(កូរ៉េខាងត្បូង)៖បើយោងតាមសារព័ត៌មានស៊ិនហួ ចុះផ្សាយឲ្យដឹងកាលពីថ្ងៃសៅរ៍ នាយប់ថ្ងៃទី៩ ខែឧសភា រដ្ឋាភិបាលទីក្រុង Seoul របស់កូរ៉េខាងត្បូង បានចេញបញ្ជាឲ្យទីតាំងកម្សាន្ត ដូចជា ក្លិប និងបារ ផ្អាកអាជីវកម្មភ្លាមៗ ដោយសារវាបណ្តុំនៃការឆ្លងវីរ៉ុស COVID-19 ដែលត្រូវបានគេរក ឃើញ នៅក្នុងតំបន់វប្បធម៌ចម្រុះ Itaewon ដែលជាប់ក្បែរទីក្រុង Seoul, ។

អភិបាលទីក្រុង Seoul លោក Park Won-soon បានប្រាប់ឲ្យដឹង នៅក្នុងសន្និសីទសារព័ត៌មានមួយថា រដ្ឋបាលក្រុង បានចេញបញ្ជាភ្លាមៗ ដោយហាមឃាត់គ្រប់កន្លែងកម្សាន្តទាំងអស់ ដូចជា ក្លិប, បារ និងទីតាំងកែសម្ភស្ស ដែលជាទីតាំងមានមនុស្សប្រជុំគ្នាច្រើន។

លោក Park បានបញ្ជាក់ថា ភាគីដែលពាក់ព័ន្ធ ត្រូវតែបញ្ឈប់អាជីវកម្មភ្លាម បើមិនដូច្នោះទេ នឹងទទួលរងការពិន័យយ៉ាងតឹងរឹង។ ការចេញបញ្ជានេះ នឹងបន្តមានប្រសិទ្ធិភាព រហូតមានការ ជូនដំណឹងបន្ថែម។

ការចេញបញ្ជានេះ បានធ្វើឡើង បន្ទាប់ពីបណ្តុំនៃការឆ្លងមួយ ត្រូវបានកើតឡើង ដោយឆ្លងពីអ្នកជំងឺម្នាក់ ដែលបានទៅកម្សាន្តនៅក្លិប និងបារ ដែលស្ថិតនៅតំបន់ Itaewon ក្នុងទីក្រុង Seoul កាលពីសប្តាហ៍មុន។