ភ្នំពេញ៖ នាព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០ សារព័ត៌មាន CAM ASIA NEWS បានសហការណ៍ជាមួយ ក្រុមហ៊ុនសាប៊ូ Parrot និងក្រដាស អនាម័យ Cellox  បង្កើតកម្មវិធីលើកទី៣ ក្នុងការចែក សាប៊ូ PARROT ចំនួន ៣០០០ដុំ ក្រដាស CELLOX , ម៉ាស់ និងជែលលាងដៃ ចំនួន ៥០០ដប ជូនដល់បងប្អូនប្រជាពលរដ្ឋទូទៅ ដែលមានទីតាំងស្ថិតនៅមន្ទីរពេទ្យស្រ្តី នគរទេព ក្នុងសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ក្នុងសកម្មភាពនាថ្ងៃនោះដែរ យើងសង្កេតឃើញថា មានបងប្អូនប្រជាពលរដ្ឋខ្មែរដែលរស់នៅក្នុងតំបន់នោះ បាននាំគ្នាមកទទួលយក សាប៊ូParrot ក្រដាស Cellox ម៉ាស់ និងជែលលាងដៃ យ៉ាងច្រើនកុះករហួសការរំពឹងទុក នៅក្នុងបរិវេណមន្ទីរពេទ្យស្រ្តី នគរទេព ។ ពួកគាត់បានសម្តែងការពេញចិត្ត និងសប្បាយរីករាយយ៉ាងខ្លាំង ចំពោះកម្មវិធីសប្បុរសធម៌ របស់សារព័ត៌មាន CAM ASIA រួមនិងក្រុមហ៊ុនសាប៊ូ PARROT និងក្រដាស CELLOX ដែលបានចែកជូនពួកគាត់ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋទៅ ដោយឥតគិតថ្លៃ ។

លោកស្រីវេជ្ជបណ្ឌិត ទួន សុវណ្ណា ទីប្រឹក្សា ប្រធានផ្នែកប្រតិបត្តិ នៃមន្ទីរពេទ្យស្រ្តី នគរទេព បានមានប្រសាសន៍សំណូមពរដល់បងប្អូនប្រជាជនយើងថា៖ បើទោះបីជាប្រទេសយើង ជំងឺកូវីដ១៩ ជិតផុតរលត់ទៅហើយក្តី ប៉ុន្តែសូមបងប្អូនប្រជាពលរដ្ឋយើង កុំភ្លេចខ្លួន និងត្រូវតែគិតជានិច្ច​ថា បើសិនយើងប្រហែសគឺអាចឆ្លងបាន ដូច្នេះយើងត្រូវអនុវត្តន៍តាមវិធានការណ៍ ក៏ដូចជាសេចក្តីណែនាំរបស់ក្រសួងសុខាភិបាលឲ្យបានខ្ជាប់ខ្ជួន ដើម្បីទប់ស្កាត់បង្ការទាំងអស់គ្នា ។

លោកស្រីវេជ្ជបណ្ឌិត បានសម្តែងសេចក្តីសប្បាយរីករាយផងដែរ ដល់ក្រុមហ៊ុនសាប៊ូ Parrot ក្រដាស អនាម័យ Cellox និងសារព័ត៌មាន ខេម អេស៊ា ដែលបានសហការណ៍គ្នាបង្កើតកម្មវិធី ចែកសាប៊ូ ក្រដាសអនាម័យ ម៉ាស់ និងទឹកអាល់កុលលាងដៃ ដោយឥតគិតថ្លៃ នេះឡើងក្នុងការជួយដល់ប្រជាពលរដ្ឋ ក្នុងគោលបំណងជួយសម្រាលដល់ទុក្ខលំបាកខ្លះៗរបស់ពួកគាត់តាមតំបន់ ដើម្បីបង្ការការពារជំងឺកូវីដ១៩ទាំងអស់គ្នា ទៅតាមការណែនាំរបស់ក្រសួងសុខាភិបាលកម្ពុជា។ លោកស្រីវេជ្ជបណ្ឌិត រំពឹងថា ក្រុមហ៊ុន Parrot និង Cellox នឹងសហការណ៍គ្នាល្អ ក្នុងការបង្កើតកម្មវិធីចែកជូនដោយឥតគិតថ្លៃនេះជូនដល់ប្រជាពលរដ្ឋបន្តទៀត ៕