សម្ដេចក្រឡាហោម ស ខេង អញ្ជើញចូលរួមក្នុងពិធីបិទព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ នៅកម្ពុជា

110

ភ្នំពេញ ៖ នារាត្រីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមក្នុងពិធីបិទនូវព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ក្រោមអធីបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
នាឱកាសនោះ សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍អំណរគុណ និងកោតសរសើរ វាយតម្លៃខ្ពស់ ចំពោះគណៈកម្មការរៀបចំកីឡាជនពិការអាស៊ានប៉ារ៉ាហ្គេម លើកទី១២ សហព័ន្ធកីឡាជនពិការអាស៊ាន និងប្រតិភូកីឡាជនពិការអាស៊ាន និងទីម័រឡេស​ ដែលបានរួមគ្នាលើកតម្កើងគុណតម្លៃបន្ថែម ជូនអត្តពលិក មានពិការភាព និងផ្តល់នូវស្មារតីគាំទ្រយ៉ាងពេញទំហឹងចំពោះព្រឹត្តិការណ៍កីឡាជនពិការអាស៊ាន លើកទី១២ នៅកម្ពុជា។
សម្តេចតេជោ បន្ដថា ក្នុងនាមជាម្ចាស់ផ្ទះ កម្ពុជាព្យាយាមអស់ពីសមត្ថភាព និងលទ្ធភាព ដើម្បីធានារៀបចំការធ្វើជាម្ចាស់ផ្ទះ កីឡាជនពិការអាស៊ានប៉ារ៉ាហ្គេមនេះ ឱ្យប្រព្រឹត្តមទៅតាមនិយាម និងស្តង់ដារកីឡាជនពិការអន្តរជាតិពិតប្រាកដ។
សូមជម្រាបជូនដែរ ព្រឹត្តិការណ៍កីឡាជនពិការអាស៊ានប៉ារ៉ាហ្គេម លើកទី១២ បានចាប់ផ្តើមពីថ្ងៃទី៣-៩ ខែមិថុនា ឆ្នាំ២០២៣នេះ។ អត្តពលិកកម្ពុជា ដណ្តើមបានមេដាយជូនជាតិ សរុបចំនួន ៧០មេដាយ ក្នុងនោះ មានដូចជា៖ មេដាយមាស ៩ មេដាយប្រាក់ ១៨ និងមេដាយសំរឹទ្ធ ៤៣គ្រឿង ក្នុងចំណោម ១១ប្រទេស។ បន្ទាប់ពីបញ្ចប់ ការធ្វើជាម្ចាស់ផ្ទះរបស់កម្ពុជា នៅឆ្នាំ២០២៣នេះ ភារកិច្ចបន្ដត្រូវបានប្រគល់ជូនប្រទេសថៃ ដើម្បីធ្វើជាម្ចាស់ផ្ទះ នៃព្រឹត្តិការណ៍ប្រកួតកីឡាជនពិការអាស៊ានប៉ារ៉ាហ្គេម លើកទី១៣ ឆ្នាំ២០២៥៕


ដោយ ៖ នាយកដ្ឋានព័ត៌មានវិទ្យា