កណ្តាល៖ នាព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២០ ក្រុមការងារសារព័ត៌មាន ខេម អេស៊ា (CAM ASIA NEWS) ដែលដឹកនាំដោយលោក លី វិចិត្រ ប្រធានក្រុមប្រឹក្សាភិបាល និងលោក យ៉ុន ម៉េងស្រ៊ន់ អគ្គនាយក CAM ASIA និងការចូលរួមអញ្ជើញជាកិត្តិយសពីលោកឧកញ៉ា ឡោ ជិនហេង បាននាំយកសម្ភារ:ការិយាល័យរដ្ឋបាលចែកជូនសាលាឃុំកោះខ្សាច់ទន្លា ស្ថិតក្នុងស្រុកស្អាង ខេត្តកណ្តាល។
ក្នុងឱកាសសំណេះសំណាលជាមួយអាជ្ញាធរឃុំ លោក លី វិចិត្រ ប្រធានក្រុមប្រឹក្សាភិបាល CAM ASIA បានឲ្យដឹងថា សម្ភារ:ដែលយកមកជូនដល់សាលាឃុំកោះខ្សាច់ទន្លា រួមមាន ម៉ាស៊ីនកំព្យូទ័រ និង LCD មួយគ្រឿង និងម៉ាស៊ីនថតចំលងឯកសារ មួយគ្រឿង ដើម្បីជួយសម្រួលដល់ការងាររដ្ឋបាលរបស់ឃុំ ដែលកំពុងខ្វះខាតបច្ចុប្បន្ន។ បន្ថែមពីនេះទៀត មានទឹកអាល់កុលលាងដៃ និងម៉ាស់ប្រអប់មួយចំនួនផងដែរសម្រាប់ជូនដល់មន្រ្តីអាជ្ញាធរឃុំទាំងអស់ ក្នុងការចលរួមទប់ស្កាត់បង្ការពីជំងឺឆ្លងកូវីដ១៩។ លោក លី វិចិត្រ បានបញ្ជាក់ទៀតថា ដោយឃើញនូវការទទួលរាក់ទាក់យ៉ាងកក់ក្តៅ និងការខិតខំប្រឹងប្រែងពីសំណាក់អាជ្ញាធរឃុំ ចំពោះប្រជាពលរដ្ឋកន្លងមក លោកឧកញ៉ា ឡោ ជិនហេង ដែលបានអញ្ជើញចុះមកជាមួយផ្ទាល់ បានជួយឧបត្ថម្ភថវិកាបន្ថែមចំនួន ៦០ម៉ឺនរៀល ជូនដល់មន្រ្តីសាលាឃុំ និងមន្រ្តីនគរបាលប៉ុស្តិ៍កោះខ្សាច់ទន្លា ជាការបង្ហាញនូវទឹកចិត្តគោរពស្រឡាញ់ និងការទំនាក់ទំនងល្អ។
ឆ្លៀតក្នុងឱកាសនោះ លោក យ៉ុន ម៉េងស្រ៊ន់ អគ្គនាយក CAM ASIA ក៏បានលើកឡើងថា៖ ក្រុមការងារ CAM ASIA បានទទួលព័ត៌មានពីប្រជាពលរដ្ឋក្នុងឃុំកោះខ្សាច់ទន្លានេះ ដោយបានសម្តែងអារម្មណ៍ពេញចិត្តនូវការងារ ក៏ដូចជាការខិតខំប្រឹងប្រែងរបស់អាជ្ញាធរភូមិ-ឃុំ ចំពោះការយកចិត្តទុកដាក់ខ្វាយខ្វល់ដល់ប្រជាពលរដ្ឋ ក្នុងការស្វះស្វែងរកដំណោះស្រាយ រាល់បញ្ហាដែលកើតឡើងក្នុងតំបន់ ការលើកកំពស់ជីវភាពប្រជាពលរដ្ឋឲ្យល្អប្រសើរ និងការអភិវឌ្ឍភូមិឃុំឲ្យរីកចម្រើនផងដែរ។ លោកអគ្គនាយក បានបញ្ជាក់ថា៖ គោលបំណងសំខាន់ដែលក្រុមការងារ CAM ASIA ចុះមកលើកទី១នេះ ក្នុងគោលដៅទី១ ជូននូវម៉ាស៊ីនកំព្យូទ័រ និងសម្ភារៈផ្សេងៗ ដើម្បីជួយសម្រួលដល់បន្ទុករបស់ឃុំ ទី២បង្កើតទំនាក់ទំនង និងភាពស្និទស្នាល ដើម្បីសហការការងារទៅថ្ងៃមុខ និងទី៣ ចង់បានព័ត៌មានទាក់ទងដំណាំកសិផលរបស់ប្រជាពលរដ្ឋក្នុងឃុំនេះ ដែលល្បីខាងផ្នែកចំការដំណាំដាំដុះទទួលបានផ្លែផ្កាល្អ និងជាពិសេសគឺ រម្មណីដ្ឋានឆ្នេរក្បាលកោះ ដែលជាតំបន់ទេសចរណ៍ដ៏ស្រស់ស្អាត កំពុងទាក់ទាញភ្ញៀវទេសចរណ៍មកលេងកម្សាន្តជារៀងរាល់ថ្ងៃ ក៏ដូចជាជួយផ្សព្វផ្សាយឲ្យបានទូលំទូលាយ នៃការរីកចម្រើនរបស់ប្រជាពលរដ្ឋ និងវិស័យផ្សេងៗក្នុងឃុំកោះខ្សាច់ទន្លានេះ ។
លោក សេង មិន្ទរ៍ ប្រធានឃុំកោះខ្សាច់ទន្លា បានមានប្រសាសន៍ សូមថ្លែងអំណរគុណដល់ក្រុមការងារ និងសមាជិកក្រុមប្រឹក្សា ខេម អេស៊ា ទាំងអស់ ដែលបានឆ្លៀតពេលដ៏មានតម្លៃ ក្នុងការចុះមកដល់ផ្ទាល់ និងជួយឧបត្ថម្ភសម្ភារៈការិយាល័យរដ្ឋបាល រួមទាំងថវិកាមួយចំនួន ដល់មន្រ្តីអាជ្ញាធរឃុំ និងមន្រ្តីនគរបាលប៉ុស្តិ៍ ក្នុងគោលបំណងចង់ជួយសម្រួលដល់ការខ្វះខាត និងបង្កើតទំនាក់ទំនងល្អ រវាងអាជ្ញាធរ និងអ្នកសារព័ត៌មាន ដើម្បីទទួលបានព័ត៌មានពិតគ្រប់ជ្រុងជ្រោយ ដែលកើតឡើងក្នុងភូមិ-ឃុំ យកទៅផ្សព្វផ្សាយ។
លោកប្រធានឃុំបានបង្ហាញការប្តេជ្ញាចិត្តថា នឹងបន្តកិច្ចសហការឲ្យបានល្អជាមួយសារព័ត៌មាន ខេម អេស៊ា ក្នុងគោលដៅចង់ជួយដល់ឃុំកោះខ្សាច់ទន្លារបស់លោកនេះ ដើម្បីសម្រេចឲ្យបានលទ្ធផលល្អប្រសើរ ។ ជាចុងក្រោយ លោកប្រធានឃុំ ក៏បានជូនលិខិតថ្លែងអំណរគុណដល់ក្រុមការងារសារព័ត៌មាន ខេម អេស៊ា ទាំងអស់ផងដែរ ៕