ភ្នំពេញ ៖ កម្ពុជា មួយរយៈនៃភាពស្ងប់ស្ងាត់នៃវិបត្តិជំងឺឆ្លងកូវីដក្នុងប្រទេស ធ្វើឲ្យចរន្តទេសចរក្នុងស្រុកចាប់ ផ្តើមមានសញ្ញាល្អប្រសើរឡើងវិញ ជាពិសេសចាប់ពីដើមខែឧសភា រហូតមកដល់ពេលនេះ គេសង្កេតឃើញថា ចលនាភ្ញៀវទេសចរនៅតាមតំបន់កម្សាន្តនានាក្នុងស្រុក មានការកើនឡើងគួរឲ្យកត់សម្គាល់។

ក្រសួងទេសចរណ៍បានចេញរបាយការណ៍នៅព្រឹកថ្ងៃទី២២ខែឧសភាឆ្នាំ២០២០នេះថាក្នុងរយៈពេល២សប្ដាហ៍កន្លងទៅនេះ ចលនានៃភ្ញៀវទេសចរក្នុងស្រុកបន្តកើនឡើង ខណៈស្ដង់ដាពិសេសសម្រាប់អាជីវករទេសចរណ៍ ៥ប្រភេទ នឹងសម្រេចដាក់ចេញនៅចុងខែនេះ។
រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ឯកឧត្តមបណ្ឌិត ថោង ខុន បានមានប្រសាសន៍ថា “សម្រាប់រយៈពេលចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី១៧ខែឧសភាឆ្នាំ២០២០ភ្ញៀវទេសចរដែលបានធ្វើដំណើរកម្សាន្តនៅតាមគោលដៅទេសចរណ៍នានាទូទាំងប្រទេស បានបន្តកើនឡើងគួរឲ្យកត់សម្គាល់ ដោយមានចំនួនសរុបប្រមាណ ២៥៦,៥៤១នាក់កើនឡើង ៤៦.៧៦ភាគរយធៀបនឹង២សប្តាហ៍នៃចុងខែមេសាកន្លងមក”។

ឯកឧត្តមបញ្ជាក់បន្ថែមថា “ក្នុងចំណោមភ្ញៀវទេសចរសរុបជាង ២៥ម៉ឺននាក់នោះ មានភ្ញៀវជាតិមានប្រមាណ ២៥៣,២៥៦ នាក់កើនឡើង ៤៦.៦៤ ភាគរយ និងភ្ញៀវបរទេសមានប្រមាណ ៤,២៨៥ នាក់កើនឡើង ៧.៤៧ភាគរយប្រជាពលរដ្ឋនិងទេសចរបរទេសផ្ទៃក្នុងភាគច្រើនបានធ្វើដំណើរទៅកាន់តំបន់អេកូទេសចរណ៍នាភូមិភាគឦសាន ភាគនិរតី និងតំបន់ឆ្នេរ ពិសេសខេត្តព្រះសីហនុ ខេត្តកំពត និងខេត្តកែប”។

ចំពោះមុខនៃការកើនឡើងចលនាទេសចរផ្ទៃក្នុងនេះក្រសួងទេសចរណ៍បានសហការជាមួយវិស័យឯកជនរៀបចំនូវវិធានការ(ស្ដង់ដាពិសេសសម្រាប់សុវត្ថិភាពទេសចរណ៍ក្នុងនោះរួមមានក្រមប្រត្តិបត្តិគោលការណ៍ណែនាំចាំបាច់មួយចំនួនបន្ថែមពីលើវិធានការសុវត្ថិភាពនិងអនាម័យដែលបានដាក់ចេញដោយក្រសួងសុខាភិបាល ជាពិសេសការលក្ខខណ្ឌតម្រូវចាំបាច់មួយចំនួនចំពោះបុគ្គលិកភ្ញៀវទេសចរនិងដៃគូសហប្រតិបត្តិការតាមរមណីយដ្ឋាន សហគមន៍ទេសចរណ៍ សណ្ឋាគារ ភោជនីយដ្ឋាន ដែលនឹងបញ្ចប់នៅ សប្តាហ៍ក្រោយនេះ៕