ឥណ្ឌូណេស៊ី៖ សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) បានឲ្យដឹងថា ខ្លួនមាន “ការព្រួយបារម្ភយ៉ាងខ្លាំង” អំពីអំពើហឹង្សាដែលកំពុងបន្តនៅក្នុងប្រទេសមីយ៉ាន់ម៉ា ហើយបានថ្កោលទោសការវាយប្រហារនាពេលថ្មីៗនេះ ទៅលើក្បួនរថយន្តដែលផ្តល់ជំនួយមនុស្សធម៌នៅក្នុងរដ្ឋ Shan របស់មីយ៉ាន់ម៉ា។
ជម្លោះនៅមីយ៉ាន់ម៉ា បានគ្របដណ្ដប់លើកិច្ចពិភាក្សានៅពេលមេដឹកនាំអាស៊ានជួបប្រជុំនៅប្រទេសឥណ្ឌូនេស៊ី។
អាស៊ានបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃពុធ (10 ឧសភា) នេះថា “យើងមានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះអំពើហឹង្សាដែលកំពុងបន្តនៅក្នុងប្រទេសមីយ៉ាន់ម៉ា ហើយបានជំរុញឱ្យបញ្ឈប់ជាបន្ទាន់នូវរាល់ទម្រង់នៃអំពើហិង្សា និងការប្រើប្រាស់កម្លាំង” ។
អាស៊ាន បានអំពាវនាវឱ្យមាន “បរិយាកាសអំណោយផលសម្រាប់ការផ្តល់ជំនួយមនុស្សធម៌ប្រកបដោយសុវត្ថិភាព និងទាន់ពេលវេលា និងការសន្ទនាថ្នាក់ជាតិដែលរួមបញ្ចូល” ។
ប្រទេសឥណ្ឌូនេស៊ី និងសិង្ហបុរី កាលពីថ្ងៃចន្ទ បានថ្កោលទោសការវាយប្រហារលើក្បួនរថយន្តជំនួយដែលដឹកអ្នកការទូតក្នុងតំបន់ រួមទាំងបុគ្គលិកពីរនាក់មកពីស្ថានទូតសិង្ហបុរីនៅទីក្រុងយ៉ាំងហ្គោន។
ព័ត៌មានលម្អិតមួយចំនួនត្រូវបានចេញផ្សាយអំពីការបាញ់ប្រហារនៅរដ្ឋ Shan ភាគខាងកើតប្រទេសមីយ៉ាន់ម៉ា ប៉ុន្តែសិង្ហបុរី និងឥណ្ឌូណេស៊ី បាននិយាយថា អ្នកតំណាងរបស់ពួកគេមិនមានការរងរបួសអ្វីឡើយ។
មេដឹកនាំអាស៊ានបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍រួមមួយនៅថ្ងៃពុធនេះថា “យើងបានថ្កោលទោសការវាយប្រហារនេះ ហើយបានគូសបញ្ជាក់ថា ជនល្មើសត្រូវតែទទួលខុសត្រូវ” ។
“យើងបានគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់ប្រធានអាស៊ាន រួមទាំងការបន្តការចូលរួមរបស់ខ្លួនជាមួយអ្នកពាក់ព័ន្ធទាំងអស់ក្នុងប្រទេសមីយ៉ាន់ម៉ា ដើម្បីលើកទឹកចិត្តឱ្យមានវឌ្ឍនភាពក្នុងការអនុវត្តការឯកភាពប្រាំចំណុច”។
ការឯកភាពគ្នានេះ សំដៅទៅលើផែនការសន្តិភាពដែលបានព្រមព្រៀងគ្នារវាងអាស៊ាន និងរបបយោធា នៅឆ្នាំ ២០២១ ប៉ុន្មានខែបន្ទាប់ពីលោក មីង អុងលាំង បានផ្តួលរំលំរដ្ឋាភិបាលជាប់ឆ្នោតរបស់លោកស្រី អ៊ុងសាន ស៊ូជី។
រ៉យទ័របានរាយការណ៍ថា ប្រធានាធិបតីឥណ្ឌូនេស៊ី លោក Joko Widodo ដែលជាប្រធានអាស៊ានបច្ចុប្បន្ន បាននិយាយថា ប្លុកនេះគួរតែលើកឡើង ហើយនិយាយជាបញ្ហាមួយ ក្នុងចំណោមបញ្ហាប្រឈមបំផុតរបស់ខ្លួន។
«តើអាស៊ាននឹងនៅស្ងៀម ឬតើអាស៊ាននឹងអាចក្លាយជាអ្នកជំរុញ ដើម្បីសន្តិភាព ឬការរីកចម្រើន?»។
នៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃចន្ទ លោក Widodo បានអំពាវនាវឱ្យមាន “កន្លែងសម្រាប់ការសន្ទនាដើម្បីស្វែងរកដំណោះស្រាយរួមគ្នា” ។
អាស៊ានបានអះអាងកាន់តែខ្លាំងឡើងជាមួយរបបយោធាមីយ៉ាន់ម៉ា ជុំវិញការបរាជ័យក្នុងការអនុវត្តការយល់ព្រមទាំង ៥ចំណុច និងបានរារាំងមេដឹកនាំមីយ៉ាន់ម៉ា មិនឲ្យចូលរួមកិច្ចប្រជុំថ្នាក់ខ្ពស់។