សម្ដេចក្រឡាហោម ស ខេង ណែនាំដល់ក្រុមហ៊ុនទទួលបន្ទុក​ និងក្រសួងសាធារណការ ត្រូវសិក្សាបន្ថែមទៀត ដើម្បីធានាឱ្យបាន​ នូវការកាត់បន្ថយគ្រោះថ្នាក់នៅលើផ្លូវល្បឿនលឿននេះ

48

សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក (គ.ស.ច.គ) បានណែនាំដល់ក្រុមហ៊ុនផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ និងក្រសួងសាធារណការ និងដឹកជញ្ជូន ត្រូវមានការសិក្សាបន្ថែមទៀត ដើម្បីធានាឱ្យបាននូវការកាត់បន្ថយគ្រោះថ្នាក់ នៅលើផ្លូវល្បឿនលឿននេះអោយបានទាបបំផុត។

នាឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រារព្ធទិវាអន្តរជាតិរំលឹកដល់ជនរងគ្រោះ ដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក លើកទី១៧ ដែលប្រារព្ធឡើងនៅសួនមុខវត្តបុទុមវតី ស្ថិតនៅសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ នាថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២២នេះ សម្តេចក្រឡាហោម ស ខេង បានកត់សម្គាល់អំពីស្ថានភាពគ្រោះថ្នាក់ចរាចរណ៍ នៅលើផ្លូវល្បឿនលឿន ដែលទើបបានកសាង និងដាក់ឱ្យប្រើប្រាស់លើកដំបូង ចាប់ផ្តើមពីដើមខែតុលាមកដល់ពេលនេះ មានគ្រោះថ្នាក់ចរាចរណ៍ចំនួន ២៦លើក តែគ្មានជនរងគ្រោះដល់ស្លាប់ ឬរងរបួសធ្ងន់ឡើយ គ្រាន់តែមានការខូចខាតយានយន្ត និងបរិក្ខាសុវត្ថិភាពនៃផ្លូវថ្នល់ប៉ុណ្ណោះ។
សម្ដេចក្រឡាហោម បន្ដថា ដូច្នេះ វិស្វកម្មផ្លូវថ្នល់ដែលដាក់ចរាចរណ៍ឯកទិស មានចែកគន្លងផ្លូវច្បាស់លាស់ មានគំនូស និងផ្លាកសញ្ញាគ្រប់គ្រាន់ និងការធ្វើចរាចរណ៍ដោយគ្មានម៉ូតូ នៅផ្លូវល្បឿនលឿន បានរួមចំណែកយ៉ាងសំខាន់ ក្នុងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។
សម្ដេចក្រឡាហោម ស ខេង ប្រធាន គ.ស.ច.គ មានប្រសាសន៍ថា “ខ្ញុំគិតថា ក្រុមហ៊ុនវិនិយោគ ក្រសួងសាធារណការ និងដឹកជញ្ជូន បន្ដធ្វើការងារនេះបន្ដទៀត ដើម្បីធានាកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ នៅលើផ្លូវល្បឿនលឿននេះ ឱ្យកាន់តែតិច ជាការល្អប្រសើរ ម៉្យាងយើងធ្វើដំណើរបានលឿនផង ដើម្បីហ្នឹងដោះស្រាយបញ្ហាកិច្ចការងារផ្សេងៗ បានឆាប់រហ័ស។ ប៉ុន្ដែម៉្យាងទៀត ក៏កាត់បន្ថយ ឬបញ្ចៀសបាននូវគ្រោះថ្នាក់ទៅតាមផ្លូវល្បឿនលឿននេះ គឺជាជោគជ័យរបស់យើង”។
សម្ដេចក្រឡាហោម បន្ថែមថា បើសិនផ្លូវល្បឿលឿននេះ បន្ដគ្រោះថ្នាក់កាន់តែច្រើន មានន័យថា “ផ្លូវនេះ មិនទាន់ល្អប្រសើរនោះទេ”។ សម្ដេច បញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក បានបង្កផលវិបាកជាច្រើនដល់សង្គម និងប្រជាពលរដ្ឋ និងបានបង្កផលប៉ះពាល់ដល់គោលនយោបាយកាត់បន្ថយភាពក្រីក្ររបស់រាជរដ្ឋាភិបាលផងដែរ។ គ្រោះថ្នាក់នេះ នឹងបន្តអូសបន្លាយក្នុងរយៈពេលវែង ហើយអាចនឹងមានកំណើនខ្ពស់ ប្រសិនបើគ្មានការចូលរួមគោរពអនុវត្តច្បាប់ពីសំណាក់អ្នកប្រើប្រាស់ផ្លូវ ដូចជា៖ ការបញ្ជាយានយន្ត ដោយរំលោភបំពានច្បាប់ ឬដោយធ្វេសប្រហែសមិនគោរពស្រឡាញ់ជីវិតខ្លួនឯង និងអ្នកដ៏ទៃ ឬកង្វះវិធានការបង្ការទប់ស្កាត់គ្រោះថ្នាក់ប្រកបដោយតម្លាភាព និងប្រសិទ្ធភាព៕
ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា