នៅ៨ឆ្នាំមកនេះ ពិភពលោកជួបអាកាសធាតុក្តៅខ្លាំង មិនធ្លាប់មាននៅក្នុងកំណត់ត្រា។ ខណៈពេលដែលឆ្នាំ ២០១៦នៅតែជាប់ចំណាត់ថ្នាក់លេខ១ ក្នុងនាមជាឆ្នាំដែលក្តៅខ្លាំងជាងគេបំផុតក្នុងពិភពលោក រលកកំដៅខុសប្រក្រតីនៅអាស៊ី និងនៅអឺរ៉ុបបានធ្វើឲ្យឆ្នាំ ២០២២ស្ថិតនៅលេខរៀងទី៥ ក្នុងចំណោមឆ្នាំដែលក្តៅបំផុត។ នេះបើតាមរបាយការណ៍របស់ទីភ្នាក់ងារអឺរ៉ុបខាងតាមដានការប្រែប្រួលអាកាសធាតុ(Copernicus Climate Change Service)។
សម្រាប់ប្រធានទីភ្នាក់ងារអឺរ៉ុប ជាមួយអាកាសធាតុក្តៅខ្លាំងជារៀងរាល់ឆ្នាំ ផែនដីមានអាកាសធាតុចុះត្រជាក់មកវិញ នឹងក្លាយជាព្រឹត្តិការណ៍ដ៏កម្រពីពេលនេះ ទៅថ្ងៃអនាគត។នៅក្នុងរបាយការណ៍ចុះផ្សាយកាលពីថ្ងៃអង្គារ ទីភ្នាក់ងារអឺរ៉ុបខាងតាមដានអាកាសធាតុបានផ្តោតសំខាន់សាជាថ្មីលើតួនាទីរបស់បាតុភូត ឡា នីញ៉ា La Nina។ តាមរបាយការណ៍ខាងលើ ទោះមានបាតុភូត ឡា នីញ៉ាដែលជួយជំរុញឲ្យមានអាកាសធាតុត្រជាក់ក្តី ក៏សីតុណ្ហភាពនៅលើផែនដីនៅឆ្នាំ ២០២២បានឡើងក្តៅខ្លាំងជាងឆ្នាំ២០២១ទៅទៀត។
ក្រៅពីសីតុណ្ហភាពឡើងក្តៅខ្លាំងដែលជាដើមហេតុនៃការរលាយផ្ទាំងទឹកកកនៅប៉ូលខាងជើង ពិភពលោកបានរងគ្រោះជាហូរហែ ដោយសារគ្រោះមហន្តរាយធម្មជាតិ ដែលជាផលវិបាកនៃការប្រែប្រួលអាកាសធាតុ ដែលមានដូចជាគ្រោះទឹកជំនន់ដ៏ធ្ងន់ធ្ងរ នៅប៉ាគីស្ថាន ភ្លើងឆេះព្រៃ និងភាពរាំងស្ងួតហួតហែងមិនធ្លាប់មាននៅអឺរ៉ុប នៅកេនយ៉ា នៅតំបន់អាហ្វ្រិកខាងកើត។
របាយការណ៍របស់ទីភ្នាក់ងារអឺរ៉ុបបង្ហាញថា នៅមួយទសវត្សរ៍ចុងក្រោយនេះ សីតុណ្ហភាពជាមធ្យមនៅក្នុងពិភពលោកបានកើនឡើងប្រមាណ ១,១៤អង្សារ បើប្រៀបធៀបនឹងសម័យបុរេឧស្សាហកម្ម។ អង្គការសហប្រជាជាតិបានព្រមានហើយថា ផែនដី ឡើងកំដៅ ត្រឹម១,១៤អង្សា ផែនដីជួបគ្រោះមហន្តរាយធម្មជាតិ បង្កការខូចខាតធ្ងន់ធ្ងរប៉ុណ្ណឹងទៅហើយ ចុះទម្រាំ ផែនដីឡើងកំដៅបន្ថែម ២,៤អង្សា ក្នុងករណី ដែលគេមិនកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ តើអនាគតផែនដីដែលជាជម្រករបស់មនុស្សលោកនឹងក្លាយទៅជាយ៉ាងណា?
ខណៈដែលការបញ្ចេញឧស្ម័នកាបូនិក មេតាន ដែលជាឧស្ម័នផ្ទះកញ្ចក់ប្រភពធ្វើឲ្យផែនដីឡើងកំដៅ នៅតែបន្តមានច្រើន នៅក្នុងពិភពលោក របាយការណ៍របស់ទីភ្នាក់ងារអឺរ៉ុបបានទាមទារឲ្យគេប្រញាប់ចាត់វិធានការបន្ទាន់ដើម្បីកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ដើម្បីជួយបញ្ចៀសសពិភពលោកពីគ្រោះមហន្តរាយធម្មជាតិ៕