បើតាមសេចក្តីប្រកាសរបស់គណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដែលចេញនៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០ កម្ពុជាបើកជើងហោះហើរជាមួយប្រទេសទាំង៦ឡើងវិញ គឺ អ៊ីរ៉ង់ អ៊ីតាលី អាល្លឺម៉ង់ អេស្ប៉ាញ បារាំង​ និង អាមេរិក ក្រោយផ្អាកមួយរយៈកន្លងមក។

ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ បានបញ្ជាក់ក្នុងសេចក្តីប្រកាសថា ការសម្រេចបើកជើងយន្តហោះជាមួយប្រទេសទាំង៦នេះឡើងវិញ គឺក្រោយពីមានចំណារយល់ព្រមពី សម្តេចនាយករដ្ឋមន្រ្តីកាលពីថ្ងៃម្សិល (១៩ឧសភា)។

យ៉ាងណាគ្រប់អ្នកដំណើរទាំងជនជាតិខ្មែរនិងជនបរទេសដែលចូលមកកម្ពុជាតម្រូវឲ្យមានវិញ្ញាបនបត្របញ្ជាក់សុខភាពថា គ្មានជំងឺកូវីដ-១៩ ដែលចេញដោយអាជ្ញាធរសុខាភិបាលនៃប្រទេសសាមី។

នេះបើតាមសេចក្តីប្រកាសរបស់គណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដដែល ដោយបន្ថែមថាអ្នកដំណើរជាជនបរទេសត្រូវមានឯកសារធានារ់ាប់រងសុខភាពដែលទឹកប្រាក់យ៉ាងតិច៥ម៉ឺន ដុល្លារ ក្នុងអំឡុងស្នាក់នៅក្នុងប្រទេសកម្ពុជា ហើយត្រូវគោរពតាមវិធានការផ្សេងៗ របស់រដ្ឋាភិបាលកម្ពុជា។