(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈកម្ពុជា បានចុះកិច្ចព្រមព្រៀងរួមគ្នាជាមួយតំណាងទីភ្នាក់ ងាររបស់អង្គការសហប្រជាជាតិចំនួន ៤ (អង្គការ ILO, UNESCO, UNICEF និង UNIDO) ដោយ មានការគាំទ្រពីទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍនិងកិច្ចសហប្រតិបត្តិការ (SDC) ដើម្បីអនុវត្តកម្មវិធី ការងារសមរម្យសម្រាប់យុវជន (DEY) ដំណាក់កាលទី២ ក្នុងការបន្តលើកកម្ពស់ការងារសមរម្យ របស់យុវជន និងកាត់បន្ថយវិសមភាពនៅក្នុងប្រទេស។

ពិធីចុះកិច្ចព្រមព្រៀងនេះធ្វើឡើងក្រោមសហប្រធានក្រុមប្រឹក្សាគម្រោង ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងលោកស្រី Pauline Tamesis អ្នកសម្របសម្រួល អង្គការសហប្រជាជាតិប្រចាំកម្ពុជា នាថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២០ នៅទីស្ដីក្រសួងការងារ។

ថវិកាសរុបសម្រាប់កម្មវិធី DEY ដំណាក់កាលទី២ គឺមានចំនួន ៨.៤៨ លានដុល្លារអាមេរិក ក្នុងនោះទឹកប្រាក់ ចំនួន ៤ លានដុល្លារ ជាថវិកាផ្តល់ដោយទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការ (SDC) និងចំនួន ៤.៤៨ លានដុល្លារទៀត ជាថវិកាដែលបានមកពីមូលនិធិស្នូលរបស់ទីភ្នាក់ងារ ដែលចូលរួមនៅ ក្នុងកម្មវិធីនេះពីអ្នកផ្តល់ជំនួយដទៃទៀត ពីវិស័យឯកជន ពីរាជរដ្ឋាភិបាលកម្ពុជា  គម្រោងនេះ មានរយៈពេល ៤ឆ្នាំ ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២០ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣។

កម្មវិធីនេះនឹងផ្តល់ឱ្យយុវជនដែលបោះបង់ការសិក្សា និងងាយរងគ្រោះនូវកញ្ចប់ការ សិក្សាប្រកប ដោយនវានុវត្តន៍ ដែលរួមបញ្ចូលនូវជំនាញបច្ចេកទេស ជំនាញសហគ្រិន ជំនាញទន់ និងការធ្វើពាណិជ្ជកម្ម ក៏ដូចជាការណែនាំពីមុខរបរដែលកំពុងមានតម្រូវការ ដើម្បីធានាថាពួកគេអាច បំពេញតាមតម្រូវការ ទីផ្សារការងារ និងត្រៀមខ្លួនជាស្រេចសម្រាប់ការងារប្រកបដោយគុណភាព។

ក្នុងអំឡុងពេលនៃការរាលត្បាតនៃជំងឺកូវីដ-១៩នេះ កម្មវិធីនេះក៏ជួយគាំទ្រផ្នែកគោល នយោបាយរបស់ រដ្ឋាភិបាលក្នុងការឆ្លើយតបជាបន្ទាន់ទៅនឹងជំងឺកូវីដ-១៩ និងបន្ទាប់ពីជំងឺកូវីដ-១៩។

លោកស្រី Pauline Tamesis បានថ្លែងថា ទាក់ទងទៅនឹងផលប៉ះពាល់ផ្នែកសេដ្ឋកិច្ច និងសង្គមដោយ សារការរាលត្បាតនៃជំងឺកូវីដ-១៩នេះ ប្រទេសកម្ពុជាក៏កំពុងប្រឈមនឹងបញ្ហាការ ផ្លាស់ប្តូរបរិយាកាស ប្រព័ន្ធឌីជីថល និងប្រជាសាស្ត្រ។ យុវជនជាស្រី្ត និងបុរសវ័យក្មេងចំនួន ១៦០,០០០នាក់ បានចូលទៅ ក្នុងទីផ្សារការងារជារៀងរាល់ឆ្នាំ និងត្រូវការជាខ្លាំងនូវជំនាញ និងសមត្ថភាពក្នុង ការដោះស្រាយនូវបញ្ហា ទាំងអស់នេះ។

លោកស្រី Pauline បានបន្តថា កម្មវិធីដំណាក់កាលទី២នេះ នឹងទាញយកផលប្រយោជន៍ពី ការចូល រួមរបស់វិស័យឯកជន រួមមាន៖ សហព័ន្ធនិយោជក និងសមាគមពាណិជ្ជកម្មកម្ពុជា (CAMFEBA) ក្នុងបេសកកម្មសម្របសម្រួលការផ្លាស់ប្តូរពីសាលារៀនទៅកន្លែងធ្វើការ និងការចូលរួមកាត់បន្ថយការ មិនស៊ីចង្វាក់គ្នានៃជំនាញរបស់យុវជនវ័យក្មេងនៅកម្ពុជា។

លោកស្រី Carin Salerno ក៏បានថ្លែងដែរថា ទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការ (SDC) រីករាយក្នុងការចូលរួម និងបន្តកិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូជាមួយរាជរដ្ឋាភិបាល និងអង្គការ សហប្រជាជាតិនៅកម្ពុជា ដើម្បីគាំទ្រយុវជនវ័យក្មេងនៅក្នុងប្រទេស ជាពិសេសជនដែលរងគ្រោះ ដោយជំងឺ រាលត្បាត ដើម្បីជំនះនឹងបញ្ហាការងារនាពេលបច្ចុប្បន្ន និងត្រៀមខ្លួនជាស្រេចសម្រាប់ តម្រូវការ ការងារនា ថ្ងៃអនាគតបន្ទាប់ពីគ្រោះមហន្តរាយនេះ។

ឯកឧត្តមបណ្ឌិត អ៊ិត សំហេង បានមានប្រសាសន៍ថា នៅក្នុងដំណាក់កាលលំបាកនេះ ឯកឧត្តមពិតជាមាន សេចក្តីរីករាយណាស់ ដែលបានឃើញដៃគូអភិវឌ្ឍន៍ក្នុងប្រទេស ក៏ដូចជាដៃគូអភិវឌ្ឍន៍ អន្តរជាតិបានរួមគ្នា គាំទ្រដល់យុវជនវ័យក្មេងងាយរងគ្រោះនៅកម្ពុជា ជម្នះនូវបញ្ហាប្រឈមនាពេលបច្ចុប្បន្ន និងកសាង អនាគតការងារដ៏ភ្លឺស្វាង។

សូមជម្រាបថា កម្មវិធីការងារសមរម្យសម្រាប់យុវជនដំណាក់កាលទី២នេះ មានគោលបំណងគាំទ្រដល់ស្ត្រី និងបុរសវ័យក្មេងនៅកម្ពុជា ដើម្បីឱ្យពួកគេកាន់តែអាចទទួលបានឱកាសសមរម្យប្រកបដោយផលិតភាព តាមរយៈការធានាឱ្យពួកគេកាន់តែមានលទ្ធភាពឆ្លើយតបចំពោះតម្រូវការទីផ្សារការងារ និងត្រៀមខ្លួនដើម្បី ទទួលបានការងារប្រកបដោយគុណភាព។ សរុបមក មានយុវជន ១៧០.០០០នាក់ (ស្រី ៥០%) នឹងទទួលបានផលដោយផ្ទាល់ពីកម្មវិធីការងារសមរម្យសម្រាប់យុវជនដំណាក់កាលទី២នេះ។

ដើម្បីសម្រេចបានលទ្ធផល និងលើកកម្ពស់កិច្ចសហប្រតិបត្តិការឲ្យបានជា អតិបរមានៅក្នុង ដំណាក់កាលទី២ នេះ កម្មវិធី DEY នឹងផ្តោតជារួមលើគ្រប់សកម្មភាពទាំងអស់ក្នុងវិស័យចំនួន ៤ មានទេសចរណ៍ កសិឧស្សាហកម្ម សំណង់ និងកម្មន្តសាល។

កម្មវិធីនេះក៏មានគោលបំណងរួមចំណែកដល់ការអនុវត្តគោលនយោបាយឆ្លើយតបចំពោះជំងឺកូវីដ-១៩ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងអំឡុងពេលនៃការរាតត្បាតជាសាកលនេះផងដែរ ជាពិសេសដើម្បីជួយដោះ ស្រាយបញ្ហាការងារ និងប្រាក់ចំណូលរបស់ប្រជាពលរដ្ឋ៕