អាជីវករលក់ដូរនៅផ្សារទំនើប AEON 3 ត្អូញត្អែរពីភាពស្ងាត់ជ្រងំគ្មានអ្នកទិញ ដែលប្រឈមការខាតបង់

12506

ភ្នំពេញ ៖ ខុសប្លែកកាលពីគ្រាបើកដំណើរការសាកល្បងលើកដំបូងដែលមានមនុស្សជាច្រើននាក់សម្រុកនាំគ្នាចូលទៅកាន់ផ្សារទំនើបលំដាប់អន្តរជាតិ AEON 3 ដែលស្ថិតនៅតាមបណ្តោយមហាវិថីសម្ដេចតេជោ ឬផ្លូវ60 ម៉ែត្រនោះ បច្ចុប្បន្ននេះបែរជាប្រែក្លាយមកជាភាពស្ងប់ស្ងាត់គ្មានអ្នកទិញទៅវិញ រហូតធ្វើឱ្យបណ្តាអាជីវករដែលជួលទីតាំងលក់សម្ដែងពីការព្រួយបារម្ភ និងប្រឈមនឹងការខាតបង់។


អាជីវករមួយរូបដែលជាអ្នកជួលទីតាំងលក់ស្បែកជើងបែបយុវវ័យទាន់សម័យបាននិយាយប្រាប់ក្នុងលក្ខខណ្ឌសុំមិនបញ្ចេញឈ្មោះបានឱ្យដឹងថា កាលពីពេលចាប់បើកដំណើរការសាកល្បងដំបូង លោកពិតជាមានអារម្មណ៍ថារីករាយសប្បាយចិត្តជាខ្លាំង បើទោះជាការលក់មិនដាច់ច្រើនក៏ដោយ ប៉ុន្តែយ៉ាងហោចណាស់ក៏មានមនុស្សម្នាចេញចូលច្រើនដែរ។ ប៉ុន្តែបច្ចុប្បន្ននេះ អ្វីៗស្ទើរគ្រប់យ៉ាងបានប្រែក្លាយស្ទើរតែ 360ដឺក្រេ ព្រោះស្ទើរតែរាល់ថ្ងៃមានតែអ្នកអ្នកឈលក់ ឬអ្នកប្រចាំការនៅហាងលក់ផលិតផល ប៉ុន្តែគ្មានអ្នកដើរទិញទំនិញនោះទេ។


អាជីវករដដែលបានបន្តថា សម្រាប់ស្តង់ដែលអាចលក់បានតិតួចគឺមានតែកន្លែងលក់អាហារសម្រន់ ឬកន្លែងលក់ភេសជ្ជៈ ឬការហ្វេប៉ុណ្ណោះ ប៉ុន្តែសម្រាប់ស្តង់លក់ទំនិញទូទៅ គឺស្ងាត់ឈឹងតែម្ដង ដែលស្ទើរមួយថ្ងៃគ្មានអ្នកចូលទិញសូម្បីតែម្នាក់។ ប្រសិនបើស្ថានភាពបែបនេះនៅតែបន្ត មិនយូរនោះទេ ផ្សារទំនើប លំដាប់អន្តរជាតិ AEON 3 នេះនឹងស្រដៀងគ្នាទៅនឹងផ្សារទំនើប OLYMPIA យ៉ាងដូច្នោះ ពោលគឺមានតែស្ដង់លក់ផលិតផល ប៉ុន្តែគ្មានអ្នកដើរទិញនោះទេ។


បញ្ហាមួយទៀតដែលបណ្តាអាជីវករកំពុងប្រឈមខ្លាំងនោះគឺមិនត្រឹមតែខាតបង់ទៅលើការចំណាយទៅលើថ្លៃជួយទីតាំងលក់ ការចំណាយទៅលើថ្លៃឈ្នួលបុគ្គលិក គឺនៅមានការចំណាយទៅលើថ្លៃ Management fee ការចំណយឡើលើថ្លៃ Marketing fee ថ្លៃអគ្គិសនី ដែលសរុបមួយខែៗរាប់ពាន់ដុល្លារ ហើយទីតាំងស្ដង់ខ្លះចំណាយរហូតដល់ខ្ទង់ម៉ឺនដុល្លារ។


ជាមួយនឹងការត្អូញត្អែរពីភាពស្ងាប់ស្ងាត់ និងគ្មានអ្នកដើរទិញទំនិញ និងផលិតផលចម្រុះ អាជីវកម្មរូបនេះបានសំណូមពរទៅដល់គណៈគ្រប់គ្រងផ្សារAEON3 ជាពិសេស អ្នកគ្រប់គ្រងផ្នែកទីផ្សារ និងផ្សព្វផ្សាយ គួរតែរិះរកវិធីសាស្ត្រផ្សព្វផ្សាយ ដើម្បីបង្កើនភាពទាក់ទាញ ជួយជំរុញដល់ការលក់របស់អាជីវករទូទៅដែលបានផ្តល់ភាពជឿទុកចិត្ត និងចំណាយដើមទុនរាប់ម៉ឺនដុល្លារលើការជួលទីតាំងផ្សារទំនើបមួយនេះ ខណៈដែលកាលពីពេលកន្លងទៅទៅនេះ មានតែកិច្ចប្រជុំ និងទទួលយកនូវសំណើររបស់អាជីវករ ប៉ុន្តែគ្មានដំណោះស្រាយពីខាងតំណាងផ្សារនៅឡើយ៕