សម្ដេចក្រឡាហោម ស ខេង អញ្ជើញចូលរួមក្នុងពិធីបើកវេទិកាអភិបាលក្រុងអាស៊ាន និងកិច្ចប្រជុំអភិបាលរាជធានី និងរដ្ឋធានីអាស៊ាន ឆ្នាំ២០២២

40

នាព្រឹកថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមក្នុងពិធីបើកវេទិកាអភិបាលក្រុងអាស៊ាន និងកិច្ចប្រជុំអភិបាលរាជធានី និងរដ្ឋធានីអាស៊ាន ឆ្នាំ២០២២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលពិធីនេះប្រព្រឹត្តធ្វើឡើងនៅសណ្ឋាគារសុខាភ្នំពេញ។

ពិធីបើកវេទិកាអភិបាលក្រុងអាស៊ាន (AMF) នាពេលនេះ ក្រោមប្រធានបទ «ការពង្រឹងកិច្ចសហការអាស៊ាន តាមរយៈការជំរុញការកសាងទីក្រុងឆ្លាត មានភាពធន់ និងមានចីរភាព ប្រកបដោយបរិវត្តកម្ម និងបរិយាបន្ន តាមគន្លងប្រក្រតីភាពថ្មី» និងកិច្ចប្រជុំអភិបាលរាជធានី និងរដ្ឋធានីអាស៊ាន (MGMAC) ក្រោមប្រធានបទ «ការជំរុញកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ដើម្បីទីក្រុងឆ្លាត មានភាពធន់ និងមានចីរភាព» ដែលត្រូវបានអាក់ខានអស់រយៈពេល ២ឆ្នាំកន្លងមកហើយ ដោយសារការឆ្លងរាលដាល នៃជំងឺកូវីដ-១៩។

នាឱកាសនោះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានមានប្រសាសន៍វាយតម្លៃខ្ពស់ ចំពោះការកំណត់ប្រធានបទដ៏ត្រឹមត្រូវបំផុត ស្របតាមស្ថានការណ៍តំបន់ និងសកលនាពេលបច្ចុប្បន្ន និងទៅអនាគត។ ជាការពិតទីក្រុង គឺជាបេះដូងនៃប្រទេស និងតំបន់នីមួយៗ ដោយជាកន្លែងប្រមូលផ្ដុំសកម្មភាពគ្រប់ទិដ្ឋភាពទាំងផ្នែកសង្គម-សេដ្ឋកិច្ច វប្បធម៌ និងនយោបាយ។ ក្នុងន័យនេះ ការអភិវឌ្ឍសង្គម សេដ្ឋកិច្ច និងការកសាងសហគមន៍មួយដ៏រឹងមាំ ប្រកបដោយចីរភាព និងបរិយាបន្ន ត្រូវផ្តើមចេញពីការកសាង និងតភ្ជាប់ទីក្រុងឆ្លាត មានភាពធន់ និងមានចីរភាព។

លើសពីនេះ សម្ដេចតេជោ នាយករដ្ឋមន្ដ្រី ក៏មានសេចក្តីត្រេកអរ ដោយសង្កេតឃើញពីវឌ្ឍនភាពដ៏ល្អប្រសើរ នៃកិច្ចសហប្រតិបត្តិការ ក្នុងការកសាង និងតភ្ជាប់ទីក្រុងសំខាន់ៗ ក្នុងតំបន់អាស៊ាន។ ជាក់ស្ដែង វេទិកាអភិបាលក្រុងអាស៊ាន និងកិច្ចប្រជុំអភិបាលរាជធានី និងរដ្ឋធានីអាស៊ាន ដែលតែងរៀបចំឡើងជាទៀងទាត់ គឺជាយន្តការដ៏សំខាន់ ដែលអនុញ្ញាតឱ្យរដ្ឋបាលមូលដ្ឋានរបស់អាស៊ាន អាចបង្កើនទំនាក់ទំនង ជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែទូលំទូលាយ ជាពិសេសការចែករំលែកចំណេះដឹង និងបទពិសោធន៍ និងបន្តពង្រឹងសាមគ្គីភាព និងសុខដុមនីយកម្មរវាងទីក្រុង រាជធានី និងរដ្ឋធានីអាស៊ាន។


សម្ដេចតេជោ បន្ថែមថា កម្ពុជាក្នុងនាមជាប្រធានប្តូរវេនអាស៊ាន បានកំណត់មូលបទ «អាស៊ានរួមគ្នាធ្វើ៖ ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា» ដែលមានគោលបំណងរួមគ្នាដោះស្រាយបញ្ហាប្រឈមរបស់អាស៊ាន ព្រមទាំងពង្រឹងសកលភាវូបនីយកម្ម និងជំរុញការសម្រេចបាននូវរបៀបវារៈនៃការធ្វើសមាហរណកម្មតំបន់ ក្រោមចក្ខុវិស័យអាស៊ាន ឆ្នាំ២០២៥៕


ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា