AFP: នៅថ្ងៃអាទិត្យ ទី៨ មករា កងទ័ពរុស្ស៊ីបានបញ្ជាក់ពីការវាយប្រហារលើបន្ទាយទាហានអ៊ុយក្រែននៅក្រុងក្រាម៉ាតូស (Kramatorsk) ស្ថិតប៉ែកខាងកើតប្រទេសអ៊ុយក្រែន។ តាមក្រសួងការពារជាតិរុស្ស៊ី ការវាយប្រហារនេះជាការសងសឹកនឹងការវាយប្រហាររបស់ទាហានអ៊ុយក្រែនកាលពីយប់ថ្ងៃទី៣១ ធ្នូ ឆ្នាំ ២០២២ លើក្រុង Makiivka ក្នុងតំបន់ដុនបាសកាន់កាប់ដោយក្រុមអ្នកទាមទារផ្តាច់ទឹកដីនិយមរុស្ស៊ី។ គេនៅមិនទាន់ដឹងថា តើការសងសឹករបស់រុស្ស៊ីលើអ៊ុយក្រែនពេលនេះបានបណ្តាលឲ្យស្លាប់ និងរបួសទាហានអ៊ុយក្រែនប៉ុន្មាននាក់ទេ។
ក្រសួងការពារជាតិរុស្ស៊ីបានប្រកាសនៅក្នុងរបាយការណ៍ប្រចាំថ្ងៃរបស់ខ្លួនថា មានបន្ទាយទាហានអ៊ុយក្រែនចំនួនពីរកន្លែងក្នុងទីក្រុងក្រាម៉ាតូស ស្ថិតប៉ែកខាងកើតអ៊ុយក្រែន បានរងការវាយប្រហារដោយគ្រាប់មីស៊ីលរុស្ស៊ីទ្រង់ទ្រាយធំ។ តែក្រសួងការពារជាតិរុស្ស៊ីមិនបានបញ្ជាក់ពីថ្ងៃវាយប្រហារពិតប្រាកដទេ។ ចំណែករដ្ឋអំណាចអ៊ុយក្រែននៅក្រាម៉ាតូសបានឲ្យដឹងថា ក្រុងក្រាម៉ាតូសបានរងការវាយប្រហារដោយគ្រាប់រ៉ូកែតចំនួន ៧គ្រាប់នៅយប់ថ្ងៃសៅរ៍ ទី៧ឆ្លងចូលថ្ងៃអាទិត្យ ទី៨ មករា និងថា មានគ្រាប់រ៉ូកែតចំនួន ២គ្រាប់ផ្សេងទៀតបានធ្លាក់លើក្រុងក្បែរខាង។
រីឯក្រុមអ្នកកាសែត AFP ដែលមានវត្តមានក្នុងក្រុងក្រាម៉ាតូសបានបញ្ជាក់ពីការឮសំឡេងផ្ទុះចំនួន ៤ដងនៅមុនយប់អធ្រាត្រក្នុងថ្ងៃសៅរ៍ ទី៧ មករា។ ក្រសួងការពារជាតិរុស្ស៊ីបានចាត់ទុកការវាយប្រហារលើបន្ទាយទាហានអ៊ុយក្រែនក្នុងក្រុងក្រាម៉ាតូសជាការសងសឹកនឹងការវាយប្រហាររបស់ទាហានអ៊ុយក្រែនលើទីតាំងទ័ពរុស្ស៊ីនៅក្រុង Makiivka ក្នុងតំបន់ដុនបាសកាលពីយប់អធ្រាត្រថ្ងៃទី៣១ ធ្នូ ឆ្នាំ ២០២២ ឆ្លងចូលថ្ងៃទី១ មករា ឆ្នាំ ២០២៣។ ការវាយប្រហារកាលណោះត្រូវបានក្រុងមូស្គូទទួលស្គាល់ថា មានស្លាប់ទាហានរុស្ស៊ីចំនួន ៨៩នាក់។
តែសម្រាប់អ៊ុយក្រែន ចំនួនទាហានរុស្ស៊ីស្លាប់មានច្រើនជាងនេះ។ ចុះការវាយប្រហារសងសឹកវិញរបស់រុស្ស៊ីលើក្រុងក្រាម៉ាតូសពេលនេះបានបណ្តាលឲ្យស្លាប់ និងរបួសខាងអ៊ុយក្រែនប៉ុន្មាននាក់ដែរ?។ គេនៅមិនទាន់មានតួលេខនៅឡើយទេ។ អ្វីដែលគេអាចនិយាយបាន គ្រប់ការវាយប្រហាររបស់អ៊ុយក្រែនលើផ្ទាំងស៊ីបរុស្ស៊ីតែងទទួលការវាយបកវិញយ៉ាងចាស់ពីរុស្ស៊ី៕
