នាព្រឹកថ្ងៃស្រុក ទី០៩ ខែមិថុនា ឆ្នាំ២០២៣នេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានលើកកម្រិត ជួសជុល និងថែទាំផ្លូវខេត្តលេខ៣១២ ប្រវែង ២៨,៣៧២គីឡូម៉ែត្រ ស្ថិតក្នុងស្រុកព្រះស្តេច ខេត្តព្រៃវែង ក្រោមឥណទានសម្បទាន ធនាគារអភិវឌ្ឍន៍អាស៊ី។
ពិធីបើកការដ្ឋាននេះ ក៏មានការអញ្ជើញចូលរួមផងដែរពីសំណាក់ ឯកឧត្ដម លោកជំទាវ ថ្នាក់ដឹកនាំ មន្ដ្រីរាជការ នៃក្រសួងសាធារណការ និងដឹកជញ្ជូន ក៏ដូចជាក្រសួង-ស្ថាប័នពាក់ព័ន្ធនានា រួមជាមួយអាជ្ញាធរមូលដ្ឋាននៃស្រុកព្រះស្តេច និងខេត្តព្រៃវែង តំណាងធនាគារអភិវឌ្ឍន៍អាស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា ព្រមទាំងភ្ញៀវកិត្ដិយសជាតិ-អន្ដរជាតិ និងប្រជាពលរដ្ឋ សិស្សានុសិស្សជាច្រើននាក់។
នាឱកាសនោះ ឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានគោរពជម្រាបជូនគណៈអធិបតី និងអង្គពិធីទាំងមូល ថា ការដ្ឋានលើកកម្រិតជួសជុល និងថែទាំផ្លូវខេត្តលេខ៣១២នេះ មានប្រវែង ២៨,៣៧២ គីឡូម៉ែត្រ ចាប់ផ្តើមពីភូមិសំរោង ឃុំល្វា (ត្រង់បំបែកផ្លូវជាតិលេខ១ គីឡូម៉ែត្រលេខ ៧៧+០៨២) រហូតដល់ភូមិករគោ ឃុំបន្ទាយចក្រី (ព្រំប្រទល់កម្ពុជា-វៀតណាម) ក្នុងភូមិសាស្រ្តស្រុកព្រះស្តេច នៃខេត្តព្រៃវែង។
ឯកឧត្តម ទេសរដ្ឋមន្ដ្រី បន្ដថា គម្រោងនេះនឹងត្រូវស្តារពង្រីកទទឹងតួផ្លូវរហូតដល់ ១២ម៉ែត្រ និងលើកកម្រិតគុណភាព ពីប្រភេទផ្លូវក្រាលកៅស៊ូពីរស្រទាប់(DBST) ទៅជាប្រភេទផ្លូវក្រាលបេតុងកៅស៊ូ (AC) និងផ្នែកខ្លះក្រាលបេតុងសរសៃដែក កម្រាស់ ២៥ស.ម ដែលមានទទឹងរួម ១១ម៉ែត្រ និងមាន២គន្លងទៅ-មក។ ការដាក់លូគ្រប់ប្រភេទនៅតាមបណ្តោយផ្លូវ ព្រមទាំងការបំពាក់ស្លាកសញ្ញា គំនូសសញ្ញា បង្គោលគីឡូម៉ែត្រ និងបង្គោលសុវត្ថិភាពទៅតាមបទដ្ឋានបច្ចេកទេស ក៏នឹងត្រូវបានរួមបញ្ចូលក្នុងគម្រោងនេះផងដែរ។
នាឱកាសនោះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានលើកឡើងថា តម្រូវការអភិវឌ្ឍន៍វិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវ ស្ពាននៅកម្ពុជា គឺត្រូវបានរាជរដ្ឋាភិបាលនៅតែចាត់ទុកជាយុទ្ធសាស្រ្តអាទិភាព ដែលជំរុញកំណើនសេដ្ឋកិច្ច ហើយក៏ជាមធ្យោបាយដ៏មានប្រសិទ្ធភាព សម្រាប់កាត់បន្ថយភាពក្រីក្ររបស់ប្រជាជនផងដែរ។ ការអភិវឌ្ឍរីកចម្រើននៅកម្ពុជា អាចសម្រេចទៅបាន គឺអាស្រ័យដោយមានការឧបត្ថម្ភគាំទ្រតាមរយៈការផ្ដល់ហិរញ្ញប្បទានសម្បទាន និងជំនួយឥតសំណងពីសំណាក់បណ្ដាប្រទេសជាមិត្ត និងដៃគូអភិវឌ្ឍន៍នានា ដែលក្នុងនោះធនាគារអភិវឌ្ឍន៍អាស៊ី គឺជាដៃគូអភិវឌ្ឍន៍ដ៏សំខាន់មួយ ដែលតែងតែផ្តល់ការគាំទ្រដល់ការអភិវឌ្ឍនៅកម្ពុជា។
ឆ្លៀតក្នុងឱកាសនេះ សម្តេចក្រឡាហោម ស ខេង ក៏បានថ្លែងនូវអំណរគុណដល់ធនាគារអភិវឌ្ឍន៍អាស៊ី ដែលបានជួយដល់ការអភិវឌ្ឍលើវិស័យសំខាន់ៗជាច្រើននៅកម្ពុជា បើនិយាយជារួម និងនិយាយដោយឡែក គឺបានជួយដល់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ការសាងសង់ប្រព័ន្ធលូចម្រោះសម្អាត ទឹកកខ្វក់ និងស្ថានីយបូមទឹក ការសាងសង់ប្រព័ន្ធលូរំដោះទឹកភ្លៀង ការសាងសង់ទីតាំងកែច្នៃសំរាម និងការសាងសង់ទីលានទុកដាក់សំរាមនៅតាមទីប្រជុំជន និងក្រុងក្នុងបណ្ដាខេត្តសំខាន់ៗមួយចំនួន រួមទាំងការរៀបចំផែនការមេ ការកសាងសមត្ថភាព និងការសិក្សាគម្រោងជាដើម ដើម្បីបម្រើដល់ការរីកចម្រើន និងការអភិវឌ្ឍសង្គមសេដ្ឋកិច្ចនៅកម្ពុជា។
ទន្ទឹមនោះ សម្តេចក្រឡាហោម ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏ដូចជាធនាគារអភិវឌ្ឍន៍អាស៊ី ដែលបានជួយពន្លឿនក្នុងការរៀបចំនីតិវិធី ដើម្បីជំរុញឱ្យគម្រោងលើកកម្រិតជួសជុល និងថែទាំផ្លូវខេត្តលេខ៣១២ អាចប្រកាសបើកការដ្ឋានបាននាពេលនេះ។
លើសពីនេះទៀត សម្តេចក្រឡាហោម ក៏បានស្នើដល់ភាគីក្រុមហ៊ុនសាងសង់ និង ក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស ត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការសាងសង់ និងត្រួតពិនិត្យបច្ចេកទេសឱ្យបានត្រឹមត្រូវ តាមស្ដង់ដារបច្ចេកទេស និងប្រកបដោយគុណភាព និងស្នើសុំការយោគយល់ និង អធ្យាស្រ័យពីបងប្អូនប្រជាពលរដ្ឋ ដែលទទួលរងផលប៉ះពាល់ដោយសារគម្រោងអភិវឌ្ឍន៍នេះផងដែរ៕
ដោយ ៖ នាយកដ្ឋានព័ត៌មានវិទ្យា