វូហាន៖ បើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃសុក្រ ទី១៥ ខែឧសភា ឆ្នាំ២០២០ ប្រជាជននៅក្នុងទីក្រុងវូហាន (Wuhan) នៃខេត្តហ៊ូប៉ី (Hubei) ភាគកណ្តាលប្រទេសចិន បានតម្រង់ជួរ ដើម្បីរង់ចាំទទួលការធ្វើតេស្ដរក COVID-19 កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ ខណៈមានការព្រួយបារម្ភកាន់ តែខ្លាំងពី «រលកទី២» បន្ទាប់ពីករណីឆ្លងជាចង្កោមត្រូវបានរាយការណ៍ នារយៈពេលប៉ុន្មានថ្ងៃមុននេះ។

ការធ្វើតេស្ដលើប្រជាជនក្នុងទីក្រុងវូហាន ត្រូវបានធ្វើឡើងនៅតាមតង់ជាច្រើន ដែលសង់ដោយអាជ្ញាធរ នៅឯចំណតរថយន្ដ, ឧទ្យាន និងអគាររបស់រដ្ឋ ក្រោមការអនុវត្តវិធានការរក្សាគម្លាតសុវត្ថិភាព។ បុរសម្នាក់អាយុ ៤០ឆ្នាំបានប្រាប់អ្នកទីភ្នាក់ងារព័ត៌មាន AFP ពេលមកទទួលការធ្វើតេស្ដរក COVID-19 យ៉ាងដូច្នេះថា «ការធ្វើតេស្ដគឺជារឿងល្អពីព្រោះវាគឺជាមធ្យោបាយ ទទួលខុសត្រូវចំពោះខ្លួនឯង និងអ្នកដទៃ»។