អាស៊ី៖ វិធានការចុងក្រោយនៃនយោបាយសូន្យកូវីដរបស់ចិន ត្រូវបានលុបចោលទាំងស្រុងហើយ។ ចាប់ពីថ្ងៃអាទិត្យទី ៨ មករា នេះទៅ ពលរដ្ឋចិនអាចធ្វើដំណើរទៅបរទេស ដោយមិនព្រួយបារម្ភខ្លាចមកវិញជាប់ចត្តាឡីស័កទៀតឡើយ។ ឯជនបរទេសក៏អាចចូលទស្សនាចិនដោយគ្មានរនាំងសុខាភិបាលដែរ។ ប៉ុន្តែនៅប្រទេសលោកខាងលិចជាច្រើន បានចេញសេចក្តីណែនាំ មិនឱ្យពលរដ្ឋខ្លួនធ្វើដំណើរទៅចិនទេ បើគ្មានករណីចាំបាច់។
រនាំងបាំងបែងចែកអ្នកដំណើរមកពីបរទេស និងអ្នកដំណើរក្នុងស្រុក ត្រូវបានដកចេញពីអាកាសយានដ្ឋាននានារបស់ចិន មិនថានៅប៉េកាំង សៀងហៃ ឬហុងកុងទេ។ ការធ្វើចត្តាឡីស័កជាចាំបាច់ ចំពោះអ្នកដំណើរមកពីបរទេស ដែលដំបូងមាន រយៈពេលពីរសប្តាហ៍ បន្ទាប់មកចុះនៅត្រឹមមួយសប្តាហ៍ រួចសល់តែ៥ថ្ងៃចាប់ពីខែវិច្ឆិកា២០២២មក និងលែងមានសោះនៅថ្ងៃនេះ។ បម្រាមកូវីដដ៏តានតឹងទាក់ទងនឹងការធ្វើដំណើរ ទៅឬមក ចិន ដែលចូលជាធរមានតាំងពីខែមីនាឆ្នាំ២០២០មក ត្រូវអស់សុពលភាពទាំងស្រុងនិងជាផ្លូវការចាប់ពីថ្ងៃទី៨មករា២០២៣នេះទៅ។
សេចក្តីសម្រេចលុបវិធានការកូវីដ បានជំរុញឱ្យពលរដ្ឋចិនជាច្រើនរៀបគម្រោងធ្វើដំណើរទៅបរទេស ដោយមានឃើញមានការកក់សំបុត្រស្ទុះឡើងស្ទើរកប់ពពក។ ក្រុមហ៊ុនអាកាសចរណ៍កាតេប៉ាស៊ីហ្វិកប្រកាសបង្កើនជើងហោះហើរទៅចិនទ្វេមួយជាពីរ។
ប៉ុន្តែនៅចំពោះមុខទស្សនៈវិស័យនៃលំហូរទេសចរចិនទៅបរទេស មានប្រទេសលោកខាងលិចជាច្រើន បានតម្រូវឱ្យអ្នកដំណើរចិនត្រូវមានតេស្តកូវីដអវិជ្ជមាន។ សហភាពអឺរ៉ុបក៏បានអំពាវនាវឱ្យប្រទេសសមាជិក ធ្វើតេស្តរកកូវីដលើអ្នកដំណើរចិន នៅពេលមកដល់ទឹកដីអឺរ៉ុបភ្លាម ដោយចោះៗ បន្ថែមពីលើការបង្ហាញលទ្ធផលអវិជ្ជមានកូវីដ មុនឡើងយន្តហោះ។
ជាងនេះទៅទៀត អាជ្ញាធរនៃបណ្តាប្រទេសជាច្រើន មានជាអាទិ៍ អាល្លឺម៉ង់ ប៊ែលហ្សិក និងលុចសំបួរ បានចេញសេចក្តីប្រកាសណែនាំនៅល្ងាចមិញ និងនៅថ្ងៃនេះ មិនឱ្យពលរដ្ឋខ្លួនធ្វើដំណើរទៅប្រទេសចិនទេ បើមិនចាំបាច់។ មូលហេតុមកពីចិនកំពុងផ្ទុះករណីវិជ្ជមានកូវីដ១៩ខ្លាំង ហើយប្រព័ន្ធសុខាភិបាលរបស់ចិនកំពុងណែនចាល់រងបន្ទុកយ៉ាងធ្ងន់ធ្ងរ ដែលទំនងមិនអាចទទួលព្យាបាលបានក្នុងករណីមានជំងឺបន្ទាន់ទេ។ នេះបើតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសអាល្លឺម៉ង់ ប៊ែលហ្សិក។ ដើម្បីសម្តែងការប្រុងប្រយ័ត្ន សហរដ្ឋអាមេរិក ជប៉ុន បារាំង ក៏បានចេញក្រិត្យណែនាំពលរដ្ឋដូចគ្នា៕
ប្រភព៖ CNA

