(កណ្ដាល)៖ ករណីគ្រឿងចក្រកាយផ្ដាច់ផ្លូវធ្វើដំណើររហូតដល់ចំនួន ៥កន្លែង ស្ថិតនៅភូមិត្រពាំងឫស្សី ឃុំទំនប់ធំ ស្រុកពញាឮ ខេត្តកណ្តាល ហើយបង្កការផ្ទុះតវ៉ាពីសំណាក់ប្រជាពលរដ្ឋយ៉ាងខ្លាំងនោះត្រូវបានរក ឃើញហើយថា ផ្លូវដែលប្រជាពលរដ្ឋធ្លាប់ធ្វើដំណើរនេះ ពិតជាសណ្ដូកនៅ លើដីកម្មសិទ្ធិឯកជនពិតមែន។

ប៉ុន្តែទោះជាយ៉ាងនេះក្ដី អភិបាលរងស្រុកពញាឮ លោក សំអុល ចំរើនឧត្តម ក្រោមការបញ្ជារពី លោក អភិបាលស្រុក ថន សុវណ្ណា បានចុះអន្តរាគមន៍ដោះស្រាយ ដោយបានស្នើដល់ម្ចាស់កម្មសិទ្ធិដីលោក ផេង សុង កាយលុបដីតភ្ជាប់ផ្លូវដែលបានកាយផ្ដាច់ចេញនោះឡើងវិញ ដើម្បីឱ្យប្រជាពលរដ្ឋធ្វើដំណើរ ជាបណ្ដោះ អាសន្នសិន ហើយរដ្ឋបាលស្រុក និងអាជ្ញាធរពាក់ព័ន្ធប្រាកដជាដោះស្រាយជូនម្ចាស់ដី និងប្រជាពលរដ្ឋប្រកប ដោយយុត្តិធម៌ និងអាចទទួលយកបានទាំងអស់គ្នា។

ការចុះអន្តរាគមន៍នេះធ្វើឡើងនាព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០ ពោលគឺបន្ទាប់ពីមានករណីប្រជាពលរដ្ឋ និងមេភូមិនានានៃឃុំឈ្វាំង ឃុំទំនប់ធំ និងឃុំជ្រៃលាស់ ស្រុកពញាឮ បានលើកគ្នាតវ៉ាស្នើ សុំឲ្យអាជ្ញាធរ ស្រុកជួយដោះស្រាយ ក្រោយឈ្មោះ ផេង សុង បានយកគ្រឿងចក្រទៅកាយផ្តាច់ផ្លូវចំនួន ៥កន្លែង។

ប្រជាពលរដ្ឋ និងមេភូមិសុទ្ធតែបានលើកឡើងដូចគ្នាថា ផ្លូវមួយខ្សែរនេះជាផ្លូវរទេះមានតាំងពីមុនសម័យ ប៉ុល ពត មកម្ល៉េះ។ លុះមកដល់ពេលថ្មីៗនេះ មានសប្បុរសជនម្នាក់ឈ្មោះ ស្វាយ សំអឿន បានចេញថ្លៃធ្វើផ្លូវនេះ ដោយក្រាលគ្រួសក្រហម។ តែក្រោយពេលផ្លូវស្ថាបនារួចរាល់ ស្រាប់តែឈ្មោះ ផេង សុង យកគ្រឿងចក្រ មកកាយកាត់ផ្តាច់តែម្តង ដោយអះអាងថាផ្លូវនេះធ្វើលើដីរបស់លោក។

ក្រោយហេតុការណ៍កើតឡើង រដ្ឋបាលស្រុកពញាឮ បានចុះត្រួតពិនិត្យដល់ទីតាំងជាក់ស្តែង។ ជាលទ្ធផល ក្រុមការងារបានស្រាវជ្រាវ និងពិនិត្យឃើញថា «ផ្លូវនេះពិតជាស្ថិតនៅក្នុងដីរបស់លោក ផេង សុង ប្រាកដមែន» នេះក៏ព្រោះតែកាលពីពេលធ្វើផ្លូវដំបូង អ្នកធ្វើផ្លូវមិនបានទំនាក់ទំនងជាមួយម្ចាស់ដី និងអាជ្ញាធរភូមិ ឃុំ ដើម្បីពិនិត្យភូមិសាស្រ្តឲ្យបានច្បាស់លាស់។

ដោយក្រោយរកឃើញដើមចមនៃបញ្ហារួចហើយ លោកអភិបាលរងស្រុកបានស្នើឲ្យលោក ផេង សុង ដែលជាម្ចាស់ដី មេត្តាតភ្ជាប់ផ្លូវនេះឡើងវិញសិន ដើម្បីឲ្យប្រជាពលរដ្ឋបានធ្វើដំណើរជាបណ្ដោះអាសន្ន ហើយអាជ្ញាធរស្រុកនឹងសម្របសម្រួលរកដំណោះស្រាយបន្ត។ ចំណែកឯភាគីម្ចាស់ដី និងភាគីប្រជាពលរដ្ឋ ក៍យល់ព្រមតាមការសម្របសម្រួលនេះដែរ៕