ប៉េកាំង ៖បើតាមការដកស្រង់ការផ្សាយចេញពីស្ថានីយទូរទស្សន៍ CNN កាលពីថ្ងៃចន្ទ ទី០១ ខែមិថុនា ឆ្នាំ២០២០ ក្រសួងការបរទេសចិនកាលពីថ្ងៃចន្ទម្សិលមិញ បានបញ្ចេញមតិពាក់ព័ន្ធ នឹងភាពវឹកវរ ដែលកំពុងកើតឡើង នៅសហរដ្ឋអាមេរិក ក្រោយការបាត់បង់ជីវិតបុរសជាពលរដ្ឋអាមេរិកស្បែក ខ្មៅម្នាក់ ក្រោមស្នាដៃប៉ូលិសនៅឯរដ្ឋ Minnesota កាលពីដើមសប្តាហ៍មុន។

លោក Zhao Lijian អ្នកនាំពាក្យក្រសួងការបរទេសចិន បាននិយាយដូច្នេះថា យើងកំពុងតាមដាន ការវិវឌ្ឍន៍ស្ថានការណ៍ជុំវិញ ការស្លាប់របស់លោក George Floyd ក៏ដូចជាចលនា Black Lives Matter ដែលប្រឆាំងការប្រើអំពើហិង្សាដោយរើសអើងមកលើ ជនជាតិស្បែកខ្មៅ ខណៈសិទ្ធិមនុស្ស របស់ពួកគេគឺគួរតែ ត្រូវបានការពារ»។

លោក Zhao បានបន្តថា «ការរើសអើសពូជសាសន៍-ពណ៌សម្បុរគឺជាជំងឺសង្គមមួយ នៅក្នុងសហរដ្ឋអាមេរិក ហើយអ្វីដែលបាន និងកំពុងកើតឡើងនាពេលនេះ គឺឆ្លុះបញ្ចាំងឲ្យឃើញជាថ្មីម្តងទៀតថា មានបញ្ហាដ៏ធ្ងន់ធ្ងរ មួយចំនួន ដែលគួរតែត្រូវដោះស្រាយជា បន្ទាន់ នោះគឺការរើសអើងពូជសាសន៍ និងការអនុវត្តច្បាប់ដោយ ហិង្សា ដែលប្រព្រឹត្តដោយប៉ូលិសអាមេរិក»។

អ្នកនាំពាក្យរដ្ឋាភិបាលចិនរូបនេះ បានបន្ថែមទៀតថា «យើងសង្ឃឹមរដ្ឋាភិបាលអាមេរិក នឹងចាត់វិធានការ រឹងមាំជាក់ស្តែង ដើម្បី បំពេញកាតព្វកិច្ចរបស់ខ្លួន នៅក្រោមសន្ធិសញ្ញាអន្តរជាតិស្តីពីការ លុបបំបាត់ ចោលសកម្មភាពរើសអើងពូជសាសន៍គ្រប់ទម្រង់»។

គួរជម្រាបថា ជាមួយគ្នានោះ លោក Zhao ក៏បានច្រានចោលនូវការអះអាងដោយមន្រ្តីអាមេរិកមួយចំនួន ដែលថាបរទេសរួមមាន ទាំងចិនផងដែរ បានចូលលូកដៃក្នុងបាតុកម្ម ដែលកំពុងបង្កភាពញ័ររញ្ជួយ នៅទូទាំងសហរដ្ឋអាមេរិកនាពេលនេះ។

លោក Zhao បានគូសបញ្ជាក់ថា ចិនគ្មានគោលការណ៍ ទៅជ្រៀតជ្រែក កិច្ចការផ្ទៃក្នុងប្រទេសដទៃនោះទេ ហើយលោកសង្ឃឹមថា អ្នកនយោបាយ អាមេរិកក៏គួរតែមានគោលការណ៍ដូចគ្នានេះដែរ គឺកុំចេះលូកដៃកិច្ចការផ្ទៃក្នុងប្រទេសដទៃ៕