(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២០នេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិ សម្រាប់ការអភិវឌ្ឍ តាមបែបប្រជាធិបតេយ្យ នៅក្រោមជាតិបានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្សព្វផ្សាយនិងដាក់ឲ្យដំណើរការមន្ទីរសុខាភិបាលរាជ ធានី-ខេត្ត នៅទីស្តីការក្រសួងមហាផ្ទៃ ។

ក្នុងឱកាសនោះ សម្តេចក្រឡាហោម ស ខេង បានផ្តល់គោលការណ៍ណែនាំចំនួន ៤ចំណុច ដែលត្រូវផ្តោត ការយកចិត្តទុកដាក់អនុវត្តន៍ ដើម្បីធានាឲ្យរដ្ឋបាលរាជធានី-ខេត្តទាំង២៥ អាចចាប់ផ្តើមគ្រប់គ្រង ចាត់ចែង មុខងារផ្តល់សេវាសុខាភិបាល ដែលបានផ្ទេរឲ្យនេះ ប្រកបដោយប្រសិទ្ធភាពខ្ពស់ ស្របតាម ស្មារតីនៃអនុក្រឹត្យ ស្តីពី «ការប្រគល់មុខងារគ្រប់គ្រង និងផ្តល់សេវាសុខាភិបាល ទៅឲ្យរដ្ឋបាលរាជធានី-ខេត្ត»។

គោលការណ៍ណែនាំទាំង ៤ចំណុចនោះ រួមមាន៖
* ការផ្សព្វផ្សាយបន្តនៅថ្នាក់រាជធានី-ខេត្ត៖ រដ្ឋបាលរាជធានី-ខេត្តនីមួយៗ ត្រូវរៀបចំពិធីផ្សព្វផ្សាយ និងដាក់ឲ្យដំណើរការមន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានី-ខេត្តសាមីនីមួយៗ ឲ្យបានទូលំទូលាយ ជូនដល់ថ្នាក់ដឹកនាំ នៃមន្ទីរជំនាញរាជធានី-ខេត្ត។ ត្រូវអនុវត្តន៍តាមវិធានការ របស់ក្រសួងសុខាភិបាល ដើម្បីធានាដល់ការការពារ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។

* ការគ្រប់គ្រងបុគ្គលិកដែលបានផ្ទេរទៅឲ្យ៖ ជារួមបុគ្គលិកសុខាភិបាលប្រមាណជាង ២ម៉ឺននាក់ ត្រូវបានផ្ទេរ ទៅឲ្យរដ្ឋបាលរាជធានី-ខេត្តសាមីនីមួយៗ។ ទោះបីបុគ្គលិកទាំងនេះ នៅតែបន្តស្ថិត ក្នុងអង្គសុខាភិបាល ក៏ដោយ ក៏ប៉ុន្តែបុគ្គលិកទាំងនេះ ត្រូវបានផ្ទេរទៅស្ថិតក្រោមការគ្រប់គ្រងផ្ទាល់ របស់ រដ្ឋបាល រាជធានី-ខេត្តសាមីនីមួយៗ ដែលត្រូវអនុវត្តតាមគោលការណ៍ បែបបទ និងនីតិវិធីនៃការគ្រប់គ្រង       បុគ្គលិក ស្របតាមលក្ខន្តិកៈដោយឡែក សម្រាប់បុគ្គលិករដ្ឋបាលថ្នាក់ក្រោមជាតិ។

* ការគ្រប់គ្រង ការចាត់ចែង និងការប្រើប្រាស់ថវិកា៖ ថវិកាដែលត្រូវផ្ទេរទៅឲ្យរដ្ឋបាលរាជធានី-ខេត្ត សម្រាប់អនុវត្តន៍មុខងារផ្តល់សេវាសុខាភិបាល គឺជាថវិកាផ្ទេរដោយមានភ្ជាប់លក្ខខណ្ឌ។ ក្រុមប្រឹក្សា និងគណៈអភិបាលរដ្ឋបាលរាជធានី-ខេត្ត ត្រូវមានការយល់ដឹងឲ្យបានច្បាស់អំពីគោលការណ៍ បែបបទ និងនីតិវិធីនៃការគ្រប់គ្រង និងការប្រើប្រាស់ថវិកាផ្ទេរមានភ្ជាប់លក្ខខណ្ឌនេះ។

ជារួម រដ្ឋបាលរាជធានី-ខេត្តនីមួយៗ មិនអាចយកថវិកាមានភ្ជាប់លក្ខខណ្ឌនេះ ទៅប្រើប្រាស់សម្រាប់ អនុវត្តមុខងារផ្សេងទៀត ក្រៅពីមុខងារសុខាភិបាលដែលបានប្រគល់ឲ្យនេះបានឡើយ។ ផ្ទុយមកវិញ រដ្ឋបាលរាជធានី-ខេត្ត អាចសម្រេចយកថវិកាដែលកៀរគរបានពីប្រភពស្របច្បាប់នានា មកប្រើប្រាស់ លើការអនុវត្តមុខងារផ្តល់សេវាសុខាភិបាល ដើម្បីធានាដល់ការលើកកម្ពស់ទាំងគុណភាព និងបរិមាណ នៃការផ្តល់សេវាសុខាភិបាលជូនប្រជាពលរដ្ឋ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។

* ការផ្ទេរទ្រព្យសម្បត្តិ៖ លេខាធិការដ្ឋាន គ.ជ.អ.ប.ត្រូវបន្តសម្របសម្រួលជាមួយក្រសួងសុខាភិបាល ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីពន្លឿនការផ្ទេរទ្រព្យសម្បត្តិនានា ពាក់ព័ន្ធនឹងមុខងារសេវាសុខាភិបាល ដែលបានប្រគល់ទៅឲ្យរដ្ឋបាលរាជធានី-ខេត្ត ឲ្យបានរួចរាល់នៅក្នុងឆ្នាំ២០២០នេះ។

បើតាមសម្តេចក្រឡាហោម ស ខេង រាជរដ្ឋាភិបាលកម្ពុជា បានផ្ដល់ថវិកា ១៦៦លានដុល្លារអាមេរិក ដល់រដ្ឋបាលរាជធានី-ខេត្ត ក្នុងការអនុវត្តសេវាសុខាភិបាលនេះ។ ក្នុងនាមរាជរដ្ឋាភិបាល និងក្នុងនាម គ.ជ.អ.ប. សម្ដេចក្រឡាហោមបានបញ្ជាក់ជាថ្មី អំពីការតាំងចិត្តដ៏មោះមុតរបស់រាជរដ្ឋាភិបាល ក្នុងការបន្តអនុវត្តន៍ ឲ្យកាន់តែសុីជម្រៅនូវកំណែទម្រង់វិមជ្ឈការ ដើម្បីរួមចំណែកជំរុញល្បឿន នៃ ការអភិវឌ្ឍប្រទេសជាតិ និងការលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ ឲ្យកាន់តែមានភាពចម្រើនរុងរឿងផងដែរ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here