ើបអង្កេតវិធីសាស្គ្រក្នុងការសម្រុះសម្រួល និងទទួលបានជោគជ័យក្នុងការដោះស្រាយវិវាទដីធ្លីក្រៅប្រព័ន្ធតុលាការជូនប្រជាពលរដ្ឋ។

ឯកឧត្តម ទេព ធន រដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី នគរូបនីយ៍កម្ម និងសំណង់ និងជាអគ្គលេខាធិការអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លីបានមានប្រសាសន៍ថា៖ ការដោះស្រាយវិវាទដីធ្លីជូនប្រជាពលរដ្ឋនៅជាការងារអាទិភាពរបស់ក្រសួងដែលតម្រូវអោយមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់បន្តខិតខំប្រឹងប្រែងបន្ថែមដោយសហការជាមួយនឹងអាជ្ញាធរដែនដីក្នុងនោះមានក្រុមប្រឹក្សាឃុំ.សង្កាត់ មានតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមដោះស្រាយជាពិសេសសហការក្នុងការពិនិត្យស្រាវជ្រាវស្វែងរកអង្គហេតុឲ្យបានច្បាស់លាស់ និងចូលរួមធ្វើការសម្រុះសម្រួលដោះស្រាយជួយឲ្យគូភាគីវិវាទបានសះជានឹងគ្នា៕